YouVersion Logo
Search Icon

អេសាយ 56

56
ភាគ​ទី​បី ព្រះ‌បន្ទូល​សន្យា
ព្រះ‌ជាម្ចាស់​ចាត់​ទុក​សាសន៍​ដទៃ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ដែរ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
ចូរ​ប្រព្រឹត្ត​តាម​យុត្តិធម៌
និង​កាន់​តាម​សេចក្ដី​សុចរិត
ដ្បិត​ការ​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយ
យើង​ក៏​សម្តែង​សេចក្ដី​សុចរិត​របស់​យើង​ដែរ។
2មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះ
គឺ​គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ
ព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ
មុខ​ជា​មាន​សុភមង្គល​មិន​ខាន!
3ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់
មិន​ត្រូវ​ពោល​ថា “ព្រះ‌អម្ចាស់​មុខ​ជា​ញែក​ខ្ញុំ
ចេញ​ពី​ប្រជា‌ជន​របស់​ព្រះអង្គ!”
រីឯ​មនុស្ស​កម្រៀវ​ក៏​មិន​ត្រូវ​ពោល​ថា
“ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។
4ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«បើ​មនុស្ស​កម្រៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ*
បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង
ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង
5នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុក
នៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើង
យើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាង
កូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀត
ឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅ
គ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។
6រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង
គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង
សុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង
គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ
ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង
7 នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង
យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង
ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋាន
យើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូល
ព្រម​ទាំង​យញ្ញ‌បូជា​ផ្សេងៗ​ដែល​គេ​យក​មក
ថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។
ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា
កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។
8 ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល
ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា
ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:
យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ
ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ
ថែម​ទៀត។
ព្រះ‌បន្ទូល​បន្ទោស​អ្នក​បោះ​បង់​ជំនឿ និង​អ្នក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ
9សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយ
ចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!
10គ្រូ​អាចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់
គេ​មិន​យល់​អ្វី​ទាំង​អស់។
អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុស
គឺ​ចេះ​តែ​ដេក​រវើ‌រវាយ
និង​ចូល​ចិត្ត​ងោក‌ងុយ។
11អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ី
ហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។
ពួក​គេ​ជា​មេ​ដឹក​នាំ
តែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់
ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន
ហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍
របស់​ខ្លួន​ប៉ុណ្ណោះ។
12គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រា
យើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា!
ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរ
ព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in