លូកា 3
3
លោកយ៉ូហានបាទីស្ដប្រៀនប្រដៅបណ្ដាជន
(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ យ៉ូហាន ១.១៩-២៨)
1នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាណាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន 2លោកអាណ និងលោកកៃផាធ្វើជាមហាបូជាចារ្យ*។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន*។ 3លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឲ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក* ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។ 4 លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយ ថា៖
«មានសំឡេងបុរសម្នាក់ស្រែកឡើង
នៅវាលរហោស្ថានថា:
ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។
5 ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ
និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប
ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់
ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ
6 នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ
របស់ព្រះជាម្ចាស់»។
7 លោកយ៉ូហានតែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹក*ពីលោកថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់ឲ្យអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ? 8 ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថាមានលោកអប្រាហាំជាបុព្វបុរស*នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។ 9 ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ 10មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ 11លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។ 12 មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក* ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ 13លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកម្រិត ដែលមានកំណត់ទុកនោះឡើយ»។ 14មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
15ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ត*!។ 16លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ 17លោកកាន់ចង្អេរ លោកសម្អាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្ដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ 18លោកយ៉ូហានប្រកាសដំណឹងល្អ*ដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ 19 លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះស្ដេចបានយកព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់អនុជ*ព្រះអង្គ មកធ្វើជាមហេសីរបស់ព្រះអង្គផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះស្ដេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ 20ស្ដេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
(មថ ៣.១៣-១៧; មក ១.៩-១១; យហ ១.៣២-៣៤)
21ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន* ស្រាប់តែផ្ទៃមេឃបើកចំហ 22 ហើយព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់» ។
បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
(ម៉ាថាយ ១.១-១៧)
23កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មាន ព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកហេលី 24លោកហេលីជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប 25លោកយ៉ូសែបជាបុត្រលោកម៉ាតាធាស លោកម៉ាតាធាសជាបុត្រលោកហាម៉ូស លោកហាម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកអែសលី លោកអែសលីជាបុត្រលោកណាកាយ 26លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាតាធាល លោកម៉ាតាធាលជាបុត្រលោកសេម៉ី លោកសេម៉ីជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយូដា 27លោកយូដាជាបុត្រលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាបុត្រលោកសាលធាល លោកសាលធាលជាបុត្រលោកនេរី 28លោកនេរីជាបុត្រលោកម៉ិលគី លោកម៉ិលគីជាបុត្រលោកអ័តឌី លោកអ័តឌីជាបុត្រលោកកូសាម លោកកូសាមជាបុត្រលោកអែលម៉ូដាម លោកអែលម៉ូដាមជាបុត្រលោកអ៊ើរ 29លោកអ៊ើរជាបុត្រលោកយ៉ូស្វេ លោកយ៉ូស្វេជាបុត្រលោកអេលាស៊ើរ លោកអេលាស៊ើរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាបុត្រលោកលេវី 30លោកលេវីជាបុត្រលោកស៊ីម្មាន លោកស៊ីម្មានជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាន លោកយ៉ូណានជាបុត្រលោកអេលាគីម 31លោកអេលាគីមជាបុត្រលោកមេលាស លោកមេលាសជាបុត្រលោកម៉ៃណាន លោកម៉ៃណានជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ 32ស្ដេចដាវីឌជាបុត្រលោកអ៊ីសាយ លោកអ៊ីសាយជាបុត្រលោកអូបេដ លោកអូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាលម៉ូន លោកសាលម៉ូនជាបុត្រលោកណាសូន 33លោកណាសូនជាបុត្រលោកអមីណាដាប់ លោកអមីណាដាប់ជាបុត្រលោកអើរ៉ាម លោកអើរ៉ាមជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកពេរេស លោកពេរេសជាបុត្រលោកយូដា 34លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកថេរ៉ា លោកថេរ៉ាជាបុត្រលោកណាឃរ 35លោកណាឃរជាបុត្រលោកសេរូក លោកសេរូកជាបុត្រលោករេហ៊ូវ លោករេហ៊ូវជាបុត្រលោកផាលេក លោកផាលេកជាបុត្រលោកហេប៊ើរ លោកហេប៊ើរជាបុត្រលោកសេឡា 36លោកសេឡាជាបុត្រលោកកៃណាន លោកកៃណានជាបុត្រលោកអើប៉ាកសាដ លោកអើប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក 37លោកឡាម៉េកជាបុត្រលោកមធូសាឡា លោកមធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េឌ លោកយ៉ារ៉េឌជាបុត្រលោកម៉ាលេលាល លោកម៉ាលេលាលជាបុត្រលោកកៃណាន 38លោកកៃណានជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។
Currently Selected:
លូកា 3: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
Free Reading Plans and Devotionals related to លូកា 3

Faith & Love: A One Year Bible Reading Plan - Part 8

BibleProject | Jesus & The Jesus Movement

The JESUS Film 24 Day Challenge
