YouVersion Logo
Search Icon

អេសាយ 63

63
ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស
1 - តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា
នៅ​ស្រុក​អេដុម
ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ
ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច
សម្តែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា?
- គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌
យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា
ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។
2- ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ភូសា​របស់
ព្រះអង្គ​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់
របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ដូច្នេះ?
3 - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ
ទំពាំង‌បាយជូរ​តែ​ម្នាក់​ឯង
គឺ​ក្នុង​ចំណោម​ប្រជា‌ជន
គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។
យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង
យើង​បាន​ជាន់​កម្ទេច​ពួក​គេ
ព្រោះ​យើង​ខឹង​ជា​ខ្លាំង។
ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ
សម្លៀក‌បំពាក់​របស់​យើង
ហើយ​សម្លៀក‌បំពាក់​របស់​យើង
ប្រឡាក់​ទៅ​ដោយ​ឈាម។
4យើង​បាន​គ្រោង​ទុក​ថា
នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ
ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ
ប្រជា‌រាស្ត្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។
5 យើង​រំពៃ​មើល
តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ
យើង​អស់​សង្ឃឹម
ព្រោះ​គ្មាន​នរណា​ម្នាក់​គាំទ្រ​យើង​ឡើយ
ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើង
ដើម្បី​សង្គ្រោះ​ខ្លួន​យើង
ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំទ្រ​យើង។
6យើង​ជាន់​កម្ទេច​ជាតិ​សាសន៍​ទាំង‌ឡាយ
មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង
យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា
យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែនដី។
ការ​រំឭក​ពី​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​របស់​ព្រះ‌អម្ចាស់
7ខ្ញុំ​សូម​រំឭក​ពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះ‌អម្ចាស់
ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។
ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល
ព្រះអង្គ​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រា‌អែល
គឺ​កិច្ចការ​ដែល​ព្រះអង្គ​បាន​សម្តែង​ចំពោះ​ពួក​គេ
ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​លើស‌លុប
និង​ព្រះ‌ហឫទ័យ​សប្បុរស​ពន់​ប្រមាណ។
8ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:
អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ត្រ​របស់​យើង​មែន
ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត!
ព្រះអង្គ​តែងតែ​សង្គ្រោះ​ពួក​គេ​ជានិច្ច
9គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន
ព្រះអង្គ​មិន​ប្រើ​ទេវតា ឬ​នរណា​ផ្សេង​ទៀត
ឲ្យ​មក​សង្គ្រោះ​គេ​ទេ
គឺ​ព្រះអង្គ​បាន​សង្គ្រោះ​ពួក​គេ
ដោយ​ផ្ទាល់​ព្រះអង្គ។
ព្រះអង្គ​បាន​លោះ​ពួក​គេ
ដោយ​ព្រះ‌ហឫទ័យ​ស្រឡាញ់
និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា។
ព្រះអង្គ​គាំទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ
តាំង​ពី​ដើម​រៀង​មក។
10ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​តែងតែ
នាំ​គ្នា​បះ‌បោរ
ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ
ខក​ព្រះ‌ហឫទ័យ
ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ
គឺ​ព្រះ‌វិញ្ញាណ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។
11ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​នឹក​ដល់
ជំនាន់​លោក​ម៉ូសេ។
តើ​ព្រះអង្គ​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ
ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ
ទ្រង់​នៅ​ឯ​ណា?
តើ​ព្រះអង្គ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ
ឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?
12 ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​លោក​ម៉ូសេ
ហើយ​សម្តែង​ព្រះ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុងរឿង
ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ
រហូត​ត​រៀង​ទៅ។
13ព្រះអង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ
ដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថាន
គេ​មិន​ជំពប់​ដួល​ឡើយ។
14ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​ពួក​គេ​ឆ្ពោះ
ទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក
នៅ​តាម​ជ្រលង​ភ្នំ​ដែរ។
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ដឹក​នាំ
ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បែប​នេះ
ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះអង្គ​បាន​ល្បី‌ល្បាញ
ថ្កុំ‌ថ្កើង​រុងរឿង។
15សូម​ទ្រង់​ទត​មើល​ពី​លើ​មេឃ
គឺ​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ
និង​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះអង្គ។
ឯ​ណា​ទៅ ព្រះ‌ហឫទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត
និង​ភាព​អង់‌អាច​របស់​ព្រះអង្គ!
ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះអង្គ
លែង​អាណិត​មេត្តា
លែង​អាណិត​អាសូរ​ទូលបង្គំ​ដូច្នេះ!
16បពិត្រ​ព្រះ‌អម្ចាស់
ព្រះអង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។
លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ
លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ
យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ
ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ
ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ
ព្រះអង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។
17 ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះអង្គ
បណ្ដោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា
របស់​ព្រះអង្គ​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ
មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាច
ព្រះអង្គ​ដូច្នេះ?
សូម​យាង​មក​វិញ
សូម​រក​យុត្តិធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ
និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះអង្គ​ផង។
18យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ
មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ
ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទីសក្ការៈ
របស់​ព្រះអង្គ។
19តាំង​ពី​យូរ​ណាស់​មក​ហើយ
យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ
ដែល​ព្រះអង្គ​លែង​គ្រប់‌គ្រង
ព្រះអង្គ​លែង​រាប់​យើង​ខ្ញុំ​ទុក​ជា​ប្រជា‌រាស្ត្រ
របស់​ព្រះអង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy