YouVersion Logo
Search Icon

ចៅហ្វាយ 21

21
ការ​កកើត​ឡើង​វិញ​នៃ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន
1ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ជួប‌ជុំ​គ្នា​នៅ​មីស‌ប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​លើក​កូន​ស្រី​ខ្លួន​ទៅ​ឲ្យ​ពួក​បេន‌យ៉ាមីន ធ្វើ​ជា​ប្រពន្ធ​ឡើយ»។ 2ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ​បេត‌អែល ហើយ​អង្គុយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​ដល់​ល្ងាច ពួក​គេ​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង។ 3គេ​ទូល​ព្រះអង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល? ហេតុ​អ្វី​បាន​ជា​ថ្ងៃ​នេះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បាត់​បង់​កុល‌សម្ព័ន្ធ​មួយ?»។ 4ស្អែក​ឡើង ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម ពួក​គេ​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​យក​សត្វ​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេ​ត្រី​ភាព។ 5បន្ទាប់​មក ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ក្រុម​ណា​មួយ​មិន​បាន​មក​រួម​ប្រជុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ព្រោះ​គេ​បាន​ស្បថ​យ៉ាង​ឱឡា‌រិក​ថា អ្នក​ដែល​មិន​បាន​មក​រួម​ប្រជុំ​នៅ​មីស‌ប៉ា​នឹង​ត្រូវ​ស្លាប់។ 6ម្យ៉ាង​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ដែល​ជា​បងប្អូន​របស់​ពួក​គេ ហើយ​និយាយ​ថា៖ «ថ្ងៃ​នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​កំពុង​តែ​បាត់​កុល‌សម្ព័ន្ធ​មួយ។ 7តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​រក​ប្រពន្ធ​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់ ដ្បិត​យើង​បាន​ស្បថ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថា​មិន​លើក​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។ 8គេ​សួរ​គ្នា​ទៀត​ថា៖ «តើ​មាន​ក្រុម​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​មិន​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​មីស‌ប៉ា​ឬ​ទេ?»។ គេ​រក​ឃើញ​ថា គ្មាន​នរណា​ម្នាក់​នៅ​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ មក​បោះ​ជំរំ​រួម​ជា​មួយ​អង្គ​ប្រជុំ​ឡើយ 9ដ្បិត​នៅ​ពេល​រាប់​ចំនួន​ប្រជា‌ជន​ដែល​ចូល​រួម​នោះ គេ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​មក​ពី​ភូមិ​យ៉ាបេស​ទាល់​តែ​សោះ។ 10ដូច្នេះ អង្គ​ប្រជុំ​ក៏​ចាត់​ទាហាន​ដ៏​ខ្លាំង​ពូកែ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ឲ្យ​ទៅ​ភូមិ​យ៉ា​បេស ដោយ​បញ្ជា​ថា៖ «ចូរ​ទៅ​ប្រហារ​អ្នក​ភូមិ​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដោយ​មុខ​ដាវ រួម​ទាំង​ស្ត្រី និង​ក្មេងៗ​ផង។ 11ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្ត្រី​ដែល​មាន​ប្ដី​រួច​ហើយ​ទាំង​អស់​ដែរ»។ 12ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។
