ម៉ាថាយ 18
18
អ្នកធំជាងគេ
(ម៉ាកុស ៩.៣៣-៣៧ លូកា ៩.៤៦-៤៨)
1 ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*?»។ 2ព្រះអង្គហៅក្មេងតូចម្នាក់ឲ្យមកឈរនៅកណ្ដាលចំណោមពួកសិស្ស 3 រួចមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឲ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ*ឡើយ។ 4អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ 5អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។
កុំនាំអ្នកដទៃប្រព្រឹត្តអំពើបាប
(ម៉ាកុស ៩.៤២-៤៨ លូកា ១៧.១-២)
6«អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់!។ 7មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើននាំឲ្យគេប្រព្រឹត្តអំពើបាប។ ហេតុផ្សេងៗដែលនាំឲ្យគេប្រព្រឹត្តអំពើបាបនោះត្រូវតែមាន ចៀសមិនផុត ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ!។
8 ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរកាត់វាបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ 9 ប្រសិនបើភ្នែករបស់អ្នកនាំអ្នកឲ្យប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
10ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវតា*របស់ពួកគេស្ថិតនៅឯស្ថានបរមសុខ* ទាំងឃើញព្រះភ័ក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង 11[ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់]»។
ប្រស្នាអំពីចៀមដែលវង្វេងបាត់ ហើយរកឃើញវិញ
(លូកា ១៥.៤-៧)
12«តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់? គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ 13ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ 14រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ*ក៏ដូច្នោះដែរ ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះវិនាសបាត់បង់ឡើយ»។
ត្រូវអត់ទោសឲ្យគេជានិច្ច
15 «ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឲ្យបាត់ឡើយ 16 តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿន ដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់។ 17ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធ*ចុះ។ 18 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹងស្រាយ នៅស្ថានបរមសុខដែរ។ 19ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នា ទូលសូមអ្វីក៏ដោយ ក៏ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខនឹងប្រទានឲ្យជាមិនខាន 20ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
21 ពេលនោះ លោកពេត្រុសចូលមកជិតព្រះយេស៊ូ ហើយទូលថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ 22 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង »។
ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឲ្យគេ
23«ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ 24ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែន មក។ 25ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ 26អ្នកបម្រើនោះលុតជង្គង់ក្រាបទៀបព្រះបាទាស្ដេច ទូលអង្វរថា: “សូមព្រះរាជាមេត្តាអត់ឱន ពន្យារពេលឲ្យទូលបង្គំផង ទូលបង្គំនឹងសងព្រះអង្គវិញគ្រប់ចំនួន”។ 27ព្រះរាជាមានព្រះហឫទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
28ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង* គាត់ចាប់អ្នកនោះច្របាច់-ក ទាំងពោលថា: “សងប្រាក់អញទាំងអស់មក!”។ 29គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះ អង្វរថា “សុំអត់ឱនពន្យារពេលឲ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ 30ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ 31អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង គេយករឿងនេះទៅទូលស្ដេច។ 32ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថា: “នែអ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ 33យើងបានអាណិតមេត្តាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្តាគូកនរបស់ឯងផងដូច្នេះ?”។ 34ស្ដេចទ្រង់ខ្ញាល់ក្រៃលែង ក៏បញ្ជាឲ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ 35ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឲ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំ ដែលគង់នៅស្ថានបរមសុខ ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។
Currently Selected:
ម៉ាថាយ 18: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.