YouVersion Logo
Search Icon

យ៉ូប 41

41
1 តើ​អ្នក​អាច​យក​សន្ទូច​ទៅ​ស្ទូច​ស្ដេច
ក្រពើ ហើយ​យក​ខ្សែ​ទៅ​ចង​អណ្ដាត
របស់​វា​បាន​ឬ?
2តើ​អ្នក​អាច​យក​កន្លុះ​ទៅ​ដាក់​ច្រមុះ​វា
ហើយ​យក​ដែក​ទៅ​ចោះ​ថ្គាម​របស់​វា​បាន​ឬ?
3តើ​អ្នក​ស្មាន​ថា​វា​នឹង​ទទូច​អង្វរ​អ្នក
ហើយ​និយាយ​មក​អ្នក​ដោយ​ទន់‌ភ្លន់​ឬ?
4តើ​វា​ចេះ​ចុះ​ខ​សន្យា​ជា​មួយ​អ្នក
ហើយ​អ្នក​ប្រើ​វា​ជា​ទាសករ​បាន​រហូត​ឬ?
5តើ​អ្នក​អាច​លេង​ជា​មួយ​វា ដូច​លេង​ចាប
ឬ​ក៏​អាច​ចង​វា ទុក​ឲ្យ​កូន​ស្រី​របស់​អ្នក
មើល​កម្សាន្ត?
6តើ​ពួក​អ្នក​រក​ស៊ី​អាច​យក​វា​ទៅ​លក់
ហើយ​អ្នក​លក់​អាច​យក​វា​ទៅ​ចែក​គ្នា​កើត​ឬ?
7តើ​អ្នក​អាច​យក​ជន្លួញ​មក​ចាក់​ទម្លុះ​ស្បែក​វា
ហើយ​យក​ស្ន​ចាក់​ត្រី​មក​ចាក់​ក្បាល​វា​បាន​ឬ?
8ចូរ​លូក​ដៃ​ពាល់​វា​មើល៍
ពេល​អ្នក​គិត​ដល់​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​វា
នោះ​អ្នក​មុខ​ជា​លែង​ហ៊ាន​ពាល់​វា​ជាប់
ទៀត​មិន​ខាន!
9អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វា
អ្នក​នោះ​យល់​ច្រឡំ​ហើយ
ព្រោះ​ពេល​ឃើញ​វា គេ​មុខ​ជា​តក់‌ស្លុត
10បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះ
តើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន?
11គ្មាន​នរណា​ឲ្យ​របស់​មក​យើង​ខ្ចី
ហើយ​យើង​ត្រូវ​សង​ទៅ​គេ​វិញ​នោះ​ឡើយ
ដ្បិត​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នេះ
សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​យើង។
12មក​ដល់​ត្រឹម​ណេះ យើង​មិន​ទាន់​បាន​ថ្លែង
អំពី​អវ‌យវៈ កម្លាំង និង​សរីរាង្គ​ដ៏​ល្អ
របស់​ក្រពើ​នៅ​ឡើយ​ទេ។
13តើ​នរណា​អាច​ពន្លាត់​ស្បែក​វា​បាន?
តើ​នរណា​ហ៊ាន​ប៉ះ‌ពាល់​ចង្កូម​របស់​វា?
14តើ​នរណា​ហ៊ាន​បើក​មាត់​របស់​វា?
ដ្បិត​វា​មាន​ធ្មេញ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។
15ស្រកា​ដ៏​សង្ហា ហើយ​មាំ​របស់​វា ត‌ភ្ជាប់​គ្នា
ទៅ​វិញ​ទៅ​មក​យ៉ាង​ស្អិត‌ល្មួត។
16ស្រកា​របស់​វា​នៅ​ភ្ជាប់​គ្នា​យ៉ាង​ជិត
សូម្បី​តែ​ខ្យល់​ក៏​ពុំ​អាច​ឆ្លង​កាត់​បាន​ផង។
17ស្រកា​នីមួយៗ​ត‌ភ្ជាប់​គ្នា​យ៉ាង​មាំ
ដែល​ពុំ​អាច​បំបែក​ចេញ​ពី​គ្នា​បាន​ឡើយ។
