យ៉ូប 3
3
ពាក្យសន្ទនារវាងលោកយ៉ូបនិងមិត្តភក្ដិរបស់លោក
សំណោករបស់លោកយ៉ូបៈ រស់នៅបានប្រយោជន៍អ្វី?
1 បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក ។ 2លោកយ៉ូបមានប្រសាសន៍ថា៖
3«សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ
ក្លាយទៅជាថ្ងៃអពមង្គល!
រីឯយប់ដែលគេពោលថា
មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ
ជាយប់អពមង្គលដែរ!
4សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត
ហើយកុំឲ្យព្រះជាម្ចាស់
ដែលគង់នៅស្ថានលើ រវីរវល់នឹងថ្ងៃនោះ
ហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ!
5សូមឲ្យភាពងងឹត និងភាពអន្ធការ
គ្របបាំងថ្ងៃនោះ
ហើយសូមឲ្យមានភាពអាប់អួរគ្របបាំង
ព្រះអាទិត្យ!
6រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹត
គ្របបាំងវាដែរ!
សូមកុំឲ្យគេរាប់បញ្ចូលយប់នោះទៅក្នុង
ខែ និងឆ្នាំឡើយ!
7សូមឲ្យយប់នោះប្រៀបបាននឹងស្ត្រីអារ
ហើយក៏កុំឲ្យមានសម្រែកអរសប្បាយ
នៅយប់នោះដែរ!
8សូមឲ្យយប់នោះត្រូវបណ្ដាសា
របស់គ្រូនក្ខត្តឫក្ស
និងត្រូវបណ្ដាសារបស់គ្រូដាស់ស្ដេចក្រពើ!
9សូមឲ្យផ្កាយព្រឹកប្រែជាងងឹតសូន្យ!
យប់នោះរង់ចាំពន្លឺ តែមិនឃើញពន្លឺមកទេ
ហើយក៏មិនឃើញអរុណរះដែរ
10ដ្បិតយប់នោះពុំបានឃាត់ខ្ញុំមិនឲ្យកើត
ហើយក៏មិនបានបញ្ចៀសទុក្ខលំបាកនេះ
ចេញពីមុខខ្ញុំដែរ!
11ហេតុអ្វីបានជាខ្ញុំមិនស្លាប់តាំងពីក្នុងផ្ទៃម្ដាយ?
ហេតុអ្វីបានជាខ្ញុំមិនផុតដង្ហើមនៅពេល
ចេញពីផ្ទៃម្ដាយ?
12ហេតុអ្វីបានជាមានភ្លៅម្ដាយចាំទទួលខ្ញុំ
ហើយមានដោះចាំបំបៅខ្ញុំដូច្នេះ?
13ប្រសិនបើខ្ញុំស្លាប់តាំងពីកាលណោះ
ម៉្លេះសមខ្ញុំបានសម្រាកយ៉ាងសុខស្រួលក្នុងផ្នូរ
14រួមជាមួយស្ដេច និងមន្ត្រីទាំងប៉ុន្មាននៃផែនដី
ជាអ្នកដែលបានកសាងប្រាសាទសិលា
ទុកសម្រាប់ខ្លួន។
15ខ្ញុំមុខជាបានសម្រាកជាមួយពួកមេដឹកនាំ
ដែលមានមាសប្រាក់ពេញផ្ទះ។
16ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត
ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ
នោះប្រសើរជាង។
17នៅក្នុងផ្នូរ មនុស្សអាក្រក់លែងមាន
សកម្មភាពទៀតហើយ
រីឯអ្នកដែលនឿយហត់ អស់កម្លាំងនឹងនាំគ្នាសម្រាក។
18អ្នកជាប់ឃុំឃាំងបានសុខក្សេមក្សាន្ត
គឺគេលែងឮសំឡេងរបស់ឆ្មាំគុកទៀតហើយ។
19អ្នកតូច និងអ្នកធំ ស្ថិតនៅទីនោះជាមួយគ្នា
ទាសករក៏លែងនៅក្រោមអំណាច
ម្ចាស់របស់ខ្លួនទៀតដែរ។
20ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យ
មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ
ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ
ទុក្ខលំបាក?
21 គេទន្ទឹងរង់ចាំសេចក្ដីស្លាប់
តែមិនឃើញសេចក្ដីស្លាប់មកទេ។
គេប្រាថ្នាចង់បានសេចក្ដីស្លាប់
ជាងទ្រព្យសម្បត្តិទៅទៀត។
22ប្រសិនបើគេរកបានផ្នូរសម្រាប់ខ្លួន
នោះគេមុខជាសប្បាយរីករាយឥតឧបមា។
23ប៉ុន្តែ ខ្ញុំជាមនុស្សម្នាក់ដែលរកច្រកចេញពុំរួច
ដ្បិតព្រះជាម្ចាស់បានដាក់របងព័ទ្ធជុំវិញខ្ញុំ។
24ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ
សម្រែកឈឺចាប់របស់ខ្ញុំ
ចេះតែហូរចេញមកដូចទឹក។
25ខ្ញុំភ័យខ្លាចការអ្វី ការនោះកើតមានដល់ខ្ញុំ
ហើយខ្ញុំជួបប្រទះនឹងហេតុការណ៍ណា
ដែលខ្ញុំមិនចង់ជួប។
26ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល
ហើយក៏មិនបានសម្រាកដែរ
គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។
Currently Selected:
យ៉ូប 3: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.