YouVersion Logo
Search Icon

យ៉ូស្វេ 7

7
បទ​ល្មើស​របស់​លោក​អេកាន
1ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បំពាន​លើ​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​ហាម​មិន​ឲ្យ​ប៉ះ‌ពាល់​របស់​អ្វី​នៅ​ក្រុង​យេរីខូ គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​អេកាន ជា​កូន​របស់​លោក​កើមើ ជា​ចៅ​របស់​លោក​សាប‌ឌី និង​ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​យក​របស់​មួយ​ដែល​ព្រះ‌អម្ចាស់​ហាម​ឃាត់ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។
2លោក​យ៉ូស្វេ​បាន​ចាត់​អ្នក​ខ្លះ​ពី​ក្រុង​យេរីខូ​ឲ្យ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេត‌អាវេន នៅ​ខាង​កើត​បេត‌អែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​អៃ។ 3អ្នក​ទាំង​នោះ​វិល​មក​ជួប​លោក​យ៉ូស្វេ​វិញ ជម្រាប​ថា៖ «មិន​បាច់​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឡើង​ទៅ​វាយ​ទេ គឺ​ឲ្យ​តែ​ទ័ព​ពីរ ឬ​បី​ពាន់​នាក់ ឡើង​ទៅ​វាយ​យក​ក្រុង​អៃ​ប៉ុណ្ណោះ​បាន​ហើយ! អ្នក​ក្រុង​នោះ​មាន​គ្នា​តិច‌តួច​ទេ ដូច្នេះ មិន​បាច់​ចាត់​កង‌ទ័ព​ទាំង​មូល​ឲ្យ​ទៅ នាំ​ឲ្យ​ពិបាក​ឡើយ»។ 4ពេល​នោះ ទ័ព​អ៊ីស្រា‌អែល​ប្រមាណ​បី​ពាន់​នាក់​ក៏​ឡើង​ទៅ​វាយ​យក​ក្រុង​អៃ ប៉ុន្តែ ពួក​គេ​ត្រូវ​បាក់​ទ័ព។ 5អ្នក​ក្រុង​អៃ​បាន​សម្លាប់​ពួក​អ៊ីស្រា‌អែល​អស់​ប្រមាណ​សាម‌សិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេ‌បា‌រីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ប្រជា‌ជន​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន​អស់។
6លោក​យ៉ូស្វេ និង​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ឱន​មុខ​ដល់​ដី រហូត​ដល់​ល្ងាច ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។ 7លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នាំ​យើង​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អាម៉ូរី ដើម្បី​ឲ្យ​យើង​ខ្ញុំ​វិនាស​សូន្យ​ដូច្នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​មិន​ទុក​យើង​ខ្ញុំ​ឲ្យ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ? 8ឱ​ព្រះ‌អម្ចាស់​អើយ! ឥឡូវ​នេះ តើ​ឲ្យ​ទូលបង្គំ​និយាយ​ដូច​ម្ដេច​កើត បើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ? 9ពេល​ជន‌ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោម‌ព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះអង្គ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ?»។
10 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ក្រោក​ឡើង! ហេតុ​អ្វី​បាន​ជា​អ្នក​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​ដូច្នេះ? 11ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ប្រគល់​ឲ្យ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​ឲ្យ​ប៉ះ‌ពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​អីវ៉ាន់​របស់​ខ្លួន។ 12ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ! 13ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​វិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​វិសុទ្ធ*​សម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ៊ីស្រា‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​ខ្មាំង​សត្រូវ​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។ 14ព្រឹក​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ។ ពេល​ព្រះ‌អម្ចាស់​ចង្អុល​កុល‌សម្ព័ន្ធ​ណា កុល‌សម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេល​ព្រះ‌អម្ចាស់​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេល​ព្រះ‌អម្ចាស់​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​ឲ្យ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្ដងៗ។ 15ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល”»។
16លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​បង្គាប់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក តាម​កុល‌សម្ព័ន្ធ ពេល​នោះ ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។ 17លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​អំបូរ​ផ្សេងៗ​នៃ​កុល‌សម្ព័ន្ធ​យូដា​ចូល​មក ហើយ​ប៉ះ​ចំ​លើ​អំបូរ​សេ‌រ៉ាស។ លោក​ឲ្យ​អំបូរ​សេ‌រ៉ាស​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ប៉ះ​ចំ​លើ​ក្រុម​គ្រួសារ​លោក​សាប‌ឌី។ 18បន្ទាប់​មក លោក​ឲ្យ​ក្រុម​គ្រួសារ​សាប‌ឌី​ចូល​មក​ម្នាក់​ម្ដងៗ ហើយ​ប៉ះ​ចំ​លើ​លោក​អេកាន ជា​កូន​របស់​លោក​កើមី ជា​ចៅ​របស់​លោក​សាប‌ឌី និង​ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា។
19លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អេកាន​ថា៖ «កូន​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល! ចូរ​លើក​កិត្តិយស​ព្រះអង្គ​ឡើង! តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ចូរ​ប្រាប់​ខ្ញុំ កុំ​លាក់‌លៀម​ឡើយ»។ 20លោក​អេកាន​ឆ្លើយ​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ពិត​ប្រាកដ​មែន! គឺ​ខ្ញុំ​ប្របាទ​បាន​ប្រព្រឹត្ត​ដូច​ត​ទៅ: 21ក្នុង​ជយ‌ភណ្ឌ​ខ្ញុំ​ប្របាទ​បាន​ឃើញ​អាវ​ធំ​មួយ​យ៉ាង​ល្អ​ប្រណីត ធ្វើ​នៅ​ស្រុក​ស៊ី‌ណើរ ហើយ​ឃើញ​ប្រាក់​សុទ្ធ​ទម្ងន់​ប្រមាណ​ហុក‌សិប​តម្លឹង និង​មាស​មួយ​ដុំ​ទម្ងន់​ប្រមាណ​ដប់​ប្រាំ​តម្លឹង។ ដោយ​ខ្ញុំ​ប្របាទ​ចង់​បាន​ពេក ខ្ញុំ​ប្របាទ​ក៏​យក​របស់​ទាំង​នោះ។ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​កប់​ទុក​នៅ​ក្នុង​តង់ត៍​របស់​ខ្ញុំ​ប្របាទ ដោយ​ដាក់​ប្រាក់​នៅ​ក្រោម​គេ​បង្អស់»។ 22លោក​យ៉ូស្វេ​ចាត់​គេ​ឲ្យ​រត់​ទៅ​តង់ត៍​របស់​លោក​អេកាន ហើយ​ឃើញ​វត្ថុ​កប់​ទុក​នៅ​ទី​នោះ​មែន គឺ​ប្រាក់​នៅ​ពី​ក្រោម​គេ​បង្អស់។ 23ពួក​គេ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
24លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ចាប់​លោក​អេកាន ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ហើយ​យក​ប្រាក់ អាវ​ធំ និង​ដុំ​មាស ព្រម​ទាំង​កូន​ប្រុស កូន​ស្រី គោ លា ចៀម តង់ត៍ និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នាំ​ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អាគ័រ។ 25លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​មក​ឲ្យ​ពួក​យើង​ដូច្នេះ? ថ្ងៃ​នេះ សូម​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​ទោស​វិញ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​សម្លាប់​លោក​អេកាន និង​ក្រុម​គ្រួសារ​គាត់ ដោយ​គប់​នឹង​ថ្ម ព្រម​ទាំង​ដុត​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន​ចោល​ដែរ។ 26បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះ‌អម្ចាស់​ឈប់​ព្រះ‌ពិរោធ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ» រហូត​មក​ដល់​សព្វ​ថ្ងៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in