YouVersion Logo
Search Icon

យ៉ាកុប 5

5
ការ​ព្រមាន​ពួក​អ្នក​មាន
1ចំពោះ​អ្នក​មាន​វិញ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ ព្រោះ​ទុក្ខ​លំបាក​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន! 2 ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​រលួយ​អស់ ហើយ​សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កណ្ដៀរ​ស៊ី​ដែរ។ 3មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នេះ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា ដូច​ភ្លើង​ឆេះ​សុស​ដែរ។ គ្រា​នេះ ជា​គ្រា​ចុង​ក្រោយ​បំផុត អ្នក​រាល់​គ្នា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក 4 ឥត​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សម្រែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល* ។ 5អ្នក​រាល់​គ្នា​រស់​នៅ​លើ​ផែនដី​នេះ​យ៉ាង​សម្បូណ៌​សប្បាយ ថ្កុំ‌ថ្កើង រុងរឿង ហើយ​អ្នក​រាល់​គ្នា​បំពេញ​ចំណង់​ចិត្ត​ខ្លួន​យ៉ាង​ឆ្អែត​ស្កប់​ស្កល់ ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។ 6អ្នក​រាល់​គ្នា​បាន​ដាក់​ទោស និង​ប្រហារ​ជីវិត​មនុស្ស​សុចរិត តែ​គេ​ពុំ​បាន​ប្រឆាំង​តប​ត​នឹង​អ្នក​រាល់​គ្នា​វិញ​ឡើយ។
ការ​អត់‌ធ្មត់ និង​ការ​ព្យាយាម​អធិស្ឋាន
7ដូច្នេះ បងប្អូន​អើយ ត្រូវ​មាន​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​ពេល​ព្រះ‌អម្ចាស់​យាង​មក​យ៉ាង​រុងរឿង។ មើល​ចុះ! អ្នក​ភ្ជួរ​រាស់​ទន្ទឹង​រង់‌ចាំ​ភោគ​ផល​ដ៏​ថ្លៃ​វិសេស​ដែល​ដី​ផ្ដល់​ឲ្យ ដោយ​ចិត្ត​អត់‌ធ្មត់ រហូត​ដល់​បាន​ផល​នៅ​ដើម​រដូវ និង​ចុង​រដូវ ។ 8បងប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ត​អត់‌ធ្មត់ តាំង​ចិត្ត​ឲ្យ​រឹង‌ប៉ឹង ដ្បិត​ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។
9បងប្អូន​អើយ មិន​ត្រូវ​រអ៊ូ‌រទាំ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​ទោស ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ជា​ចៅ‌ក្រម ព្រះអង្គ​ឈរ​នៅ​មាត់​ទ្វារ​ស្រាប់​ហើយ។ 10បងប្អូន​អើយ ចូរ​យក​តម្រាប់​តាម​ពួក​ព្យាការី*​ដែល​បាន​រង‌ទុក្ខ​លំបាក និង​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ 11 យើង​តែងតែ​សរសើរ​អស់​អ្នក​ដែល​ចេះ​ស៊ូ‌ទ្រាំ​ថា ជា​អ្នក​មាន​សុភមង្គល។ បងប្អូន​ធ្លាប់​ឮ​គេ​និយាយ​ស្រាប់​ហើយ​ថា លោក​យ៉ូប​ចេះ​ស៊ូ‌ទ្រាំ​យ៉ាង​ណាៗ​នោះ ហើយ​បងប្អូន​ក៏​ឃើញ​ដែរ​ថា នៅ​ទី​បំផុត ព្រះ‌អម្ចាស់​ឲ្យ​គាត់​បាន​ទៅ​ជា​យ៉ាង​ណា ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​មេត្តា‌ករុណា​យ៉ាង​ក្រៃ‌លែង។
12 ជា​ពិសេស បងប្អូន​អើយ កុំ​ស្បថ​ឲ្យ​សោះ គឺ​កុំ​យក​មេឃ យក​ផែនដី ឬ​យក​អ្វី​ផ្សេង​ទៀត​មក​ធ្វើ​ជា​ប្រធាន​សម្បថ​ឡើយ បើ​ថា«មែន» ឲ្យ​ប្រាកដ​ជា​«មែន» «ទេ» ឲ្យ​ប្រាកដ​ជា​«ទេ» ដើម្បី​កុំ​ឲ្យ​មាន​ទោស។
13ក្នុង​ចំណោម​បងប្អូន បើ​មាន​នរណា​ម្នាក់​កើត​ទុក្ខ​លំបាក ត្រូវ​ឲ្យ​គាត់​អធិស្ឋាន* បើ​មាន​នរណា​អរ​សប្បាយ ត្រូវ​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់។ 14 ក្នុង​ចំណោម​បងប្អូន បើ​នរណា​មាន​ជំងឺ ត្រូវ​អញ្ជើញ​ព្រឹទ្ធា‌ចារ្យ​របស់​ក្រុម‌ជំនុំ​មក ដើម្បី​ឲ្យ​លោក​ទាំង​នោះ​អធិស្ឋាន​ឲ្យ​គាត់ និង​លាប​ប្រេង*​ឲ្យ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។ 15ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​ក្រោក​ឡើង​វិញ ប្រសិន​បើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រះអង្គ​នឹង​លើក‌លែង​ទោស​ឲ្យ។ 16ដូច្នេះ សូម​បងប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​ជា​សះ‌ស្បើយ។ ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។ 17 ព្យាការី​អេលីយ៉ា​ជា​មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។ 18 បន្ទាប់​មក លោក​អធិស្ឋាន​សា​ជា​ថ្មី មេឃ​ក៏​បង្អុរ​ភ្លៀង​មក ហើយ​ដី​ក៏​បង្កើត​ភោគ​ផល​ដែរ។
19បងប្អូន​អើយ ក្នុង​ចំណោម​បងប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្ដី​ពិត ហើយ​បើ​មាន​ម្នាក់​ទៀត​នាំ​គាត់​ឲ្យ​វិល​ត្រឡប់​មក​វិញ 20 តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​ឲ្យ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លុប​ផង

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy