YouVersion Logo
Search Icon

លេវីវិន័យ 16

16
ក្រឹត្យ‌វិន័យ​ស្ដី​អំពី​ពិធី​រំដោះ​បាប​ប្រចាំ​ឆ្នាំ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្រោយ​គ្រា​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អើរ៉ុន​ស្លាប់ នៅ​ពេល​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់
2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ជា​បង​របស់​អ្នក កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំងនន ដែល​នៅ​ពី​មុខ​គម្រប​ហិប*​នៃ​សម្ពន្ធ‌មេត្រី* បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហិប។
3 ពេល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ 4គាត់​ត្រូវ​ពាក់​អាវ​វែង​សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឈ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀក‌បំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់ គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។ 5គាត់​ត្រូវ​ទទួល​ពពែ​ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រា‌អែល សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។ 6អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល​របស់​គាត់​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ 7គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 8អើរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ មួយ​ទៀត​ឲ្យ​អាសា‌អែល ។ 9ពេល​ចាប់​ឆ្នោត​រួច​ហើយ អើរ៉ុន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ 10រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ទៅ​អាសា‌អែល ក៏​ត្រូវ​យក​មក​ទាំង​រស់ ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប ហើយ​ប្រគល់​ឲ្យ​អាសា‌អែល នៅ​វាល​រហោ‌ស្ថាន។ 11អើរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សម្រាប់​រំដោះ​បាប​របស់​ខ្លួន។ 12គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ដ​ចំនួន​ពីរ​ក្ដាប់​មក​ជា​មួយ ចូល​ទៅ​ក្នុង​វាំងនន​សក្ការៈ។ 13គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គម្រប​ហិប ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។ 14គាត់​ត្រូវ​យក​ឈាម​គោ​បា​មក ហើយ​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម​នោះ ប្រោះ​ពី​មុខ​គម្រប​ហិប​ដែល​នៅ​ជ្រុង​ខាង​កើត។ គាត់​ត្រូវ​យក​ម្រាម​ដៃ​ធ្វើ​ពិធី​ប្រោះ​ឈាម​លើ​ផ្នែក​ខាង​មុខ​ហិប​ដូច្នេះ ចំនួន​ប្រាំ‌ពីរ​ដង។ 15 គាត់​ត្រូវ​ចាក់​ក​ពពែ​ឈ្មោល សម្រាប់​រំដោះ​បាប​របស់​ប្រជា‌ជន ហើយ​យក​ឈាម​ចូល​ទៅ​ខាង​ក្រោយ​វាំងនន។ គាត់​ត្រូវ​ប្រោះ​ឈាម​ពពែ​ឈ្មោល​នេះ ទៅ​លើ​គម្រប​ហិប និង​ផ្នែក​ខាង​មុខ​គម្រប​ហិប ដូច​គាត់​បាន​ប្រោះ​ឈាម​គោ​បា​ដែរ។ 16គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះ​ទីសក្ការៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។ 17ពេល​គាត់​ចូល​ទៅ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ក្នុង​ទីសក្ការៈ រហូត​ដល់​ពេល​គាត់​ចេញ​មក​វិញ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ឡើយ។ គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ និង​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។ 18គាត់​ត្រូវ​ចេញ​មក​ខាង​មុខ​អាសនៈ ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ជម្រះ​អាសនៈ គឺ​គាត់​ត្រូវ​យក​ឈាម​គោ​បា និង​ឈាម​ពពែ​ឈ្មោល ទៅ​លាប​ជុំ‌វិញ​ស្នែង​ទាំង​បួន​របស់​អាសនៈ។ 19គាត់​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនៈ​ចំនួន​ប្រាំ‌ពីរ​ដង។ គាត់​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រួច​ញែក​អាសនៈ​ឲ្យ​បាន​វិសុទ្ធ។
20ពេល​គាត់​ធ្វើ​ពិធី​ជម្រះ​ទីសក្ការៈ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​រួច​រាល់​ហើយ គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ទៀត​ដែល​នៅ​រស់​ចូល​មក។ 21អើរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់ ដោយ​លន់‌តួ​កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន។ 22ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន​ផុត​ហើយ 23 អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​វិញ រួច​ដោះ​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​គាត់​ពាក់​សម្រាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ​នោះ​ទុក​នៅ​ក្នុង​ទីសក្ការៈ។ 24គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក‌បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​គាត់ និង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌ជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជា‌ជន។ 25គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ​នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។
26រីឯ​បុរស​ដែល​ដេញ​ពពែ​ទៅ​ឲ្យ​អាសា‌អែល​នៅ​វាល​រហោ‌ស្ថាន​នោះ ក៏​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ។ 27 រីឯ​គោ​បា និង​ពពែ​ឈ្មោល ដែល​គេ​សម្លាប់ ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទីសក្ការៈ​សម្រាប់​លោះ​បាប​នោះ គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក ទាំង​សាច់ និង​គ្រឿង​ក្នុង។ 28អ្នក​ដុត​វា​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។
29 នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់​ស្រុក ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា 30ដ្បិត​ថ្ងៃ​នោះ គេ​ធ្វើ​ពិធី​លោះ​បាប​អ្នក​រាល់​គ្នា ដើម្បី​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បរិសុទ្ធ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ផុត​ពី​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។ 31ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ* គឺ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ហើយ​តម​អាហារ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។
32មាន​តែ​បូជា‌ចារ្យ*​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ បូជា‌ចារ្យ​នោះ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​ជា​សម្លៀក‌បំពាក់​សក្ការៈ។ 33គាត់​ត្រូវ​ធ្វើ​ពិធី​ជម្រះ​ទីសក្ការៈ​ដ៏វិសុទ្ធ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ ព្រម​ទាំង​រំដោះ​បាប​បូជា‌ចារ្យ និង​ប្រជា‌ជន​ទាំង​អស់​ក្នុង​សហគមន៍។
34នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ ដើម្បី​ឲ្យ​រៀង​រាល់​ឆ្នាំ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រួច​ផុត​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន»។
គេ​ក៏​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy