YouVersion Logo
Search Icon

លូកា 13

13
ត្រូវ​កែ​ប្រែ​ចិត្ត​គំនិត
1ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់​នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។ 2ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​មាន​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀតៗ​ឬ បាន​ជា​គេ​ស្លាប់​របៀប​នេះ? 3ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច​គេ​មិន​ខាន។ 4ចុះ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា អ្នក​ទាំង​នោះ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ក្រុង​យេរូ‌សាឡឹម​ឯ​ទៀតៗ​ឬ? 5ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្តរាយ​ដូច្នោះ​ដែរ»។
ប្រស្នា​ស្ដី​អំពី​ឧទុម្ពរ​គ្មាន​ផ្លែ
6បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «មាន​ឧទុម្ពរ*​មួយ​ដើម​ដុះ​ក្នុង​ចម្ការ​បុរស​ម្នាក់។ ម្ចាស់​ចម្ការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ 7គាត់​ក៏​ប្រាប់​អ្នក​ថែ​ចម្ការ​ថា៖ “មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!”។ 8អ្នក​ថែ​ចម្ការ​ឆ្លើយ​តប​ថា៖ “សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ‌វិញ ហើយ​ដាក់​ជី។ 9ឆ្នាំ​ក្រោយ​ប្រហែល​ជា​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!”»។
ព្រះ‌យេស៊ូ​ប្រោស​ស្ត្រី​ពិការ​ម្នាក់​ឲ្យ​ជា
10ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ* ព្រះ‌យេស៊ូ​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ*។ 11នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​វិញ្ញាណ​អាក្រក់​ធ្វើ​ឲ្យ​ពិការ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង ងើប​ត្រង់​ពុំ​កើត។ 12ពេល​ព្រះ‌យេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះអង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នាង​អើយ! នាង​បាន​ជា​សះ‌ស្បើយ​ហើយ»។ 13ព្រះអង្គ​ដាក់​ព្រះ‌ហស្ដ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ 14 ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ដោយ​ឃើញ​ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​សប្ប័ទ​ឡើយ!»។ 15ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​នោះ​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លា បញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី? 16ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។ 17កាល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះអង្គ​អៀន​ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ។
ប្រស្នា​ស្ដី​អំពី​គ្រាប់​ពូជ​ល្អិត និង​មេ​ម្សៅ
(ម៉ាថាយ ១៣.៣១-៣៣ ម៉ាកុស ៤.៣០-៣២)
18ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? 19ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។ 20ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី? 21ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។
ទ្វារ​ចង្អៀត
(ម៉ាថាយ ៧.១៣-១៤, ២១-២៣)
22ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។ 23មាន​បុរស​ម្នាក់​ទូល​សួរ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! អ្នក​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មាន​ចំនួន​តិច​ទេ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ 24«ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​មនុស្ស​ជា​ច្រើន​ខំ​ចូល​ដែរ ប៉ុន្តែ គេ​មិន​អាច​ចូល​ឡើយ។ 25កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា “ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង”។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា “យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ 26អ្នក​រាល់​គ្នា​មុខ​ជា​ជម្រាប​លោក​ថា “យើង​ខ្ញុំ​ធ្លាប់​បរិភោគ​ជា​មួយ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ធ្លាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​នៅ​តាម​ភូមិ​ដែរ”។ 27 លោក​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ 28 កាល​អ្នក​រាល់​គ្នា​ឃើញ​លោក​អប្រាហាំ លោក​អ៊ីសាក លោក​យ៉ាកុប និង​ព្យាការី*​ទាំង‌ឡាយ ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់ តែ​ព្រះអង្គ​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​ខាង​ក្រៅ អ្នក​រាល់​គ្នា​នឹង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ 29មាន​មនុស្ស​មក​ពី​ទិស​ទាំង​បួន​ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់។ 30 ពេល​នោះ អ្នក​ខ្លះ​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ខ្លះ​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។
អ្នក​ក្រុង​យេរូ‌សាឡឹម​បដិសេធ​មិន​ទទួល​ព្រះ‌យេស៊ូ
(ម៉ាថាយ ២៣.៣៧-៣៩)
31នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក»។ 32ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច ​នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អារក្ស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។ 33ប៉ុន្តែ នៅ​ថ្ងៃ​នេះ ស្អែក និង​ខាន​ស្អែក ខ្ញុំ​ត្រូវ​តែ​បន្ត​ដំណើរ​របស់​ខ្ញុំ​ទៅ​មុខ​ទៀត ដ្បិត​មិន​គួរ​ឲ្យ​ព្យាការី*​ស្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។
34អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ 35 ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះ​បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថា:
“សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់
ព្រះអង្គ​ដែល​យាង​មក ក្នុង​នាម​ព្រះ‌អម្ចាស់!” »។

Currently Selected:

លូកា 13: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy