យ៉ូប 34
34
ព្រះជាម្ចាស់មិនប្រព្រឹត្តអំពើទុច្ចរិតឡើយ
1លោកអេលីហ៊ូវមានប្រសាសន៍
ទៀតថា៖
2«អស់អ្នកដែលមានប្រាជ្ញាអើយ
សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ!
អស់អ្នកដែលចេះដឹងអើយ
សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ!
3 ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដី
ដូចអណ្ដាតស្គាល់រសជាតិអាហារដែរ។
4យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ
ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។
5លោកយ៉ូបមានប្រសាសន៍ថា៖
«ខ្ញុំជាមនុស្សសុចរិត
តែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
6ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវ
ក៏ព្រះអង្គចាត់ទុកខ្ញុំជាមនុស្សកុហកដែរ
របួសរបស់ខ្ញុំពុំអាចព្យាបាលបានទេ
តែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។
7តើមាននរណាម្នាក់ដូចលោកយ៉ូបទេ
គាត់ពោលពាក្យប្រមាថយ៉ាងងាយ
ដូចគេផឹកទឹក។
8គាត់សេពគប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិត
ហើយដើរជាមួយមនុស្សអាក្រក់
9ដ្បិតគាត់ពោលថា តើមនុស្សខិតខំ
ផ្គាប់ផ្គុនព្រះជាម្ចាស់បានប្រយោជន៍អ្វី។
10«ហេតុនេះ អស់អ្នកដែលចេះគិតគូរអើយ
សូមនាំគ្នាស្ដាប់ខ្ញុំ!
ព្រះជាម្ចាស់មិនដែលប្រព្រឹត្តអាក្រក់ឡើយ
ហើយព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ក៏មិនដែលប្រព្រឹត្តអំពើទុច្ចរិតដែរ!
11 ព្រះអង្គតបស្នងចំពោះមនុស្សលោក
តាមអំពើដែលខ្លួនប្រព្រឹត្ត
ព្រះអង្គឲ្យម្នាក់ៗទទួលផល
តាមរបៀបដែលខ្លួនរស់នៅ។
12ពិតមែនហើយ ព្រះជាម្ចាស់មិនប្រព្រឹត្ត
អំពើអាក្រក់ជាដាច់ខាត
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនប្រាសចាកយុត្តិធម៌ឡើយ។
13តើនរណាប្រគល់អំណាចឲ្យព្រះអង្គ
គ្រប់គ្រងផែនដី?
តើនរណាប្រគល់ពិភពលោកទាំងមូល
មកឲ្យព្រះអង្គកាន់កាប់?
14ប្រសិនបើព្រះជាម្ចាស់ខ្វល់ខ្វាយតែ
ចំពោះព្រះអង្គផ្ទាល់
ហើយបើព្រះអង្គដកយកព្រះវិញ្ញាណ
និងដង្ហើមជីវិតទៅវិញនោះ
15សត្វលោកទាំងអស់នឹងត្រូវវិនាសជាមួយគ្នា
មនុស្សលោកនឹងវិលទៅជាធូលីដីវិញ។
16ប្រសិនបើលោកមានប្រាជ្ញា សូមស្ដាប់ខ្ញុំចុះ
សូមផ្ទៀងត្រចៀកស្ដាប់សេចក្ដីដែលខ្ញុំថ្លែង!
17ប្រសិនបើព្រះជាម្ចាស់ស្អប់យុត្តិធម៌
តើព្រះអង្គគ្រប់គ្រងផែនដីកើតឬ?
តើលោកហ៊ានថ្កោលទោសព្រះដ៏សុចរិត
ជាព្រះដ៏ឧត្តុង្គឧត្ដមឬ?
18មិនដែលមាននរណាហ៊ានបន្ទោសស្ដេចថា
“មនុស្សពាល!”
