YouVersion Logo
Search Icon

អេសាយ 54

54
ព្រះ‌អម្ចាស់​មិន​បោះ​បង់​ក្រុង​យេរូ‌សាឡឹម​ទៀត​ឡើយ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
ក្រុង​យេរូ‌សាឡឹម​អើយ
អ្នក​ដែល​លែង​មាន​កូន គឺ​ប្រៀប​ដូច​ជា​ស្ត្រី​អារ
តែ​ឥឡូវ​នេះ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ!
អ្នក​ដែល​លែង​សម្រាល​កូន​អើយ!
ចូរ​អបអរ‌សាទរ​ឡើង
ដ្បិត​ភរិយា​ដែល​ស្វាមី​បោះ​បង់​ចោល
នឹង​មាន​កូន​ច្រើន​ជាង​ភរិយា​ដែល​ស្វាមី
នៅ​ជា​មួយ​ទៅ​ទៀត។
2ចូរ​ពង្រីក​ជំរំ​របស់​អ្នក​ឲ្យ​ទូលាយ​ឡើង
ចូរ​លាត​ដំបូល​ក្រណាត់​នៃ​លំ‌នៅ​របស់​អ្នក
ឲ្យ​វែង​កុំ​សំចៃ​ឡើយ!
ចូរ​ទាញ​ខ្សែ​ឲ្យ​វែង និង​បោះ​ចម្រឹង​ឲ្យ​មាំ
3ដ្បិត​ទឹក​ដី​របស់​អ្នក​នឹង​រីក​កាន់​តែ​ធំ​ឡើង
ពូជ‌ពង្ស​អ្នក​នឹង​ទទួល​ស្រុក​របស់
ប្រជា‌ជាតិ​ទាំង‌ឡាយ​មក​គ្រប់‌គ្រង​ឡើង​វិញ
ព្រម​ទាំង​វិល​ទៅ​រស់​នៅ​ក្នុង​ក្រុង​ដែល
គេ​បាន​បោះ​បង់​ចោល​ផង។
4កុំ​ភ័យ​ខ្លាច​អ្វី
អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ
កុំ​ព្រួយ​ចិត្ត​ឲ្យ​សោះ
ដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយ
អ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់
ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេង
អ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះ‌តិះ‌ដៀល
នៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក ។
5ស្វាមី​របស់​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក!
ព្រះអង្គ​មាន​ព្រះ‌នាម​ថា
«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល»។
ព្រះ​ដែល​បាន​លោះ​អ្នក​មក​នោះ
គឺ​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
ព្រះអង្គ​មាន​ព្រះ‌នាម​ថា
«ព្រះ‌ជាម្ចាស់​នៃ​ផែនដី​ទាំង​មូល»។
6អ្នក​ប្រៀប​ដូច​ជា​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល
ហើយ​កើត​ទុក្ខ​ក្រៀម‌ក្រំ
តែ​ឥឡូវ​នេះ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​អ្នក
ឲ្យ​វិល​មក​វិញ​ហើយ។
ព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថា:
“បុរស​ពុំ​អាច​បោះ​បង់​ចោល​ភរិយា​ដែល
ខ្លួន​រៀបការ​កាល​ពី​នៅ​វ័យ​ក្មេង​បាន​ឡើយ”។
7យើង​បាន​បោះ​បង់​អ្នក​មួយ‌ភ្លែត​មែន
តែ​យើង​នឹង​ទទួល អ្នក​មក​វិញ
ដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។
8យើង​បាន​ខឹង‌សម្បារ​នឹង​អ្នក
ព្រម​ទាំង​គេច​មុខ​ចេញ​ពី​អ្នក​មួយ​រយៈ​មែន
ប៉ុន្តែ យើង​នឹង​អាណិត​មេត្តា​អ្នក
ព្រោះ​យើង​ស្រឡាញ់​អ្នក​អស់‌កល្ប​ជានិច្ច។
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ដែល​លោះ​អ្នក​មក​វិញ។
9 កាល​ពី​ជំនាន់​លោក​ណូអេ
យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា
លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត
ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា
លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។
10ទោះ​បី​ភ្នំ​តូច​ភ្នំ​ធំ​កក្រើក​រំពើក​ក្ដី
សេចក្ដី​ស្រឡាញ់​របស់​យើង
មិន​ឃ្លាត​ចេញ​ពី​អ្នក​ឡើយ
រីឯ​សម្ពន្ធ‌មេត្រី​របស់​យើង
ដែល​ផ្ដល់​ឲ្យ​អ្នក​បាន​សុខ‌សាន្ត​នោះ
ក៏​មិន​ប្រែ‌ប្រួល​ដែរ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ដែល​អាណិត​មេត្តា​អ្នក។
11 ក្រុង​ដ៏​សែន​វេទនា​អើយ!
អ្នក​ត្រូវ​ខ្យល់​ព្យុះ​បក់​បោក
តែ​គ្មាន​អ្នក​ណា​សម្រាល​ទុក្ខ​អ្នក​ទេ។
ឥឡូវ​នេះ យើង​យក​ថ្ម​ដ៏​ល្អ​ប្រណីត
មក​សង់​អ្នក​ឡើង​វិញ
យើង​យក​ត្បូង​កណ្ដៀង​ចាក់​ជា​គ្រឹះ
12យើង​យក​ត្បូង​ទទឹម​ធ្វើ​ជា​ប៉ម
យក​ពេជ្រ​ចរណៃ​ធ្វើ​ជា​ទ្វារ
ព្រម​ទាំង​យក​ត្បូង​មក​ធ្វើ​ជា​កំពែង។
13 យើង​ជា​ព្រះ‌អម្ចាស់​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក
ដោយ​ខ្លួន​យើង​ផ្ទាល់
ហើយ​កូន​ចៅ​របស់​អ្នក
នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។
14អ្នក​នឹង​បាន​រឹង‌មាំ ដោយ‌សារ​សេចក្ដី​សុចរិត
ហើយ​អ្នក​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។
គ្មាន​នរណា​មក​សង្កត់‌សង្កិន មក​បំភ័យ
ឲ្យ​អ្នក​តក់‌ស្លុត​ទៀត​ទេ។
15ប្រសិន​បើ​មាន​នរណា​វាយ​ប្រហារ​អ្នក
នោះ​មិន​មែន​យើង​ចាត់​គេ​ឲ្យ​មក​ទេ
បើ​គេ​វាយ​ប្រហារ​អ្នក
គេ​នឹង​ដួល​នៅ​មុខ​អ្នក​ជា​មិន​ខាន។
16យើង​បាន​បង្កើត​ជាង​ដែក
ដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធ
ដើម្បី​ធ្វើ​សឹក​សង្គ្រាម
ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កម្ទេច
គ្រឿង​អាវុធ​នោះ​ដែរ។
17គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត
ដើម្បី​វាយ​ប្រហារ​អ្នក
នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ
ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក
អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។
យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង
ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in