យ៉ូហាន 19
19
1ពេលនោះ លោកពីឡាតបង្គាប់ឲ្យទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។ 2ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គ ហើយយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គដែរ។ 3បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ! សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។
4លោកពីឡាតចេញទៅជួបជនជាតិយូដាសាជាថ្មី មានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។
5ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និងពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។ 6កាលពួកនាយកបូជាចារ្យ* និងកងរក្សាព្រះវិហារ*ឃើញព្រះអង្គ គេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។ 7ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «យើងខ្ញុំមានក្រឹត្យវិន័យ ហើយតាមក្រឹត្យវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់» ។
8កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។ 9លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។ 10ហេតុនេះ លោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ? អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»។ 11ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប*ធ្ងន់ជាងលោកទៅទៀត»។
12តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្តែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្តសម្លាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។ 13កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ ឲ្យគង់លើវេទិកាសម្រាប់កាត់ក្ដី នៅត្រង់កន្លែងមួយឈ្មោះ “លានក្រាលថ្ម” ដែលគេហៅជាភាសាហេប្រឺថា “កាប្បាថា” 14ពេលនោះជាថ្ងៃដែលគេរៀបចំបុណ្យចម្លង* ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។ 15ប៉ុន្តែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «ឲ្យខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។ 16ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅឲ្យគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។
គេឆ្កាងព្រះយេស៊ូ
(មថ.២៧.៣២-៤៤ មក.១៥.២១-៣២ លក.២៣.២៦-៤៣)
17ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” 18គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។ 19លោកពីឡាតឲ្យគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះមានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។ 20ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និងក្រិក។ 21ពួកនាយកបូជាចារ្យ*របស់ជនជាតិយូដាជម្រាបលោកពីឡាតថា៖ «សូមកុំសរសេរថា “ស្ដេចយូដា” ដូច្នេះ តែសរសេរថា “អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា” វិញ»។ 22លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។
23ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយ ពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គមកធ្វើជាបួនចំណែក ចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទាំង គ្មានថ្នេរសោះ តាំងពីលើដល់ក្រោម។ ដូច្នេះ គេនិយាយគ្នាថា៖ 24 «កុំហែកអាវនេះធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នា ហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ» ។ 25មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និងនាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។ 26ព្រះយេស៊ូឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។ 27បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។
ព្រះយេស៊ូសោយទិវង្គត
(មថ.២៧.៤៥-៥៦ មក.១៥.៣៣-៤១ លក.២៣.៤៤-៤៨)
28 បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីឲ្យបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។ 29នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។ 30កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសម្រេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។
31ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ*ឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ 32ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។ 33លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ 34ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និងលោហិតហូរចេញមកមួយរំពេច។ 35សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសិស្សនោះនិយាយសេចក្ដីពិត ដើម្បីឲ្យអ្នករាល់គ្នាជឿដែរ។ 36 ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។ 37 មានអត្ថបទគម្ពីរមួយទៀតចែងថា៖ «គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ»។
ការបញ្ចុះសពព្រះយេស៊ូ
(មថ.២៧.៥៧-៦១ មក.១៥.៤២-៤៧ លក.២៣.៥០-៥៦)
38បន្ទាប់មក លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ បានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសិស្ស*របស់ព្រះយេស៊ូដែរ តែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតឲ្យ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។ 39 រីឯលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូប ប្រមាណជាកន្លះហាបមកផង។ 40លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។ 41នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។ 42គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះ ព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង*។
Currently Selected:
យ៉ូហាន 19: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.