YouVersion Logo
Search Icon

ជនគណនា 9

9
ពិធី​បុណ្យ​ចម្លង*​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ
1 នៅ​ខែ​ទី​មួយ​នៃ​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ដូច​ត​ទៅ៖ 2«ចូរ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នៅ​ថ្ងៃ​ដែល​បាន​កំណត់​ទុក។ 3ចូរ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នេះ​នៅ​ថ្ងៃ​កំណត់​ទុក គឺ​នៅ​ថ្ងៃ​ទី​ដប់‌បួន​កើត​ក្នុង​ខែ​នេះ ក្រោយ​ពេល​ថ្ងៃ​លិច។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ តាម​ច្បាប់ និង​តាម​វិន័យ​ដែល​មាន​ចែង​ទុក» ។
4លោក​ម៉ូសេ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​ពិធី​បុណ្យ​ចម្លង។ 5ពួក​គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ នា​ថ្ងៃ​ទី​ដប់‌បួន​កើត​ក្នុង​ខែ​ទី​មួយ ក្រោយ​ពេល​ថ្ងៃ​លិច។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ 6ពេល​នោះ មាន​អ្នក​ខ្លះ​ត្រូវ​សៅ‌ហ្មង ព្រោះ​បាន​ប៉ះ‌ពាល់​សាក‌សព ហើយ​មិន​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ឡើយ។ នៅ​ថ្ងៃ​ដដែល​នោះ ពួក​គេ​ទៅ​ជួប​លោក​ម៉ូសេ និង​លោក​អើរ៉ុន 7ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​បាន​ប៉ះ‌ពាល់​សាក‌សព។ តើ​យើង​ខ្ញុំ​មាន​សិទ្ធិ​ចូល​រួម​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឬ​ទេ?»។ 8លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​រង់‌ចាំ​ខ្ញុំ​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់​ស្ដី​អំពី​ករណី​របស់​អ្នក​រាល់​គ្នា​សិន»។ 9ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 10«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ឬ​អ្នក​នៅ​ជំនាន់​ក្រោយ ត្រូវ​សៅ‌ហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ គេ​អាច​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​បាន។ 11ប៉ុន្តែ គេ​ត្រូវ​ធ្វើ​បុណ្យ​នេះ​នៅ​ខែ​ពិសាខ ថ្ងៃ​ទី​ដប់‌បួន​កើត ក្រោយ​ពេល​ថ្ងៃ​លិច។ គេ​ត្រូវ​បរិភោគ​សាច់​ចៀម​នៃ​បុណ្យ​ចម្លង​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។ 12 គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ព្រឹក ហើយ​ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ គេ​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង។ 13ប្រសិន​បើ​នរណា​ម្នាក់​មិន​សៅ‌ហ្មង ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង​ទេ អ្នក​នោះ​នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ដ្បិត​គេ​មិន​បាន​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌អម្ចាស់ តាម​ពេល​កំណត់។ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។ 14ប្រសិន​បើ​មាន​ជន​បរ‌ទេស​ណា​ម្នាក់​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ នោះ​គេ​ត្រូវ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង​នេះ ដ្បិត​មាន​ច្បាប់​តែ​មួយ​សម្រាប់​អ្នក​រាល់​គ្នា ទោះ​បី​ជន​បរ‌ទេស​ក្ដី ម្ចាស់​ស្រុក​ក្ដី»។
ពពក​គ្រប​បាំង​លើ​ទីសក្ការៈ
15នៅ​ថ្ងៃ​ដែល​គេ​ដំឡើង​ព្រះ‌ពន្លា នោះ​មាន​ពពក*​មក​គ្រប​បាំង​ព្រះ‌ពន្លា គឺ​ពន្លា​នៃ​សក្ខីភាព។ ពពក​នោះ​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង ស្ថិត​នៅ​ពី​លើ​ព្រះ‌ពន្លា ចាប់​ពី​ល្ងាច​រហូត​ដល់​ព្រឹក។ 16ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ដូច្នេះ រហូត​ត​រៀង​មក ហើយ​នៅ​ពេល​យប់ ពពក​នោះ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ដូច​ភ្លើង។ 17ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ពេល​ណា​ពពក​ឈប់ នោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​បោះ​ជំរំ។ 18ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះអង្គ​ដែរ។ ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​អស់​រយៈ​ពេល​ប៉ុន‌ណា ពួក​គេ​ក៏​បោះ​ជំរំ​អស់​រយៈ​ពេល​ប៉ុណ្ណោះ​ដែរ។ 19ពេល​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​យ៉ាង​យូរ​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ទេ។ 20ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​តែ​ប៉ុន្មាន​ថ្ងៃ នោះ​ពួក​គេ​ត្រូវ​បោះ​ជំរំ និង​រើ​ជំរំ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់21ជួន​កាល ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ពី​ល្ងាច​ដល់​ព្រឹក ហើយ​ពេល​ព្រលឹម ពពក​អណ្ដែត​ឡើង នោះ​ពួក​គេ​ត្រូវ​ចេញ​ដំណើរ។ ជួន​កាល​ពពក​ស្ថិត​នៅ​មួយ​ថ្ងៃ​មួយ​យប់ ពេល​ពពក​អណ្ដែត​ឡើង ពួក​គេ​ក៏​ត្រូវ​ចេញ​ដំណើរ​ដែរ។ 22ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា​ចំនួន​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​មួយ​ឆ្នាំ ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​តែ​បោះ​ជំរំ​នៅ​ទី​នោះ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ឡើយ។ ពេល​ណា​ពពក​អណ្ដែត​ឡើង ទើប​ពួក​គេ​ចេញ​ដំណើរ។ 23ពួក​គេ​នាំ​គ្នា​បោះ​ជំរំ​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​ចេញ​ដំណើរ​តាម​បញ្ជា​របស់​ព្រះអង្គ​ដែរ។ ពួក​គេ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បង្គាប់​មក​លោក​ម៉ូសេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in