យេរេមា 35
35
លោកយេរេមា និងកូនចៅលោករេកាប
1 នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមបុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
2«ចូរទៅជួបពួកអ្នកក្នុងអំបូររេកាប ហើយនិយាយជាមួយពួកគេ។ បន្ទាប់មក ចូរនាំពួកគេទៅព្រះដំណាក់ចូលក្នុងបន្ទប់មួយ រួចចាក់ស្រាឲ្យពួកគេផឹក»។ 3ខ្ញុំក៏ទៅបបួលលោកយ៉ាសានា ជាកូនរបស់លោកយេរេមា និងជាចៅរបស់លោកហាបាស៊ីនា ព្រមទាំងបងប្អូន កូនចៅរបស់គាត់ និងអ្នកនៅក្នុងអំបូររេកាបទាំងមូល 4ហើយនាំពួកគេទៅព្រះដំណាក់របស់ព្រះអម្ចាស់ រួចចូលក្នុងបន្ទប់កូនចៅលោកហាណាន ជាកូនរបស់លោកយីកដាលា និងជាអ្នកបម្រើរបស់ព្រះជាម្ចាស់។ បន្ទប់នោះនៅជាប់បន្ទប់របស់ពួកមន្ត្រី ហើយនៅខាងលើបន្ទប់របស់លោកម៉ាសេយ៉ា ជាកូនរបស់លោកសាលូម និងជាអ្នកយាមទ្វារ។ 5ខ្ញុំបានយកឪទិនមួយដែលមានស្រាពេញ ព្រមទាំងពែងជាច្រើន មកដាក់នៅមុខពួករេកាប ទាំងពោលថា “សូមអញ្ជើញពិសា!” 6ប៉ុន្តែ អ្នកទាំងនោះតបថា៖ «ពួកយើងមិនទទួលទានស្រាទេ ដ្បិតលោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប និងជាបុព្វបុរសរបស់យើងបានហាមប្រាមយើងថា “អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា មិនត្រូវផឹកស្រាជាដាច់ខាត។ 7អ្នករាល់គ្នាក៏មិនត្រូវសង់ផ្ទះ មិនត្រូវសាបព្រោះ ដាំទំពាំងបាយជូរ ឬទិញចម្ការទំពាំងបាយជូរមកធ្វើជាកម្មសិទ្ធិឡើយ។ អ្នករាល់គ្នាត្រូវបោះជំរំរស់នៅអស់មួយជីវិត។ ធ្វើដូច្នេះ អ្នករាល់គ្នាអាចរស់បានយូរលើទឹកដីដែលអ្នករាល់គ្នាទៅស្នាក់អាស្រ័យ”។ 8ពួកយើងធ្វើតាមបង្គាប់របស់លោកយ៉ូណាដាប់ ជាកូនរបស់លោករេកាប ជាបុព្វបុរសយើងសព្វគ្រប់ទាំងអស់ ក្នុងមួយជីវិតរបស់ពួកយើង។ ពួកយើងមិនទទួលទានស្រាសោះឡើយ គឺទាំងពួកយើង ទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកយើង។ 9ពួកយើងមិនសង់ផ្ទះសម្រាប់រស់នៅ ពួកយើងគ្មានចម្ការទំពាំងបាយជូរ គ្មានដីស្រែ និងដីដាំដំណាំទេ។ 10ពួកយើងរស់នៅតាមជំរំ គឺធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូណាដាប់ ជាបុព្វបុរសបានបង្គាប់។ 11ពេលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកលុកលុយស្រុកនេះ ពួកយើងបានបបួលគ្នាមករស់នៅក្រុងយេរូសាឡឹម ដើម្បីរត់គេចពីកងទ័ពខាល់ដេ និងកងទ័ពស៊ីរី។ ហេតុនេះហើយបានជាពួកយើងរស់នៅក្នុងក្រុងយេរូសាឡឹម»។
12ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ: 13ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរទៅប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចតទៅ: តើអ្នករាល់គ្នាយល់មេរៀននេះឬទេ? តើអ្នករាល់គ្នាយល់ព្រមធ្វើតាមពាក្យរបស់យើងឬទេ? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 14យ៉ូណាដាប់ ជាកូនរបស់រេកាប ហាមកូនចៅរបស់ខ្លួនមិនឲ្យផឹកស្រា ពួកគេក៏តមស្រារហូតមកដល់សព្វថ្ងៃ គឺពួកគេធ្វើតាមបង្គាប់បុព្វបុរសរបស់ខ្លួន។ រីឯយើងវិញ យើងរំឭកដាស់តឿនអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនស្ដាប់បង្គាប់យើងទេ។ 15យើងបានចាត់ព្យាការីទាំងប៉ុន្មាន ដែលជាអ្នកបម្រើរបស់យើង ឲ្យមកប្រាប់អ្នករាល់គ្នាជារៀងរហូតថា: “ចូរងាកចេញពីអំពើអាក្រក់ ហើយកែប្រែកិរិយាមារយាទឈប់រត់ទៅតាមព្រះដទៃ ដើម្បីគោរពថ្វាយបង្គំព្រះទាំងនោះទៀត ទើបអ្នករាល់គ្នាអាចរស់នៅលើទឹកដីដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា”។ 16ប៉ុន្តែ អ្នករាល់គ្នាពុំបានត្រងត្រាប់ស្ដាប់យើង ហើយអ្នករាល់គ្នាក៏ពុំបានស្ដាប់បង្គាប់យើងដែរ!»។ 17ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និងជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងធ្វើឲ្យទុក្ខវេទនាទាំងប៉ុន្មាន កើតមានដល់ស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល ដូចយើងបានប្រកាសប្រឆាំងនឹងពួកគេស្រាប់ ដ្បិតយើងបាននិយាយជាមួយពួកគេ ពួកគេមិនស្ដាប់បង្គាប់យើងទេ យើងបានហៅពួកគេ តែពួកគេមិនឆ្លើយតបមកយើងវិញឡើយ»។
18បន្ទាប់មក លោកយេរេមាមានប្រសាសន៍ទៅកាន់កូនចៅលោករេកាបថា៖ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ដោយអ្នករាល់គ្នាស្ដាប់បង្គាប់យ៉ូណាដាប់ ជាបុព្វបុរសរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគោរព និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលគាត់បានបង្គាប់ទុក 19នោះនឹងមិនខ្វះពូជពង្សយ៉ូណាដាប់ ជាកូនរបស់រេកាប សម្រាប់បម្រើយើងឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
Currently Selected:
យេរេមា 35: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.