ឬស្ដីឲ្យអ្នកធំថា “មនុស្សទុយ៌ស!” ទេ
19រីឯព្រះជាម្ចាស់វិញ
ព្រះអង្គមិនរើសមុខមេដឹកនាំឡើយ
ហើយព្រះអង្គក៏មិនយោគយល់អ្នកមាន
ជាងអ្នកក្រដែរ
ដ្បិតព្រះអង្គបានបង្កើតពួកគេមកដូចគ្នា។
20ពួកគេនឹងបាត់បង់ជីវិតតែក្នុងមួយប៉ប្រិចភ្នែក
នៅពាក់កណ្ដាលអធ្រាត្រ
ប្រជាជនកើតវឹកវរ ហើយវិនាសអស់ទៅ
គេទម្លាក់អ្នកកាន់អំណាចដោយងាយស្រួល។
21ព្រះជាម្ចាស់ទតមើលផ្លូវដែលមនុស្សដើរ
ព្រះអង្គឃ្លាំមើលគ្រប់ជំហានរបស់គេ។
22គ្មានភាពងងឹត ឬភាពអន្ធការណា
បាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត
មិនឲ្យព្រះអង្គទតឃើញឡើយ។
23ព្រះអង្គមិនចាំបាច់ចំណាយពេលពិនិត្យពិច័យ
មុននឹងនាំមនុស្សឲ្យមកឈរក្នុងទីកាត់ក្ដី
របស់ព្រះអង្គឡើយ។
24ព្រះអង្គផ្ដួលរំលំអ្នកកាន់អំណាច
ដោយមិនបាច់សួរនាំ
ហើយព្រះអង្គតែងតាំងអ្នកផ្សេងជំនួស
25ដ្បិតព្រះអង្គជ្រាបអំពើដែលពួកគេប្រព្រឹត្ត
ព្រះអង្គផ្ដួលរំលំពួកគេឲ្យធ្លាក់ពីអំណាច
ក្នុងពេលតែមួយយប់។
26ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជន
ដូចវាយជនទុច្ចរិត
27ព្រោះពួកគេងាកចេញពីព្រះអង្គ
ហើយមិនចង់ស្វែងយល់អំពីមាគ៌ា
របស់ព្រះអង្គទេ។
28ពួកគេធ្វើបាបជនទុគ៌ត និងជនក្រីក្រ
រហូតដល់អ្នកទាំងនោះស្រែករកព្រះអង្គ
ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់សម្រែកនេះ។
29ប្រសិនបើព្រះជាម្ចាស់សម្ងំនៅស្ងៀម
តើនរណាហ៊ានថ្កោលទោសព្រះអង្គ?
ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ
តើនរណាមើលព្រះអង្គឃើញ?
ព្រះអង្គពិនិត្យមើលមនុស្សម្នាក់
ក៏ដូចជាប្រជាជាតិមួយដែរ
30ព្រះអង្គមិនសព្វព្រះហឫទ័យឲ្យ
ជនពាលគ្រងរាជ្យ
ហើយធ្វើជាអន្ទាក់ដល់ប្រជារាស្ត្រឡើយ។
31បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា:
“ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយ
ទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។
32សូមបង្ហាញកំហុសណាដែលទូលបង្គំ
មើលមិនឃើញ
ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិតនោះ
ទូលបង្គំរាងចាលហើយ”
33តាមយោបល់របស់លោក តើព្រះអង្គត្រូវ
ដាក់ទោសអ្នកពោលដូច្នេះឬទេ?
ខ្ញុំសួរបែបនេះ ព្រោះលោកជាអ្នកតិទៀន
គឺលោកទេតើដែលបានសម្រេចដូច្នេះ មិនមែនខ្ញុំទេ
ហេតុនេះបើលោកដឹង សូមនិយាយមកចុះ!
34មនុស្សមានសុភនិច្ឆ័យនឹងយល់ស្របជាមួយខ្ញុំ
មនុស្សមានប្រាជ្ញានឹងចុះសំរុងជាមួយខ្ញុំថា
35លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវ
ពាក្យសម្ដីរបស់គាត់គ្មានខ្លឹមសារសោះ។
36សូមសួរចម្លើយលោកយ៉ូប
រហូតដល់ចប់ចុងចប់ដើម
ព្រោះគាត់និយាយដូចមនុស្សទុច្ចរិត!
37ដ្បិតគាត់បន្ថែមកំហុសមួយដ៏ធ្ងន់
ពីលើអំពើបាបរបស់ខ្លួន
គឺគាត់ពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់
ហើយបង្កឲ្យមានការសង្ស័យ
ក្នុងចំណោមពួកយើង»។
Currently Selected:
យ៉ូប 34: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.