ម៉ាកុស 9
9
1ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យរបស់ព្រះជាម្ចាស់មកដល់ ប្រកបដោយឫទ្ធានុភាព»។
សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាថាយ ១៧.១-១៣ លូកា ៩.២៨-៣៦)
2 #
២ពត្រ. ១.១៧-១៨
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្ស*ទាំងបីនាក់ 3គឺព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ 4ពេលនោះ សិស្សទាំងបីនាក់ឃើញព្យាការី*អេលីយ៉ា និងលោកម៉ូសេ* សន្ទនាជាមួយព្រះយេស៊ូ។ 5លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលីយ៉ា»។ 6លោកពេត្រុសមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ 7#មថ. ៣.១៧; មក. ១.១១; លក. ៣.២២ពេលនោះ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់ព្រះអង្គចុះ!»។ 8រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។
9ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សទាំងបី ព្រះអង្គហាមប្រាមគេមិនឲ្យនិយាយអំពីហេតុការណ៍ ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សរស់ឡើងវិញ។ 10អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ“រស់ឡើងវិញ” មានន័យដូចម្ដេច?»។ 11#មគ. ៤.៥; មថ. ១១.១៤បន្ទាប់មក គេទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យចេះតែនិយាយថា ព្យាការីអេលីយ៉ាត្រូវអញ្ជើញមកមុន?»។ 12ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្យាការីអេលីយ៉ាអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្តែ ហេតុអ្វីបានជាមានចែងទុកក្នុងគម្ពីរថា បុត្រមនុស្សត្រូវរងទុក្ខលំបាកជាច្រើន ព្រមទាំងត្រូវគេមើលងាយផងដូច្នេះ? 13ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីយ៉ាបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបលោកសព្វបែបយ៉ាងតាមអំពើចិត្តរបស់គេ ដូចមានចែងទុកក្នុងគម្ពីរអំពីលោកស្រាប់»។
ព្រះយេស៊ូដេញវិញ្ញាណអាក្រក់ចេញពីក្មេងម្នាក់
(ម៉ាថាយ ១៧.១៤-២១ លូកា ៩.៣៧-៤៣)
14ព្រះយេស៊ូ និងអ្នកទាំងបី បានមកជួបសិស្សឯទៀតៗ ព្រះអង្គទតឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកអាចារ្យ*ជជែកជាមួយគេផង។ 15កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ 16ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ 17ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ 18នៅទីណាក៏ដោយ ពេលវិញ្ញាណអាក្រក់ចូលម្ដងៗ វាផ្ដួលកូនខ្ញុំប្របាទលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំប្របាទបានសុំសិស្សរបស់លោកឲ្យដេញវិញ្ញាណអាក្រក់នេះដែរ ប៉ុន្តែ គេពុំអាចដេញវាចេញបានសោះ»។ 19ព្រះយេស៊ូមានព្រះបន្ទូលទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ 20គេក៏នាំវាចូលមកជិតព្រះយេស៊ូ។ កាលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ 21ព្រះយេស៊ូសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះតាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ 22វិញ្ញាណអាក្រក់ធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ 23ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើលោកអាចជួយបាន” ដូច្នេះ? ព្រះជាម្ចាស់អាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ 24ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំប្របាទជឿហើយ! សូមមេត្តាជួយឲ្យខ្ញុំប្របាទ ដែលជាអ្នកមិនជឿនេះផង!»។ 25ពេលនោះ ព្រះយេស៊ូទតឃើញបណ្ដាជនរត់មក ព្រះអង្គក៏គំរាមវិញ្ញាណអាក្រក់ដោយបញ្ជាថា៖ «នែ៎វិញ្ញាណគថ្លង់! យើងសុំប្រាប់ថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ 26វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ 27រីឯព្រះយេស៊ូវិញ ព្រះអង្គចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។
28កាលព្រះយេស៊ូយាងចូលទៅក្នុងផ្ទះ ពួកសិស្ស*ទូលសួរព្រះអង្គ ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញវិញ្ញាណអាក្រក់នេះចេញបាន?»។ 29ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គេអាចដេញវិញ្ញាណប្រភេទនេះបាន លុះត្រាតែអធិស្ឋាន*»។
ព្រះយេស៊ូប្រកាសសាជាថ្មីអំពីព្រះអង្គត្រូវសោយទិវង្គត
(ម៉ាថាយ ១៧.២២-២៣ លូកា ៩.៤៣-៤៥)
30ព្រះយេស៊ូយាងចាកចេញពីទីនោះជាមួយពួកសិស្ស* កាត់តាមស្រុកកាលីឡេ។ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាដឹងឡើយ។ 31ព្រះអង្គបង្រៀនពួកសិស្សឲ្យដឹងថា បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងធ្វើគុតព្រះអង្គ ប៉ុន្តែ បីថ្ងៃក្រោយពីគេធ្វើគុត ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។ 32ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះឡើយ តែគេមិនហ៊ានទូលសួរព្រះអង្គទេ។
អ្នកដែលធំជាងគេ
(ម៉ាថាយ ១៨.១-៥; លូកា ៩.៤៦-៤៨)
33ព្រះយេស៊ូ និងពួកសិស្ស* ធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលព្រះអង្គគង់នៅក្នុងផ្ទះ ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ 34#លក. ២២.២៤ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ 35#មថ. ២០.២៦-២៧, ២៣.១១; មក. ១០.៤៣-៤៤; លក. ២២.២៦ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ#៩.៣៥ ឃ្លាដើមៈ អ្នកណាចង់នៅខាងមុខអ្នកនោះត្រូវដាក់ខ្លួននៅខាងក្រោយបង្អស់(ដូចនៅម៉ាកុស ១០.៣១ដែរ)។ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ 36បន្ទាប់មក ព្រះអង្គយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសិស្ស។ ព្រះអង្គឱបក្មេងនោះ រួចមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ 37#មថ. ១០.៤០; លក. ១០.១៦; យហ. ១៣.២០«អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
អ្នកណាមិនជំទាស់យើង អ្នកនោះជាពួកយើង
(លូកា ៩.៤៩-៥០)
38លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ 39ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជានិយាយអាក្រក់អំពីខ្ញុំភ្លាមនោះឡើយ 40#មថ. ១២.៣០; លក. ១១.២៣ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ 41#មថ. ១០.៤២ម្យ៉ាងទៀត បើអ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់ព្រះគ្រិស្ត* ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
កុំនាំអ្នកដទៃឲ្យប្រព្រឹត្តអំពើបាប
(ម៉ាថាយ ១៨.៦-៩; លូកា ១៧.១-២)
42«អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឲ្យគាត់នៅរស់។ 43#មថ. ៥.៣០ប្រសិនបើដៃនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរក ដែលមានភ្លើងមិនចេះរលត់ [44ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ 45ប្រសិនបើជើងនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរក [46ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ 47#មថ. ៥.២៩ប្រសិនបើភ្នែកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់មានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរក 48#អស. ៦៦.២៤ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ 49ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ 50#មថ. ៥.១៣; លក. ១៤.៣៤-៣៥អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងឲ្យវាប្រៃឡើងវិញបាន? 51ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្តទៅ»។
Currently Selected:
ម៉ាកុស 9: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.