ម៉ាថាយ 1
1
បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
(លូកា ៣.២៣-៣៨)
1នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ត* ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ*។
2លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ 3លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម 4លោកអើរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន 5លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ 6 លោកអ៊ីសាយបង្កើតស្ដេចដាវីឌ។
ស្ដេចដាវីឌ និងភរិយារបស់លោកអ៊ូរីបង្កើតស្ដេចសាឡូម៉ូន 7ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា 8ស្ដេចអេសាបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាម បង្កើតស្ដេចអូសៀស 9ស្ដេចអូសៀសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអេហាស ស្ដេចអេហាសបង្កើតស្ដេចហេសេគា 10ស្ដេចហេសេគាបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអាំម៉ូន ស្ដេចអាំម៉ូនបង្កើតស្ដេចយ៉ូសៀស 11ស្ដេចយ៉ូសៀសបង្កើតស្ដេចយេកូនាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
12ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូនាសបង្កើតលោកសាលធាល លោកសាលធាលបង្កើតលោកសូរ៉ូបាបិល 13លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលាគីម លោកអេលាគីមបង្កើតលោកអេសូរ 14លោកអេសូរបង្កើតលោកសាដុក លោកសាដុកបង្កើតលោកអេគីម លោកអេគីមបង្កើតលោកអេលីយូដ 15លោកអេលីយូដបង្កើតលោកអេឡាសារ លោកអេឡាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតលោកយ៉ាកុប 16លោកយ៉ាកុបបង្កើតលោកយ៉ូសែប ជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូហៅថាព្រះគ្រិស្ត*។
17ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មកទល់ព្រះគ្រិស្ត ក៏មានដប់បួនតំណដែរ។
កំណើតព្រះយេស៊ូគ្រិស្ត
(លូកា ២.១-៧)
18 នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រិស្ត។ នាងម៉ារី មាតារបស់ព្រះអង្គ ត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ 19លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថានឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។ 20ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវតា*របស់ព្រះអម្ចាស់មកប្រាប់លោក ក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។ 21 នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឲ្យរួចពីបាបរបស់គេ»។
22ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល តាមរយៈព្យាការី*ថា៖
23 «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ
ព្រះនាមថា “អេម៉ាញូអែល”»
ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
24លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា 25 ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រ ដែលលោកថ្វាយព្រះនាមថា “យេស៊ូ”។
Currently Selected:
ម៉ាថាយ 1: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.