YouVersion Logo
Search Icon

អេសាយ 60

60
សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​បំភ្លឺ​លើ​ក្រុង​យេរូ‌សាឡឹម
1យេរូ‌សាឡឹម​អើយ!
ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ
ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ!
សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ភ្លឺ​មក​លើ​អ្នក​ដូច​ថ្ងៃ​រះ។
2មើល! ផែនដី​ទាំង​មូល​នៅ​ងងឹត​ស្លុង
ហើយ​ភាព​អន្ធការ​គ្រប​លើ​ប្រជា‌ជន​ទាំង‌ឡាយ
តែ​ពន្លឺ​របស់​ព្រះ‌អម្ចាស់​រះ​ឡើង​បំភ្លឺ​អ្នក
សិរី‌រុងរឿង​របស់​ព្រះអង្គ​ក៏​លេច​មក
ដូច​ថ្ងៃ​រះ​ចាំង​លើ​អ្នក​ដែរ។
3ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក
ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែល
ចាំង​ចេញ​ពី​អ្នក​ដែរ។
4ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន
កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។
កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ
ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ
របស់​អ្នក​មក​ដែរ។
5ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរ
សប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។
គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ
មក​ឲ្យ​អ្នក
ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានា
ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។
6សត្វ​អូដ្ឋ​ទាំង​ហ្វូងៗ​នឹង​មក​ពេញ​ទីក្រុង
គឺ​អូដ្ឋ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា។
អ្នក​ស្រុក​សេបា​ទាំង​អស់​នឹង​នាំ​គ្នា​មក
ពួក​គេ​យក​មាស និង​កំញាន​មក​ជា​មួយ​ផង
ហើយ​លើក​តម្កើង​ការ​អស្ចារ្យ
ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។
7ហ្វូង​សត្វ​នៅ​ស្រុក​កេដារ
នឹង​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​អ្នក។
អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបា‌យ៉ូត
សម្រាប់​ធ្វើ​ជា​យញ្ញ‌បូជា​នៅ​លើ
អាសនៈ​របស់​យើង
ជា​តង្វាយ​ដែល​គាប់​ចិត្ត​យើង។
យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​ដ៏​រុងរឿង​របស់​យើង
បាន​ថ្កុំ‌ថ្កើង​ឡើង។
8តើ​អ្នក​ទាំង​នោះ​ជា​នរណា?
ពួក​គេ​រសាត់​មក​ដូច​ពពក
និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។
9មនុស្ស‌ម្នា​នៅ​តាម​កោះ​នានា​នឹង​មក​រក​យើង
នាវា​នៅ​ស្រុក​តើស៊ីស​នឹង​ដឹក​កូន​ប្រុសៗ
របស់​អ្នក​ពី​ស្រុក​ឆ្ងាយ​វិល​ត្រឡប់​មក​វិញ
ទាំង​នាំ​មាស​ប្រាក់​របស់​ខ្លួន​មក​ជា​មួយ
ពួក​គេ​នាំ​គ្នា​មក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក
គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
ដែល​ប្រោស​អ្នក​ឲ្យ​បាន​ថ្កុំ‌ថ្កើង។
10ជន‌ជាតិ​ដទៃ​នឹង​នាំ​គ្នា​សង់
កំពែង​របស់​អ្នក​ឡើង​វិញ
ស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នក
ដ្បិត​កាល​ពី​មុន យើង​បាន​ខឹង ហើយ​វាយ​អ្នក
តែ​ឥឡូវ​នេះ យើង​សម្តែង​ចិត្ត​អាណិត​មេត្តា
ចំពោះ​អ្នក​វិញ។
11 ទោះ​ជា​យប់ ឬ​ថ្ងៃ​ក្ដី ទ្វារ​របស់​អ្នក
នៅ​បើក​ចំហ​ជានិច្ច ឥត​បិទ​សោះ​ឡើយ
ដើម្បី​ឲ្យ​ភោគ​ទ្រព្យ​របស់​ប្រជា‌ជាតិ
ទាំង‌ឡាយ​ហូរ​ចូល​មក
និង​ឲ្យ​ស្ដេច​របស់​ពួក​គេ
មក​ជា​ហូរ‌ហែ​ដែរ។
12ប្រជា‌ជាតិ​ណា និង​នគរ​ណា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។
13គេ​នឹង​ដឹក​ឈើ​ល្អៗ​ពី​ស្រុក​លីបង់​មក​ឲ្យ​អ្នក
គឺ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​អស់
ដើម្បី​យក​មក​ធ្វើ​ជា​គ្រឿង​សង្ហារឹម
លំអ​ទីសក្ការៈ​របស់​យើង។
យើង​នឹង​ធ្វើ​ឲ្យ​កន្លែង​ដែល​យើង
ស្ថិត​នៅ​នេះ បាន​ប្រកប​ដោយ​សិរី‌រុងរឿង។
14 កូន​ចៅ​របស់​ពួក​ដែល​បាន​សង្កត់‌សង្កិន​អ្នក
នឹង​នាំ​គ្នា​មក​ឱន​កាយ​នៅ​ចំពោះ​មុខ​អ្នក
ពួក​ដែល​បាន​ជេរ​ប្រមាថ​អ្នក
នឹង​នាំ​គ្នា​មក​ក្រាប​នៅ​ទៀប​ជើង​អ្នក
គេ​នឹង​ហៅ​អ្នក​ថា “ក្រុង​របស់​ព្រះ‌អម្ចាស់
“ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏វិសុទ្ធ
នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល”។
15ពី​មុន គេ​បាន​បោះ​បង់​ចោល​អ្នក គេ​ស្អប់​អ្នក
ហើយ​គ្មាន​នរណា​ដើរ​កាត់
តែ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​ក្រុង​មួយ​ដ៏​ថ្លៃ‌ថ្នូរ
ជា​ក្រុង​ដ៏​សប្បាយ​រហូត​អស់‌កល្ប
ជា​អង្វែង​ត​រៀង​ទៅ។
16ប្រជា‌ជាតិ និង​ស្ដេច​ទាំង‌ឡាយ
នឹង​ធ្វើ​ជា​មេ​ដោះ​របស់​អ្នក។
អ្នក​នឹង​ទទួល​ស្គាល់​ថា
ព្រះ‌សង្គ្រោះ​របស់​អ្នក គឺ​ព្រះ‌អម្ចាស់
ព្រះ​ដែល​លោះ​អ្នក គឺ​ព្រះ​របស់​យ៉ាកុប
ជា​ព្រះ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។
17យើង​នឹង​ឲ្យ​គេ​យក​មាស​មក​ជំនួស​លង្ហិន
ប្រាក់​ជំនួស​ដែក
លង្ហិន​ជំនួស​ឈើ ដែក​ជំនួស​ថ្ម។
យើង​ឲ្យ​សន្តិ‌ភាព និង​យុត្តិធម៌
គ្រប់‌គ្រង ហើយ​កាន់​អំណាច​លើ​អ្នក។
18ក្នុង​ស្រុក​របស់​អ្នក គេ​នឹង​លែង​និយាយ​ពី
អំពើ​ហិង្សា​ទៀត​ហើយ
ក្នុង​ទឹក​ដី​របស់​អ្នក​ក៏​លែង​មាន
ការ​វិនាស​ហិន‌ហោច​ទៀត​ដែរ។
គេ​នឹង​ហៅ​កំពែង​របស់​អ្នក​ថា “សង្គ្រោះ”
ហៅ​ទ្វារ​របស់​អ្នក​ថា​ទ្វារ “សរសើរ​តម្កើង”។
19 នៅ​ពេល​ថ្ងៃ អ្នក​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ទេ
ហើយ​នៅ​ពេល​យប់
អ្នក​ក៏​មិន​ត្រូវ​ការ​ពន្លឺ​ព្រះ‌ច័ន្ទ​ដែរ
ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក
រហូត​ត​រៀង​ទៅ
ព្រះ​របស់​អ្នក​ជា​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ដល់​អ្នក។
20ពន្លឺ​ថ្ងៃ​របស់​អ្នក​នឹង​មិន​អស្ដង្គត​ទៀត​ឡើយ
ពន្លឺ​ព្រះ‌ច័ន្ទ​របស់​អ្នក​ក៏​មិន​លិច​បាត់​ទៅ​វិញ​ដែរ
ដ្បិត​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​អ្នក
រហូត​ត​រៀង​ទៅ
រីឯ​ពេល​វេលា​ដែល​អ្នក​កាន់​ទុក្ខ
ក៏​ចប់​សព្វ​គ្រប់​ហើយ។
21ប្រជា‌ជន​របស់​អ្នក​សុទ្ធ​តែ​ជា​មនុស្ស​សុចរិត
ពួក​គេ​នឹង​គ្រប់‌គ្រង​ទឹក​ដី​នេះ​រហូត​ត​ទៅ។
ពួក​គេ​ប្រៀប​ដូច​ជា​កូន​ឈើ​ដែល​យើង​បាន​ដាំ
យើង​បង្កើត​ពួក​គេ​មក
ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​យើង។
22អំបូរ​ដែល​តូច​ជាង​គេ​នឹង​កើន​ចំនួន​រាប់​ពាន់
អ្នក​ដែល​ខ្សោយ​ជាង​គេ
នឹង​ប្រែ​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែ។
យើង​ជា​ព្រះ‌អម្ចាស់
យើង​នឹង​ធ្វើ​ឲ្យ​ការ​ទាំង​នេះ​សម្រេច​ជា​រូប​រាង
យ៉ាង​ឆាប់ៗ តាម​ពេល​កំណត់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy