YouVersion Logo
Search Icon

ម៉ាកុស 11

11
ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​យេរូ‌សាឡឹម
(មថ.២១.១-១១ លក.១៩.២៨-៤០ យហ.១២.១២-១៩)
1ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេតផា‌សេ និង​ភូមិ​បេតថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ 2«ចូរ​ទៅ​ភូមិ​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក ពុំ​ទាន់​ដែល​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។ 3ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។
4សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ ហើយ​ក៏​ស្រាយ​វា។ 5មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​កូន​លា​នេះ?»។ 6សិស្ស​ទាំង​ពីរ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូ​បាន​បង្គាប់​មក គេ​ក៏​ឲ្យ​ដឹក​ចេញ​ទៅ។ 7សិស្ស​ទាំង​ពីរ​ដឹក​វា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​យក​អាវ​របស់​ខ្លួន​ក្រាល​ពី​លើ​ខ្នង​កូន​លា ព្រះអង្គ​ក៏​ឡើង​គង់​លើ​ខ្នង​កូន​លា​នោះ។ 8មាន​មនុស្ស‌ម្នា​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​យក​ស្លឹក​ឈើ​ពី​ចម្ការ​មក​រាយ​លើ​ផ្លូវ​ដែរ។ 9 អស់​អ្នក​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ 10សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌រាជ្យ*​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។
11កាល​ព្រះ‌យេស៊ូ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ក៏​យាង​ចូល​ក្នុង​ព្រះ‌វិហារ*។ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ ព្រះអង្គ​យាង​ទៅ​ភូមិ​បេតថា‌នី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប ដ្បិត​ល្ងាច​ណាស់​ហើយ។
ដើម​ឧទុម្ពរ​ត្រូវ​បណ្ដា‌សា
(ម៉ាថាយ ២១.១៨-១៩)
12នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេតថា‌នី ពេល​នោះ ព្រះអង្គ​ឃ្លាន។ 13ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ*​មួយ​ដើម​ពី​ចម្ងាយ មាន​ស្លឹក​ខៀវ​ខ្ចី ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត ព្រះអង្គ​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ដ្បិត​ពុំ​ទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។ 14ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ គ្មាន​នរណា​បរិ‌ភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស*​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។
ព្រះ‌យេស៊ូ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះ‌វិហារ
(មថ.២១.១២-១៧ លក.១៩.៤៥-៤៨ យហ.២.១៣-២២)
15ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស ព្រះអង្គ​យាង​ចូល​ក្នុង​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ។ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ប្ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ 16ព្រះអង្គ​មិន​ឲ្យ​នរណា​លី​សែង​អីវ៉ាន់​កាត់​ទីធ្លា​ព្រះ‌វិហារ*​ឡើយ។ 17 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា:
ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់
សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​អធិស្ឋាន*
តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ»។
18កាល​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ*​ដឹង​រឿង​នេះ គេ​នាំ​គ្នា​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ប៉ុន្តែ គេ​ខ្លាច​ព្រះអង្គ ដ្បិត​បណ្ដា‌ជន​ទាំង​មូល​ចាប់​អារម្មណ៍​នឹង​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន​ណាស់។ 19លុះ​ដល់​ល្ងាច ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទីក្រុង​ជា​មួយ​ពួក​សិស្ស។
ដើម​ឧទុម្ពរ​ងាប់
(ម៉ាថាយ ២១.២០-២២)
20ព្រឹក​ឡើង ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ពួក​សិស្ស​ឃើញ​ដើម​ឧទុម្ពរ*​ក្រៀម​ស្វិត​រហូត​ដល់​ឫស។ 21លោក​ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌គ្រូ! សូម​មើល! ដើម​ឧទុម្ពរ​ដែល​ព្រះ‌គ្រូ​បាន​ដាក់​បណ្ដា‌សា​នោះ ក្រៀម​ស្វិត​ទៅ​ហើយ!»។ 22ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស*​ថា៖ «ចូរ​មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់​ចុះ!។ 23 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​ណា​ម្នាក់​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា “ចូរ​ចេញ​ពី​ទី​នេះ​ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” ហើយ​បើ​អ្នក​នោះ​ជឿ​ជាក់​ក្នុង​ចិត្ត ដោយ​ឥត​សង្ស័យ​ថា​ពាក្យ​របស់​ខ្លួន​នឹង​បាន​សម្រេច នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​គេ​មែន។ 24ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ ចូរ​ជឿ​ថា​អ្នក​រាល់​គ្នា​បាន​ទទួល​ហើយ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន។ 25 ម្យ៉ាង​ទៀត ពេល​ឈរ​អធិស្ឋាន បើ​អ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់ ចូរ​អត់‌ទោស​ឲ្យ​គេ​ទៅ ដើម្បី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា»។ [26ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​គេ​ទេ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។]
អំណាច​របស់​ព្រះ‌យេស៊ូ
(ម៉ាថាយ ២១.២៣-២៧ លូកា ២០.១-៨)
27ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស*​ម្ដង​ទៀត។ កាល​ព្រះអង្គ​កំពុង​តែ​យាង​ចុះ​យាង​ឡើង​ក្នុង​ព្រះ‌វិហារ* ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ នាំ​គ្នា​មក​ជួប​ព្រះអង្គ។ 28គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? តើ​នរណា​ប្រគល់​អំណាច​ឲ្យ​លោក​ធ្វើ​ការ​ទាំង​នេះ?»។ 29ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​អស់​លោក​នូវ​សំណួរ​មួយ បើ​អស់​លោក​ឆ្លើយ​មក​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី។ 30សូម​ឆ្លើយ​ប្រាប់​ខ្ញុំ​មើល៍ តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។ 31គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក គាត់​មុខ​ជា​សួរ​យើង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន? 32ផ្ទុយ​ទៅ​វិញ បើ​យើង​ឆ្លើយ​ថា​មនុស្ស​ចាត់​លោក​ឲ្យ​មក…» (ពួក​គេ​ខ្លាច​ប្រជា‌ជន ព្រោះ​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី​ពិត​ប្រាកដ​មែន)។ 33ដូច្នេះ គេ​ឆ្លើយ​ទៅ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in