18កាល​ណា​វា​ព្រួស​ទឹក​ចេញ​មក
នោះ​មាន​បែក​ជា​ពន្លឺ
ភ្នែក​របស់​វា​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​រះ។
19មាន​ភ្លើង​ចេញ​ពី​មាត់​របស់​វា
ហើយ​ផ្កា​ភ្លើង​ក៏​ហើរ​ចេញ​មក​ដែរ។
20មាន​ផ្សែង​ហុយ​ចេញ​តាម​ច្រមុះ​របស់​វា
ដូច​ផ្សែង​ហុយ​ចេញ​ពី​ថ្លាង​ដែល​កំពុង​ពុះ។
21ខ្យល់​ដង្ហើម​របស់​វា​អាច​បង្កាត់​ភ្លើង​បាន
ហើយ​ក៏​មាន​អណ្ដាត​ភ្លើង​ផុស​ចេញ​ពី
ក្នុង​មាត់​របស់​វា​ដែរ។
22ក​របស់​វា​មាន​កម្លាំង​ណាស់
ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ឃើញ​វា
ចូល​មក​ជិត ភ័យ​ខ្លាច​ជា​ខ្លាំង។
23សាច់​ស្រទាប់​របស់​វា​នៅ​ជាប់​គ្នា​យ៉ាង​រឹង‌មាំ
ដែល​មិន​អាច​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ទេ។
24បេះ‌ដូង​របស់​វា​រឹង​ដូច​ដុំ​ថ្ម គឺ​រឹង​ដូច​ត្បាល់​ថ្ម។
25ពេល​ណា​វា​ក្រោក​ឡើង
សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ភ័យ​តក់‌ស្លុត​ដែរ
ហើយ​រត់​ចេញ​ទៅ ទាំង​បាក់‌ស្បាត។
26ទោះ​បី​គេ​យក​ដាវ លំពែង ស្ន និង​ព្រួញ
មក​ចាក់​ទម្លុះ ក៏​មិន​មុត​ដែរ
27ដ្បិត​វា​ចាត់​ទុក​ដែក​ដូច​ជា​ចំបើង
ហើយ​លង្ហិន​ដូច​ជា​ឈើ​ពុក។
28ព្រួញ​មិន​ដែល​ធ្វើ​ឲ្យ​វា​ដក​ខ្លួន​ថយ​ទេ
រីឯ​ថ្ម​ដែល​គេ​បាញ់​ពី​ខ្សែ​ដង្ហក់
ក៏​ប្រៀប​ដូច​ជា​ចំបើង​សម្រាប់​វា​ដែរ។
29វា​មើល​មក​ព្រនង់​ដូច​ជា​ចំបើង
ហើយ​មិន​ញ‌ញើត​នឹង​សន្ធឹក​ស្ន​ឡើយ។
30ពោះ​របស់​វា​មុត​ដូច​អំបែង​ឆ្នាំង
ធ្វើ​ឲ្យ​មាន​ដាន​នៅ​លើ​ភក់​ដូច​ដាន​រនាស់។
31វា​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​មហា‌សាគរ
ពុះ​កញ្ជ្រោល​ដូច​ទឹក​ពុះ​នៅ​ក្នុង​ថ្លាង
ហើយ​ធ្វើ​ឲ្យ​សមុទ្រ​ប្រៀប​ដូច​ជា
ឆ្នាំង​រម្ងាស់​ទឹក​អប់
32វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា
គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។
33នៅ​លើ​ផែនដី​នេះ គ្មាន​សត្វ​ណា​ដូច​វា​ឡើយ
យើង​បង្កើត​វា​មក មិន​ខ្លាច​អ្វី​ទាំង​អស់។
34វា​មិន​ញញើត​នឹង​មើល​ទៅ​សត្វ​ដ៏​សម្បើមៗ
ដ្បិត​វា​ជា​ស្ដេច​លើ​សត្វ​សាហាវ​ទាំង​អស់»។

Currently Selected:

យ៉ូប 41: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in