YouVersion Logo
Search Icon

យ៉ូស្វេ 22

22
ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យ៉ូស្វេ
កុល‌សម្ព័ន្ធ​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​វិល​ត្រឡប់ ទៅ​កាន់​ទឹក​ដី​របស់​គេ​វិញ
1ពេល​នោះ លោក​យ៉ូស្វេ​កោះ​ហៅ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដែល​មក​ពី​ខាង​កើត។ 2 លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​គោរព​តាម​សេចក្ដី​ទាំង​អស់​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​គោរព​តាម​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដែរ។ 3អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ពុំ​បាន​បោះ‌បង់​ចោល​បងប្អូន​រួម​ឈាម​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 4ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ពួក​គេ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ពោល​គឺ​ទឹក​ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​ចែក​ឲ្យ​អ្នក​រាល់​គ្នា នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។
5ប៉ុន្តែ ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន គឺ​ត្រូវ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា និង​ក្រឹត្យ‌វិន័យ ដែល​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ប្រគល់​ឲ្យ: គឺ​ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រូវ​ដើរ​តាម​គ្រប់​មាគ៌ា​របស់​ព្រះអង្គ ត្រូវ​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ត្រូវ​ជាប់​ចិត្ត​ជា​មួយ​ព្រះអង្គ ត្រូវ​គោរព​បម្រើ​ព្រះអង្គ​ឲ្យ​អស់​ពី​កម្លាំង​កាយ និង​កម្លាំង​ចិត្ត» ។
6លោក​យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។ 7លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ក្នុង​ស្រុក​បាសាន នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល។ លោក​យ៉ូស្វេ​ក៏​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ខាង​លិច​ទន្លេ​យ័រដាន់ រួម​ជា​មួយ​កុល‌សម្ព័ន្ធ​នានា​ជា​បងប្អូន​របស់​គេ​ដែរ។ លោក​យ៉ូស្វេ​ប្រាប់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ជំរំ​វិញ ទាំង​ឲ្យ​ពរ​ពួក​គេ​ផង។ 8លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ ចូរ​នាំ​យក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន និង​ហ្វូង​សត្វ​ដ៏​សន្ធឹក​សន្ធាប់​ទៅ​ជា​មួយ ព្រម​ទាំង​យក​មាស ប្រាក់ លង្ហិន ដែក និង​សម្លៀក‌បំពាក់​យ៉ាង​ច្រើន​បំផុត​នេះ ទៅ​ជា​មួយ​ដែរ។ ចូរ​នាំ​គ្នា​ចែក​ជយ‌ភណ្ឌ​ដែល​អ្នក​រាល់​គ្នា​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា​ផង»។
កុល‌សម្ព័ន្ធ​ខាង​កើត​សង់​អាសនៈ​មួយ​ក្បែរ​ទន្លេ​យ័រដាន់
9កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​វិល​ត្រឡប់​ទៅ​វិញ។ ពួក​គេ​ចាក​ចេញ​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន ឆ្ពោះ​ទៅ​ស្រុក​កាឡាដ ជា​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ 10កាល​ពួក​គេ​មក​ដល់​ក្បែរ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​ដ៏​ធំ​ស្កឹម‌ស្កៃ នៅ​មាត់​ទន្លេ​យ័រដាន់។ 11ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ​គេ​និយាយ​ថា៖ «កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​សង់​អាសនៈ​មួយ​នៅ​មាត់​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​កាណាន នៅ​ត្រើយ​ខាង​អ៊ីស្រា‌អែល»។ 12កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​ដំណឹង​នេះ​ហើយ ពួក​គេ​ក៏​ប្រមូល​ផ្ដុំ​សហគមន៍​ទាំង​មូល​នៅ​ស៊ីឡូ បម្រុង​ចេញ​ទៅ​ច្បាំង​តទល់​នឹង​កុល‌សម្ព័ន្ធ​ទាំង​នោះ។ 13ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចាត់​លោក​ភីនេ‌ហាស ជា​កូន​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ 14ព្រម​ទាំង​អ្នក​ដឹក​នាំ​ដប់​នាក់ ដែល​ទទួល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់ៗ​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ 15ពួក​គេ​នាំ​គ្នា​ទៅ​ជួប​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល នៅ​ស្រុក​កាឡាដ ហើយ​និយាយ​ដូច​ត​ទៅ៖ 16 «សហគមន៍​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ចំពោះ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បែប​នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ដោយ​សង់​អាសនៈ​មួយ​សម្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​នៅ​ថ្ងៃ​នេះ ដើម្បី​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ដូច្នេះ? 17 នៅ​ពេអ៊រ យើង​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់ ធ្វើ​ឲ្យ​យើង​ដែល​ជា​សហគមន៍​របស់​ព្រះ‌អម្ចាស់​ត្រូវ​រង​គ្រោះ​កាច ហើយ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​មិន​ទាន់​បាន​ស្អាត​បរិសុទ្ធ​ផង! តើ​ប៉ុណ្ណឹង​នៅ​តែ​មិន​គ្រប់​គ្រាន់​ទេ​ឬ? 18ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់! ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​ព្រះ‌អម្ចាស់​មុខ​ជា​ពិរោធ​នឹង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​មិន​ខាន។ 19បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​រាល់​គ្នា​ពុំ​បរិសុទ្ធ​ទេ ចូរ​ឆ្លង​មក​រស់​នៅ​ក្នុង​ស្រុក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ​ដំណាក់​របស់​ព្រះអង្គ​ផង។ ចូរ​មក​កាន់​កាប់​ទឹក​ដី​នេះ​ជា​មួយ​យើង​ចុះ ប៉ុន្តែ សូម​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​កុំ​បះ‌បោរ​ប្រឆាំង​នឹង​ពួក​យើង ដោយ​សង់​អាសនៈ​មួយ​ទៀត សម្រាប់​អ្នក​រាល់​គ្នា ក្រៅ​ពី​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ 20 កាល​លោក​អេកាន​ជា​កូន​របស់​លោក​សេ‌រ៉ាស ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​ដែល​ត្រូវ​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​រង​គ្រោះ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​កំហុស​របស់​គាត់ ពុំ​បាន​ធ្វើ​ឲ្យ​គាត់​វិនាស​តែ​ម្នាក់​ឯង​ទេ»។
21កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឆ្លើយ​ទៅ​មេ​ដឹក​នាំ​អំបូរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ 22«ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មែន! ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រា‌អែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះ‌បោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ សូម​កុំ​ឲ្យ​ព្រះអង្គ​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។ 23ប្រសិន​បើ​យើង​បាន​សង់​អាសនៈ​នេះ ដើម្បី​បែក​ចេញ​ពី​ព្រះ‌អម្ចាស់ និង​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​តង្វាយ​នានា ឬ​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​មែន​នោះ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​យើង​ខ្ញុំ​ទៅ! 24តាម​ពិត មិន​មែន​ដូច្នោះ​ទេ យើង​ខ្ញុំ​ប្រព្រឹត្ត​បែប​នេះ មក​ពី​យើង​ខ្ញុំ​បារម្ភ​ក្រែង​ដល់​ថ្ងៃ​ក្រោយ កូន​ចៅ​របស់​បងប្អូន​សួរ​កូន​ចៅ​របស់​យើង​ខ្ញុំ​ថា “តើ​អ្នក​រាល់​គ្នា​មាន​ទំនាក់‌ទំនង​អ្វី​ជា​មួយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល? 25ពួក​រូបេន និង​ពួក​កាដ​អើយ! ព្រះ‌អម្ចាស់​បាន​យក​ទន្លេ​យ័រដាន់​ធ្វើ​ជា​ព្រំ‌ប្រទល់​រវាង​ពួក​យើង និង​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់​ទេ!”។ កូន​ចៅ​របស់​បងប្អូន​មុខ​ជា​បណ្ដាល​ឲ្យ​កូន​ចៅ​របស់​យើង​ខ្ញុំ លែង​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទៀត​មិន​ខាន។ 26ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​គិត​គ្នា​ថា យើង​ខ្ញុំ​ត្រូវ​តែ​សង់​អាសនៈ​នេះ​ឡើង មិន​មែន​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ 27ប៉ុន្តែ អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន ព្រម​ទាំង​កូន​ចៅ​របស់​យើង​នៅ​ជំនាន់​ក្រោយ​ថា យើង​ខ្ញុំ​មាន​សិទ្ធិ‌គោរព​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព ព្រម​ទាំង​យញ្ញ‌បូជា​ឯ​ទៀតៗ​ដែរ។ ដូច្នេះ នៅ​អនាគត កូន​ចៅ​របស់​បងប្អូន​នឹង​មិន​អាច​ពោល​ទៅ​កូន​ចៅ​របស់​យើង​ថា “អ្នក​រាល់​គ្នា​គ្មាន​សិទ្ធិ​ទាក់ទង​ជា​មួយ​ព្រះ‌អម្ចាស់”ឡើយ។ 28យើង​ខ្ញុំ​បាន​គិត​ជា​មួយ​គ្នា​ទៀត​ថា ទៅ​អនាគត បើ​សិន​ជា​គេ​ពោល​ពាក្យ​សម្ដី​នេះ​ចំពោះ​យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​ឆ្លើយ​ទៅ​វិញ​ថា “សូម​មើល! ដូនតា​របស់​យើង​ខ្ញុំ​បាន​សង់​អាសនៈ​នេះ​មាន​រូប​រាង​ដូច​អាសនៈ​របស់​ព្រះ‌អម្ចាស់​បេះ​បិទ តែ​មិន​មែន​ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​ថ្វាយ​យញ្ញ‌បូជា​ឯ​ទៀតៗ​ឡើយ គឺ​អាសនៈ​នេះ​ជា​សក្ខីភាព​រវាង​យើង​ខ្ញុំ និង​បងប្អូន”។ 29យើង​ខ្ញុំ​គ្មាន​បំណង​ចង់​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ឬ​ក៏​ចង់​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ នៅ​ថ្ងៃ​នេះ ដោយ​សង់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ថ្វាយ​តង្វាយ​នានា ឬ​យញ្ញ‌បូជា​អ្វី​ផ្សេង ក្រៅ​ពី​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង គឺ​អាសនៈ​ដែល​ស្ថិត​នៅ​មុខ​ព្រះ​ដំណាក់​របស់​ព្រះអង្គ​នោះ​ឡើយ!»។
30ពេល​លោក​បូជា‌ចារ្យ​ភីនេ‌ហាស មេ​ដឹក​នាំ​សហគមន៍ និង​មេ​លើ​ក្រុម​គ្រួសារ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ទី​នោះ បាន​ឮ​ពាក្យ​សម្ដី​ដែល​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ រៀប​រាប់ ពួក​គេ​ក៏​ពេញ​ចិត្ត។ 31លោក​ភីនេ‌ហាស ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ មាន​ប្រសាសន៍​ទៅ​កាន់​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ថា៖ «ថ្ងៃ​នេះ យើង​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​គង់​នៅ​ជា​មួយ​យើង​រាល់​គ្នា​មែន ដ្បិត​បងប្អូន​ពុំ​បាន​ក្បត់​ព្រះ‌អម្ចាស់ គឺ​បងប្អូន​ពុំ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទទួល​ទោស​ពី​ព្រះ‌អម្ចាស់​ឡើយ»។
32បន្ទាប់​មក លោក​ភីនេ‌ហាស ដែល​ជា​កូន​របស់​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​មេ​ដឹក​នាំ​ប្រជា‌ជន​បាន​ចាក​ចេញ​ពី​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ នៅ​ស្រុក​កាឡាដ វិល​មក​ស្រុក​កាណាន ជួប‌ជុំ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ ដោយ​នាំ​យក​របាយ‌ការណ៍​មក​ជា​មួយ​ផង។ 33ប្រជា‌ជន​អ៊ីស្រា‌អែល​ពេញ​ចិត្ត​នឹង​របាយ‌ការណ៍ ហើយ​អរ​ព្រះ​គុណ​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​លែង​គិត‌គូរ​ទៅ​ច្បាំង​បំផ្លាញ​ស្រុក​ទេស​របស់​កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ​ទៀត។ 34កុល‌សម្ព័ន្ធ​រូបេន និង​កុល‌សម្ព័ន្ធ​កាដ បាន​ដាក់​ឈ្មោះ​អាសនៈ​នោះ​ថា «សក្ខីភាព» ដ្បិត​អាសនៈ​នោះ​ធ្វើ​ជា​សាក្សី​នៅ​ចំពោះ​មុខ​យើង​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in