យ៉ូប 6
6
លោកយ៉ូបរអ៊ូរទាំនឹងមិត្តភក្ដិរបស់លោក
1លោកយ៉ូបមានប្រសាសន៍ថា៖
2«ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ
ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង
3គេនឹងឃើញវាធ្ងន់ជាងខ្សាច់
នៅតាមឆ្នេរសមុទ្រទៅទៀត។
ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច
4ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ
ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប
ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។
ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ
ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
5ពេលមានស្មៅខៀវខ្ចីស៊ី
តើលាព្រៃដែលស្រែកឬទេ?
ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ?
6តើគេអាចបរិភោគម្ហូបសាប
ដោយមិនបង់អំបិលកើតឬ?
តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ?
7ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ
ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។
8សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច
ហើយសូមព្រះជាម្ចាស់ប្រោសប្រទាន
តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។
9គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំ
សូមព្រះអង្គលាតព្រះហស្ដ
បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ!
10ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ
ហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដី
ក៏ខ្ញុំមានអំណរសប្បាយដែរ
ព្រោះខ្ញុំមិនបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។
11ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម
ហើយខ្ញុំក៏គ្មានគោលដៅអ្វី
ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។
12តើខ្ញុំមានកម្លាំងរឹងដូចថ្ម
ហើយរូបកាយដូចលង្ហិនឬ?
13ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយ
ហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។
14អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល
ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន
បើមិនដូច្នេះទេ គេមុខជាលែងគោរព
កោតខ្លាចព្រះជាម្ចាស់ ។
15បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត
ដូចទឹកជ្រោះដែលរីង
ដូចជ្រលងដងអូរដែលគ្មានទឹក។
16នៅចុងរដូវត្រជាក់
ទឹកអូរទាំងនោះប្រែជាល្អក់កករ
ព្រោះតែភ្លៀង និងទឹកកករលាយ។
17នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែង
ព្រោះតែកម្ដៅថ្ងៃ។
18ក្បួនអ្នកដំណើរវង្វេងផ្លូវ
នាំគ្នាចូលទៅវាលរហោស្ថាន
ហើយវិនាសបាត់បង់អស់ទៅ។
19ក្បួនអ្នកដំណើរពីស្រុកថេម៉ា
នាំគ្នាសម្លឹងមើលអូរទាំងនោះ
ក្បួនអ្នកដំណើរពីស្រុកសេបានាំគ្នា
សង្ឃឹមលើអូរទាំងនោះ
20ប៉ុន្តែ ពួកគេត្រូវអាម៉ាស់
ព្រោះតែទុកចិត្តលើអូរទាំងនោះ
ហើយពួកគេខកចិត្តនៅពេលទៅដល់។
21នៅពេលនេះ អស់លោកក៏ដូច្នោះដែរ
អស់លោកឃើញខ្ញុំមានអាសន្ន
ហើយបែរជាភ័យខ្លាច!
22ខ្ញុំមិនដែលសុំឲ្យអស់លោក
យករបស់អ្វីមួយមកឲ្យខ្ញុំ
ឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។
23ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំ
ឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
ឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃ
របស់មនុស្សឃោរឃៅដែរ។
24សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀម
សូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា?
25បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួល
តែពាក្យដែលអស់លោកស្ដីបន្ទោសនោះ
មិនសមហេតុសមផលទេ។
26ពាក្យដែលខ្ញុំនិយាយនេះ
តើអស់លោកចង់បន្ទោសកន្លែងណា
តើអស់លោកយល់ថាពាក្យសម្ដីរបស់
មនុស្សអស់សង្ឃឹម ឥតបានការឬ?
27អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រា
ហើយសូម្បីតែមិត្តសម្លាញ់
ក៏អស់លោកមិនញញើតនឹងលក់ដែរ។
28ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំ
តើខ្ញុំនិយាយបំផ្លើសត្រង់ណា?
29ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក
ហើយក៏កុំអយុត្តិធម៌បែបនេះដែរ
កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
30តើអណ្ដាតខ្ញុំដែលគ្រលាស់ចេញមកនូវពាក្យទុច្ចរិត
ហើយមាត់របស់ខ្ញុំស្រដីចេញមក
នូវពាក្យអពមង្គលឬទេ?
Currently Selected:
យ៉ូប 6: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.