13បន្ទាប់​មក សហគមន៍​ទាំង​មូល​បាន​ចាត់​អ្នក​នាំ​ពាក្យ ឲ្យ​ទៅ​និយាយ​ជា​មួយ​កូន​ចៅ​បេន‌យ៉ាមីន ដែល​ភៀស​ខ្លួន​ទៅ​នៅ​ត្រង់​ផ្ទាំង​ថ្ម​រីម៉ូន នោះ​ថា អ៊ីស្រា‌អែល​លើក‌លែង​ទោស​ឲ្យ​ពួក​គេ​ហើយ។ 14នៅ​គ្រា​នោះ ពួក​បេន‌យ៉ាមីន​ក៏​នាំ​គ្នា​វិល​ត្រឡប់​មក​ទី​លំ‌នៅ​របស់​គេ​វិញ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រគល់​ស្ត្រី​នៅ​ភូមិ​យ៉ាបេស ដែល​គេ​មិន​បាន​សម្លាប់ ឲ្យ​ពួក​បេន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ។ ប៉ុន្តែ ស្ត្រី​ទាំង​នោះ​មាន​ចំនួន​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ទេ។ 15ជន‌ជាតិ​អ៊ីស្រា‌អែល​ស្ដាយ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ណាស់ ព្រោះ​ព្រះ‌អម្ចាស់​បាន​បំបាត់​ពួក​គេ​ពី​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល។ 16ពេល​នោះ អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​សហគមន៍​មាន​ប្រសាសន៍​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពួក​បេន‌យ៉ាមីន​ដែល​នៅ​រស់​អាច​មាន​ប្រពន្ធ បើ​ស្ត្រីៗ​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ស្លាប់​អស់​ទៅ​ហើយ? 17ពួក​បេន‌យ៉ាមីន​ត្រូវ​តែ​បន្ត​ពូជ‌ពង្ស​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​កុល‌សម្ព័ន្ធ​មួយ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រលាយ​សូន្យ​ឡើយ។ 18ប៉ុន្តែ យើង​មិន​អាច​លើក​កូន​ស្រី​របស់​យើង​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​ពួក​គេ​ទេ ពី‌ព្រោះ​យើង​បាន​ស្បថ​ថា “អ្នក​ណា​លើក​កូន​ស្រី​ឲ្យ​ពួក​បេន‌យ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដាសា”»។ 19អស់​លោក​ទាំង​នោះ​ពោល​ទៀត​ថា៖ «រៀង​រាល់​ឆ្នាំ យើង​តែង​ប្រារព្ធ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ស៊ីឡូ» (ស៊ីឡូ​ស្ថិត​នៅ​ខាង​ជើង​បេត‌អែល នៅ​ខាង​ត្បូង​លេបូ‌ណា និង​នៅ​ខាង​កើត​ផ្លូវ​ដែល​ភ្ជាប់​បេត‌អែល​ទៅ​ស៊ីគែម)។
20ពួក​គេ​បញ្ជា​កូន​ចៅ​បេន‌យ៉ាមីន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ 21ហើយ​ចាំ​ឃ្លាំ​មើល។ កាល​ណា​មាន​ស្ត្រី​ក្រមុំ​ចេញ​ពី​ស៊ីឡូ​មក​រាំ​លេង អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​មក ហើយ​ចាប់​នាង​ទាំង​នោះ​ម្នាក់​មួយៗ នាំ​យក​ទៅ​ក្នុង​ទឹក​ដី​បេន‌យ៉ាមីន ដើម្បី​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​ទៅ។ 22ប្រសិន​បើ​ឪពុក ឬ​បង​ប្រុស​របស់​ពួក​នាង​មក​ប្ដឹង​យើង យើង​នឹង​អង្វរ​ពួក​គេ​ថា “សូម​មេត្តា​អនុ‌គ្រោះ​ពួក​បេន‌យ៉ាមីន​ផង ពី‌ព្រោះ​នៅ​ពេល​យើង​ទៅ​វាយ​ប្រហារ​ភូមិ​យ៉ាបេស នោះ​យើង​រក​ស្ត្រី​មក​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រពន្ធ មិន​បាន​គ្រប់ៗ​គ្នា​ទេ។ ម្យ៉ាង​ទៀត បងប្អូន​ក៏​មិន​បាន​លើក​កូន​ស្រី​ឲ្យ​ពួក​គេ​ដែរ ដូច្នេះ បងប្អូន​គ្មាន​ធ្វើ​អ្វី​ខុស​នឹង​ពាក្យ​សម្បថ​នោះ​ឡើយ”»។
23ពួក​បេន‌យ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។ 24ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ វិល​ត្រឡប់​ទៅ​រក​កុល‌សម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។
25 នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ ម្នាក់ៗ​ធ្វើ​អ្វីៗ​តាម​តែ​ខ្លួន​យល់​ឃើញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in