YouVersion Logo
Search Icon

ម៉ាថាយ 14

14
ស្ដេច​ហេរ៉ូដ​សម្លាប់​លោក​យ៉ូហាន‌បាទីស្ដ
(ម៉ាកុស ៦.១៤-២៩ លូកា ៩.៧-៩)
1នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* បាន​ជ្រាប​អំពី​ព្រះ‌កិត្តិនាម​របស់​ព្រះ‌យេស៊ូ 2ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​បរិពារ​ថា៖ «យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​ឫទ្ធា‌នុភាព សម្តែង​ការ​អស្ចារ្យ​យ៉ាង​នេះ»។
3 ព្រះ‌បាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្ដេច​ជឿ​តាម​ពាក្យ​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព​ជា​អនុជ* 4 ព្រោះ​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។ 5ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ស្ដេច​ខ្លាច​បណ្ដា‌ជន ព្រោះ​ពួក​គេ​ចាត់​ទុក​លោក​ជា​ព្យាការី*​មួយ​រូប។
6នៅ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង 7រហូត​ដល់​ស្បថ‌ស្បែ​សន្យា​នឹង​នាង​ថា បើ​នាង​ចង់​បាន​អ្វី ស្ដេច​ប្រទាន​ឲ្យ​ទាំង​អស់។ 8នាង​ទូល​ទៅ​ស្ដេច​វិញ តាម​ពាក្យ​បង្គាប់​របស់​មាតា​ថា៖ «សូម​ព្រះករុណា​ប្រទាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់!»។
9ព្រះ‌រាជា​ព្រួយ​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ព្រោះ​ស្ដេច​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​ជ្រុល​ហួស​ទៅ​ហើយ។ ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សុំ​របស់​នាង 10គឺ​ចាត់​ទាហាន​ឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាន 11យក​ក្បាល​ដាក់​លើ​ថាស​មួយ​ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។
12ពួក​សិស្ស​របស់​លោក​យ៉ូហាន​មក​យក​សព​លោក​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះ‌យេស៊ូ។
ព្រះ‌យេស៊ូ​ប្រទាន​នំប៉័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភោគ
(ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៤)
13កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ព្រះអង្គ​ក៏​យាង​ចុះ​ទូក ចាក​ចេញ​ជា​មួយ​ពួក​សិស្ស* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះអង្គ។ 14កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​គេ​ពន់​ពេក​ណាស់ ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។
15ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។ 16ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សិស្ស​ថា៖ «មិន​បាច់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។
17សិស្ស​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំប៉័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។ 18ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំប៉័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ 19បន្ទាប់​មក ព្រះអង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​លើ​ស្មៅ ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន​បរិភោគ។ 20អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ពួក​សិស្ស​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ 21អស់​អ្នក​ដែល​បាន​បរិភោគ​នំប៉័ង មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំ‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។
ព្រះ‌យេស៊ូ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាកុស ៦.៤៥-៥២ យ៉ូហាន ៦.១៥-២១)
22រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សិស្ស*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រាប់​មហា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ដែរ។ 23កាល​ព្រះអង្គ​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន*។ លុះ​ដល់​យប់ ព្រះអង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​អង្គ​ឯង។
24ពេល​នោះ ទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ហើយ ក៏​ត្រូវ​រលក​បក់​បោក ព្រោះ​បញ្ច្រាស​ខ្យល់។ 25ដល់​ពេល​ជិត​ភ្លឺ ព្រះអង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សិស្ស។ 26កាល​ពួក​គេ​ឃើញ​ព្រះអង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។ 27រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ 28លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ 29ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​ពេត្រុស​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។ 30ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។ 31ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។ 32បន្ទាប់​មក ព្រះអង្គ និង​លោក​ពេត្រុស​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។ 33អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ទាំង​ពោល​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។
34ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង ត្រង់​ស្រុក​គេនេ‌សារ៉ែត។ 35អ្នក​ស្រុក​នោះ​ស្គាល់​ព្រះអង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះអង្គ 36អង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់ ក៏​ជា​សះ‌ស្បើយ គ្រប់ៗ​គ្នា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in