YouVersion Logo
Search Icon

ជនគណនា 3

3
ការ​ជំរឿន​កុល‌សម្ព័ន្ធ​លេវី
1នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អើរ៉ុន និង​លោក​ម៉ូសេ នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ។
2 កូន​របស់​លោក​អើរ៉ុន​មាន​រាយ​នាម​ដូច​ត​ទៅ: ណាដាប់ ជា​កូន​ច្បង អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។ 3នេះ​ជា​ឈ្មោះ​កូន​ប្រុស​របស់​លោក​អើរ៉ុន ដែល​បាន​ទទួល​ការ​តែង‌តាំង​ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។ 4 លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ ។ លោក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ក្រោម​បន្ទុក​របស់​លោក​អើរ៉ុន ជា​ឪពុក។
5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 6«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​ចូល​មក ហើយ​ឲ្យ​ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​បូជា‌ចារ្យ​អើរ៉ុន ដើម្បី​ជួយ​បំពេញ​ការ‌ងារ​គាត់។ 7ពួក​គេ​មាន​ភារ‌កិច្ច​បំពេញ​មុខងារ​បម្រើ​អើរ៉ុន និង​បម្រើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​បម្រើ​កិច្ចការ​នៅ​ក្នុង​ព្រះ‌ពន្លា។ 8ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បំពេញ​មុខងារ​នៅ​ក្នុង​ព្រះ‌ពន្លា។ 9ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​អើរ៉ុន។ 10ចូរ​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទីសក្ការៈ​នេះ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។
11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 12 «យើង​បាន​យក​ពួក​លេវី​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​លេវី​ជា​ចំណែក​ដែល​យើង​ញែក​ទុក​សម្រាប់​យើង ជំនួស​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល 13ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​ចំណែក​របស់​យើង។ នៅ​ថ្ងៃ​យើង​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប យើង​បាន​ញែក​កូន​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង គឺ​កូន​ច្បង​របស់​មនុស្ស និង​កូន​ដំបូង​របស់​សត្វ ជា​ចំណែក​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់»។
14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ថា៖ 15«ចូរ​ជំរឿន​កូន​ចៅ​លេវី តាម​គ្រួសារ តាម​អំបូរ​របស់​ពួក​គេ ដោយ​រាប់​ចំនួន​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ចាប់​ពី​មួយ​ខែ​ឡើង​ទៅ»។
16លោក​ម៉ូសេ​ក៏​រាប់​ចំនួន​ពួក​គេ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ 17កូន​ប្រុស​របស់​លោក​លេវី​មាន​នាម​ដូច​ត​ទៅ: គើសូន កេហាត់ និង​ម៉្រារី។ 18កូន​របស់​លោក​គើសូន​មាន​លីបនី និង​ស៊ី‌ម៉ៃ ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ 19កូន​របស់​លោក​កេហាត់ មាន​អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូ‌ស៊ាល ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ 20កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។
21លោក​គើសូន​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​គើសូន ដែល​ចែក​ចេញ​ជា​ត្រកូល​លីបនី និង​ត្រកូល​ស៊ី‌ម៉ៃ។ 22នៅ​ពេល​ជំរឿន​ប្រជា‌ជន ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៧ ៥០០ នាក់។ 23អំបូរ​គើសូន​បោះ​ជំរំ​នៅ​ខាង​ក្រោយ​ព្រះ‌ពន្លា គឺ​នៅ​ទិស​ខាង​លិច។ 24មេ​ដឹក​នាំ​ក្រុម​គ្រួសារ​គើសូន គឺ​លោក​អេលា‌សាប់ ជា​កូន​របស់​លោក​ឡាអែល។ 25នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ កូន​ចៅ​គើសូន​ទទួល​បន្ទុក​ផ្នែក​ខាង​ព្រះ‌ពន្លា និង​ពន្លា​ព្រម​ទាំង​ក្រណាត់​បាំង​ពី​លើ វាំងនន​ច្រក​ចូល​ពន្លា​ជួប​ព្រះ‌អម្ចាស់ 26ដំបូល​ទី‌លាន វាំងនន​ច្រក​ចូល​ទី‌លាន​ដែល​ស្ថិត​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ខ្សែ​ចង​ពន្លា​ទាំង​អស់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ​ទាំ​របស់​ទាំង​នោះ។
27លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូ‌ស៊ាល។ 28ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៨ ៦០០ នាក់។ ពួក​គេ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ទីសក្ការៈ។ 29អំបូរ​នានា​របស់​កូន​ចៅ​កេហាត់​បោះ​ជំរំ​នៅ​ខាង​ត្បូង​ព្រះ‌ពន្លា។ 30មេ​ដឹក​នាំ​ក្រុម​គ្រួសារ​កេហាត់ គឺ​លោក​អេលី‌សាផាន ជា​កូន​របស់​លោក​អ៊ូ‌ស៊ាល។ 31កូន​ចៅ​កេហាត់​ទទួល​បន្ទុក​ផ្នែក​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី តុ​សក្ការៈ ជើង​ចង្កៀង អាសនៈ គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ វាំងនន​ខាង​ក្នុង និង​របស់​ឯ​ទៀតៗ​ដែល​ស្ថិត​នៅ​ក្នុង​ទីសក្ការៈ។
32មេ​ដឹក​នាំ​កំពូល​របស់​កូន​ចៅ​លេវី គឺ​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន។ លោក​មើល​ខុស​ត្រូវ​លើ​អស់​អ្នក​ដែល​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។
33លោក​ម៉្រារី​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​ម៉្រារី ដែល​ចែក​ចេញ​ជា​ត្រកូល​ម៉ាស់‌លី និង​ត្រកូល​ម៉ូស៊ី។ 34ចំនួន​របស់​ពួក​គេ រាប់​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ មាន​ទាំង​អស់ ៦ ២០០ នាក់។ 35មេ​ដឹក​នាំ​ក្រុម​គ្រួសារ​នៃ​អំបូរ​ម៉្រារី គឺ​លោក​ស៊ូរី‌អែល ជា​កូន​របស់​លោក​អប៊ី‌ហែល។ ពួក​គេ​បោះ​ជំរំ​នៅ​ខាង​ជើង​ព្រះ‌ពន្លា។ 36កូន​ចៅ​ម៉្រារី​ទទួល​បន្ទុក​ផ្នែក​ខាង​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ ជើង​សសរ ព្រម​ទាំង​បរិក្ខារ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​គ្រឿង​ទាំង​នោះ។ 37ពួក​គេ​ក៏​ទទួល​បន្ទុក​ផ្នែក​ខាង​សសរ​របស់​ទី‌លាន​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ជើង​សសរ ចម្រឹង និង​ខ្សែ​សន្ធឹង​ដែរ។
38លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក បោះ​ជំរំ​នៅ​ទិស​ខាង​កើត គឺ​ខាង​មុខ​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ពួក​លោក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ‌ងារ​ក្នុង​ទីសក្ការៈ តាង​នាម​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល អ្នក​ឯ​ទៀតៗ​ចូល​មក​ជិត​ទីសក្ការៈ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។
39ចំនួន​ក្រុម​លេវី​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​លោក​ម៉ូសេ និង​លោក​អើរ៉ុន រាប់​តាម​អំបូរ​របស់​ពួក​គេ ដោយ​គិត​ប្រុសៗ​ដែល​មាន​អាយុ​ពី​មួយ​ខែ​ឡើង​ទៅ សរុប​ទាំង​អស់​មាន ២២ ០០០ នាក់។
ការ​លោះ​កូន​ច្បង
40 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ជំរឿន​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ។ ចូរ​កត់‌ត្រា​ទុក​ក្នុង​បញ្ជី តាម​ឈ្មោះ​របស់​គេ​រៀងៗ​ខ្លួន។ 41ចូរ​ញែក​ពួក​លេវី​ទុក​ដោយ​ឡែក​សម្រាប់​យើង ជា​ព្រះ‌អម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ក៏​ញែក​ហ្វូង​សត្វ​របស់​ពួក​លេវី ជំនួស​កូន​ដំបូង​ទាំង​អស់​នៃ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ»។ 42លោក​ម៉ូសេ​ជំរឿន​ចំនួន​កូន​ច្បង​ទាំង​អស់​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ 43កូន​ប្រុស​ច្បង​ទាំង​អស់​ដែល​គេ​រាប់​តាម​ឈ្មោះ ដោយ​គិត​ចាប់​តាំង​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ ឃើញ​មាន​ចំនួន ២២ ២៧៣​នាក់។
44 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ 45«ចូរ​ញែក​ពួក​លេវី​ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់ ជំនួស​កូន​ប្រុស​ច្បង​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ហ្វូង​សត្វ​របស់​ពួក​លេវី​ក៏​ជំនួស​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ពួក​លេវី​ជា​កម្មសិទ្ធិ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់46ដើម្បី​លោះ​ចំនួន​ពួក​លេវី​ដែល​លើស​២៧៣​នាក់​នោះ 47ត្រូវ​ថ្លឹង​ប្រាក់​ប្រាំ​ណែន​សម្រាប់​លោះ​មនុស្ស​ម្នាក់ ដោយ​ប្រើ​ទម្ងន់​ប្រាក់​ណែន​របស់​ទីសក្ការៈ​ពោល​គឺ​ម្ភៃ​កេរ៉ា*។ 48ចូរ​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី​ឲ្យ​អើរ៉ុន និង​កូន​ចៅ​របស់​គាត់»។ 49លោក​ម៉ូសេ​ក៏​យក​ប្រាក់​ជា​ថ្នូរ​លោះ​កូន​ច្បង ដែល​លើស​ពី​ចំនួន​ពួក​លេវី 50គឺ​លោក​យក​ប្រាក់​ពី​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ចំនួន​ទាំង​អស់ ១ ៣៦៥​ណែន គិត​តាម​ទម្ងន់​របស់​ទីសក្ការៈ។ 51លោក​ប្រគល់​ប្រាក់​ជា​ថ្នូរ​លោះ​ទាំង​នោះ​ជូន​លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in