យេរេមា 18
18
ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ 2«ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្ដីដែលយើងប្រាប់អ្នកឲ្យដឹង»។
3ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ 4ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។ 5ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ 6«កូនចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។ 7ជួនកាល យើងសម្រេចថា រម្លើង និងរំលំប្រជាជាតិណាមួយ ឬនគរណាមួយឲ្យវិនាស។ 8ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។ 9ជួនកាលយើងសម្រេចថា កសាង និងបណ្ដុះបណ្ដាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។ 10ប៉ុន្តែ ប្រសិនបើពួកគេមិនព្រមស្ដាប់ពាក្យប្រៀនប្រដៅរបស់យើង ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើង នោះយើងនឹងលែងប្រព្រឹត្តល្អចំពោះពួកគេ តាមការសម្រេចរបស់យើង។ 11ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
12ប៉ុន្តែ ពួកគេពោលថា: “មិនបាច់និយាយទៀតទេ! យើងនឹងធ្វើតាមគម្រោងការរបស់យើង ហើយយើងនឹងប្រព្រឹត្តតាមទំនើងចិត្តរបស់យើងតទៅមុខទៀត!”»។
អ៊ីស្រាអែលបំភ្លេចព្រះអម្ចាស់របស់ខ្លួន
13ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ចូរសាកសួរក្នុងចំណោមប្រជាជាតិនានាមើល
តើមាននរណាដែលឮរឿងដូច្នេះទេ?
គឺអ៊ីស្រាអែល ដែលប្រៀបដូចជាស្រីព្រហ្មចារី
បានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត!
14គ្មាននរណាបោះបង់ចោលទឹកដែលហូរចេញ
មកពីថ្មដា និងពីទឹកកកនៅស្រុកលីបង់ទេ
គ្មាននរណាលែងរវីរវល់នឹងទឹកដ៏ត្រជាក់
ដែលហូរមកពីឆ្ងាយនោះដែរ។
15ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើង
គេនាំគ្នាថ្វាយគ្រឿងសក្ការបូជា
ដល់ព្រះក្លែងក្លាយ
ដែលបណ្ដាលឲ្យពួកគេជំពប់ដួល
នៅតាមផ្លូវដែលពួកគេធ្លាប់ដើរ
ហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួន
ទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។
16ពួកគេបានបំផ្លាញស្រុករបស់ខ្លួន
ឲ្យក្លាយទៅជាទីស្មសាន
ដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។
អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរ
ហើយគ្រវីក្បាល។
17ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យ
ប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយ
ដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។
នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេ
គឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
ការឃុបឃិតប្រឆាំងនឹងលោកយេរេមា
18ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
19ឱព្រះអម្ចាស់អើយ សូមកុំព្រងើយកន្តើយ
នឹងទូលបង្គំឡើយ
សូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ទូលបង្គំ!
20ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់
តបនឹងអំពើល្អទេ។
រីឯពួកគេវិញ ពួកគេដាក់អន្ទាក់
ចាំដកជីវិតរបស់ទូលបង្គំ
សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
ដើម្បីទូលអង្វរសម្រាប់ពួកគេ
សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
21ហេតុនេះ សូមព្រះអង្គបណ្ដាលឲ្យកូនចៅ
របស់គេជួបនឹងទុរ្ភិក្ស
សូមឲ្យពួកគេវិនាសដោយមុខដាវ
សូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅ
និងក្លាយទៅជាស្ត្រីមេម៉ាយ
ព្រោះប្ដីរបស់គេស្លាប់។
សូមឲ្យពួកយុវជនរបស់ពួកគេ
ស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
22សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ
សូមឲ្យមានឮសម្រែកឈឺចាប់
ចេញពីផ្ទះរបស់គេ
ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ
និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
23ឱព្រះអម្ចាស់អើយ
ព្រះអង្គជ្រាបនូវការឃុបឃិតទាំងប៉ុន្មាន
ដែលគេចង់ប្រហារជីវិតទូលបង្គំ។
សូមកុំអត់ទោសឲ្យពួកគេ
សូមកុំលុបអំពើបាបរបស់ពួកគេចេញពី
ព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ!
សូមឲ្យពួកគេជំពប់ដួលនៅមុខព្រះអង្គ
សូមដាក់ទោសពួកគេ
តាមព្រះពិរោធរបស់ព្រះអង្គ។
Currently Selected:
យេរេមា 18: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.