YouVersion Logo
Search Icon

យេរេមា 43

43
លោក​យេរេមា​ត្រូវ​គេ​នាំ​ទៅ​ស្រុក​អេស៊ីប
1កាល​លោក​យេរេមា​ថ្លែង​ប្រាប់​ប្រជា‌ជន​ទាំង​មូល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​ប្រគល់​ឲ្យ​លោក​នាំ​មក​ប្រាប់​ពួក​គេ ចប់​សព្វ​គ្រប់​ហើយ 2លោក​អសា‌រា​ជា​កូន​របស់​លោក​ហូសា‌យ៉ា លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​អស់​អ្នក​ដែល​វាយ‌ឫក​ខ្ពស់ ពោល​មក​កាន់​លោក​យេរេមា​ថា៖ «លោក​និយាយ​កុហក! ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង ពុំ​បាន​ចាត់​លោក​ឲ្យ​មក​ហាម​ពួក​យើង​ទៅ​រស់​នៅ​ស្រុក​អេស៊ីប​ឡើយ 3គឺ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទេ​តើ ដែល​អុច‌អាល​លោក​ឲ្យ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយ​ពួក​នោះ​នឹង​សម្លាប់ ឬ​ចាប់​ពួក​យើង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន»។ 4លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា ពួក​មេ‌ទ័ព និង​ប្រជា‌ជន​ទាំង​អស់ មិន​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​យូដា​ឡើយ។ 5 លោក​យ៉ូហាណាន​ជា​កូន​របស់​លោក​ការ៉ា និង​ពួក​មេ‌ទ័ព នាំ​ប្រជា‌ជន​យូដា​ទាំង​អស់​ដែល​នៅ​សេស‌សល់ គឺ​ប្រជា‌ជន​ដែល​ពី​មុន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ជិត​ខាង​ទាំង​ប៉ុន្មាន ហើយ​វិល​មក​រស់​នៅ​ក្នុង​ស្រុក​យូដា​វិញ 6រួម​មាន​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេងៗ ទាំង​បុត្រី​របស់​ស្ដេច និង​អ្នក​ឯ​ទៀតៗ​ដែល​លោក​នេប៊ូ‌សារ៉ា‌ដាន ជា​រាជ​ប្រតិភូ បាន​ទុក​ឲ្យ​នៅ​ជា​មួយ​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម និង​ជា​ចៅ​របស់​លោក​សាផាន​ទៅ​ជា​មួយ។ គេ​ក៏​នាំ​ព្យាការី​យេរេមា និង​លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទៅ​ដែរ។ 7ពួក​គេ​ពុំ​ព្រម​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទេ គឺ​ពួក​គេ​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​ក្រុង​ថាផ្នេស។
ព្រះ‌បន្ទូល​ស្ដី​អំពី​ព្រះ‌ចៅ​នេប៊ូ‌ក្នេសា​វាយ​លុក​ស្រុក​អេស៊ីប
8នៅ​ថាផ្នេស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យេរេមា​ដូច​ត​ទៅ៖
9«ចូរ​យក​ដុំ​ថ្ម​ធំៗ​ទៅ​កប់​ក្នុង​ដី​ឥដ្ឋ ដែល​ស្ថិត​នៅ​ព្រលាន​ធ្វើ​ពី​ឥដ្ឋ​ខាង​មុខ​មាត់​ទ្វារ​ដំណាក់​របស់​ស្ដេច​ផារ៉ោន នា​ក្រុង​ថាផ្នេស ឲ្យ​ប្រជា‌ជន​យូដា​ឃើញ 10រួច​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​នេប៊ូ‌ក្នេសា ស្ដេច​ស្រុក​បាប៊ី‌ឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ យើង​នឹង​ដាក់​បល្ល័ង្ក​របស់​នេប៊ូ‌ក្នេសា​ត្រង់​កន្លែង​កប់​ថ្ម​នេះ ហើយ​នេប៊ូ‌ក្នេសា​ក៏​ដំឡើង​ស្វេតច្ឆត្រ​របស់​ខ្លួន​នៅ​កន្លែង​នេះ​ដែរ។ 11នេប៊ូ‌ក្នេសា​នឹង​មក​វាយ​ស្រុក​អេស៊ីប។ ពេល​នោះ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ! 12យើង​នឹង​ដុត​កម្ទេច​វិហារ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប គឺ​នេប៊ូ‌ក្នេសា​នឹង​ដុត​កម្ទេច​រូប​បដិមា​ទាំង​នោះ ហើយ​នាំ​យក​ខ្លះ​ទៅ​ជា​ជយ‌ភណ្ឌ​ផង។ នេប៊ូ‌ក្នេសា​នឹង​រឹប​អូស​យក​អ្វីៗ​ចេញ​អស់​ពី​ស្រុក​អេស៊ីប ដូច​គេ​យក​ចៃ​ចេញ​ពី​អាវ​រោម​សត្វ​ដែរ។ បន្ទាប់​មក នេប៊ូ‌ក្នេសា​ចាក​ចេញ​ទៅ​វិញ ដោយ​សុខ‌សាន្ត។ 13ស្ដេច​ស្រុក​បាប៊ី‌ឡូន​នឹង​កម្ទេច​ស្តូប​ទាំង‌ឡាយ នៅ​ក្រុង​បេត‌សេម៉េស ក្នុង​ស្រុក​អេស៊ីប ព្រម​ទាំង​ដុត​កម្ទេច​ទីសក្ការៈ​របស់​ព្រះ​នានា​នៃ​ស្រុក​អេស៊ីប​ផង»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in