យេរេមា 13
13
ក្រណាត់ក្រវាត់ចង្កេះ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ 2ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះ តាមបញ្ជារបស់ព្រះអម្ចាស់។
3 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖ 4«ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។ 5ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះអម្ចាស់។ 6យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។ 7ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើត។
8 ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ 9«យើងនឹងធ្វើឲ្យចិត្តអួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹម បានដូចក្រណាត់ពុកនោះដែរ។ 10ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្ដាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឲ្យពួកគេបានដូចក្រណាត់នេះ ដែលយកទៅប្រើការលែងកើត! 11មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ស្រាទំពាំងបាយជូរ និងព្រះពិរោធ
12«ចូរអ្នកយកពាក្យនេះទៅប្រាប់ពួកគេថា ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “ធម្មតា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក”។ ពួកគេនឹងតបមកអ្នកវិញថា “យើងដឹងហើយថា គេតែងចាក់ស្រាទំពាំងបាយជូរក្នុងថង់ស្បែក!”។ 13ពេលនោះ អ្នកត្រូវពោលទៅពួកគេដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបង្អកស្រាដល់ប្រជាជនទាំងអស់នៅស្រុកនេះ ព្រមទាំងស្ដេចរបស់ពួកគេដែលស្នងរាជ្យតពីដាវីឌ ពួកបូជាចារ្យ ពួកព្យាការី និងអ្នកក្រុងយេរូសាឡឹមទាំងមូល រហូតដល់ស្រវឹង។ 14យើងនឹងបណ្ដាលឲ្យពួកគេសម្លាប់គ្នា ទាំងឪពុក ទាំងកូន គឺយើងមិនត្រាប្រណី មិនមេត្តា ឬអាណិតអាសូរពួកគេទេ គ្មានអ្វីរារាំងយើងមិនឲ្យកម្ទេចពួកគេឡើយ”» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលព្រមាន
15ពេលព្រះអម្ចាស់មានព្រះបន្ទូល
ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់
កុំវាយឫកខ្ពស់ឲ្យសោះ!
16ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ជាព្រះរបស់អ្នករាល់គ្នា
មុនពេលព្រះអង្គនាំភាពងងឹតចូលមក
ហើយអ្នករាល់គ្នាត្រូវជំពប់ជើងដួលនៅលើភ្នំ
ដែលគ្របដណ្ដប់ដោយភាពអន្ធការ។
អ្នករាល់គ្នាទន្ទឹងរង់ចាំពន្លឺថ្ងៃ
តែព្រះអង្គបានធ្វើឲ្យថ្ងៃនោះក្លាយទៅជា
យប់ដ៏សែនងងឹត
ព្រះអង្គធ្វើឲ្យពន្លឺថ្ងៃនោះក្លាយទៅជា
ពពកដ៏ខ្មៅងងឹត។
17ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ
នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ
ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។
ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង
ព្រោះហ្វូងចៀមរបស់ព្រះអម្ចាស់
ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
18ចូរទូលស្ដេច និងមាតារបស់ស្ដេចថា:
“សូមគង់ផ្ទាល់នឹងដីទៅ!
ដ្បិតមកុដរាជ្យរបស់ព្រះករុណា
បានធ្លាក់ចុះពីសិរសាហើយ”។
19ទ្វារក្រុងទាំងឡាយនៅតំបន់ខាងត្បូង
បិទអស់ហើយ គ្មាននរណាមកបើកទៀតទេ
ជនជាតិយូដាទាំងមូលត្រូវខ្មាំងនាំយកទៅជា
ឈ្លើយសឹកអស់គ្មានសល់។
20«យេរូសាឡឹមអើយ ចូរងើបមុខឡើង
សម្លឹងមើលសត្រូវ ដែលមកពីទិសខាងជើង
តើហ្វូងចៀមដែលយើងបានប្រគល់ឲ្យអ្នក
គឺប្រជាជនដែលធ្លាប់ធ្វើឲ្យអ្នកបានខ្ពស់មុខ
ទៅណាបាត់អស់ហើយ?
21អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្ត
ពេលពួកគេមកបំផ្លាញអ្នក
តើអ្នកថ្លែងដូចម្ដេចទៅ?
អ្នកនឹងឈឺចាប់យ៉ាងខ្លាំង
ដូចស្ត្រីដែលហៀបនឹងសម្រាលកូន។
22ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជា
ព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?”
នោះតោងដឹងថា
ខ្មាំងសត្រូវបកកេរខ្មាសរបស់អ្នក
និងរំលោភលើអ្នកដូច្នេះ
ព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។
23តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរ
ហើយខ្លារខិនអាចដូរស្នាមនៅលើ
ស្បែករបស់វាបានឬទេ?
រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ
អ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់
ហើយពុំអាចប្រព្រឹត្តល្អឡើយ។
24យើងនឹងកម្ចាត់កម្ចាយអ្នករាល់គ្នា
ដូចចំបើងត្រូវខ្យល់បក់ពីវាលរហោស្ថាន
ផាត់យកទៅ។
25យេរូសាឡឹមអើយ
នេះជាទារុណកម្មដែលយើងបម្រុងទុកសម្រាប់អ្នក
ដ្បិតអ្នកបានបំភ្លេចយើង
ហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
26យើងនឹងលាត់សំពត់របស់អ្នកឡើង
រហូតដល់ក្បាល
ដើម្បីឲ្យគេឃើញកេរខ្មាសរបស់អ្នក។
27យើងបានឃើញការផិតក្បត់ តម្រេកតណ្ហា
និងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នក
នៅតាមកំពូលភ្នំ និងនៅតាមទីវាល
យើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើម
របស់អ្នក!
យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខាន
ព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេ
តើនៅដូច្នេះដល់កាលណាទៀត?»។
Currently Selected:
យេរេមា 13: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.