អេសាយ 3
3
អណាធិបតេយ្យក្នុងរាជាណាចក្រយូដា
1 ព្រះជាអម្ចាស់នៃពិភពទាំងមូល
នឹងដកអ្វីៗទាំងប៉ុន្មាន
ដែលជាបង្អែករបស់ប្រជាជន
ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា
គឺលែងមានស្បៀងអាហារ និងប្រភពទឹក
2លែងមានវីរបុរស លែងមានអ្នកចម្បាំង
លែងមានចៅក្រម លែងមានព្យាការី
លែងមានហោរា លែងមានព្រឹទ្ធាចារ្យ
3លែងមានមេទ័ព លែងមានអ្នកធំ
លែងមានទីប្រឹក្សា លែងមានជំនាញការ
ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។
4ពេលនោះ យើងនឹងឲ្យក្មេងក្មាងឡើងធ្វើ
ជាមេដឹកនាំ ត្រួតត្រាលើពួកគេ
តាមអំពើចិត្តរបស់ខ្លួន។
5ក្នុងចំណោមប្រជាជន
គេសង្កត់សង្កិនគ្នាទៅវិញទៅមក
ម្នាក់ៗសង្កត់សង្កិនបងប្អូនរបស់ខ្លួន។
ក្មេងក្មាងប្រឆាំងនឹងចាស់ៗ
មនុស្សពាលប្រឆាំងនឹងមនុស្សថ្លៃថ្នូរ។
6ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូន
ក្នុងអំបូររបស់ខ្លួន ដោយពោលថា:
បងមានអាវធំ ដូច្នេះ សូមធ្វើជា
មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី
ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ!
7ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា:
ខ្ញុំមិនមែនជាគ្រូពេទ្យទេ
នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ
កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
8ពិតមែនហើយ យេរូសាឡឹមជាក្រុងដែល
កំពុងតែរលំ
ហើយយូដាជាស្រុកកំពុងតែហិនហោច
ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងព្រះអម្ចាស់
ដើម្បីបន្ថោកសិរីរុងរឿងរបស់ព្រះអង្គ
ដោយពាក្យសម្ដី
និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
9ឫកពារបស់ពួកគេសម្តែងឲ្យឃើញថា
ពួកគេមានទោស
ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម
គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស
ឥតលាក់លៀមសោះឡើយ។
ពួកគេត្រូវវេទនាជាមិនខាន
ព្រោះគេបង្កទោសខ្លួនឯង!
10អ្នករាល់គ្នាអាចពោលថា:
មនុស្សសុចរិតបានសុខដុមរមនា
គេនឹងទទួលផលពីកិច្ចការដែលគេធ្វើ។
11រីឯមនុស្សអាក្រក់នឹងត្រូវវេទនា
គេមិនបានសុខទេ
គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
12 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ប្រជាជនរបស់យើងត្រូវក្មេងក្មាង
ជិះជាន់សង្កត់សង្កិន
ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។
ប្រជាជនរបស់យើងអើយ
ពួកមេដឹកនាំរបស់អ្នករាល់គ្នា
នាំអ្នករាល់គ្នាឲ្យវង្វេង
ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។
13 ព្រះអម្ចាស់កំពុងតែប្រុងប្រៀបកាត់ក្ដី
ព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស
ជាតិសាសន៍ទាំងឡាយ ។
14 ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ
និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា:
“អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ!
អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ
មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
15ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លី
ប្រជារាស្ត្ររបស់យើង
ហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
ព្រះអម្ចាស់បន្ទោសពួកជំទាវនៅក្រុងយេរូសាឡឹម
16 ព្រះអម្ចាស់មានព្រះបន្ទូលថា:
ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់
ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់
ពួកគេដើរកាច់រាង
ទាំងអង្រួនកងជើងឲ្យគេឮ។
17 ព្រះអម្ចាស់នឹងធ្វើឲ្យពួកជំទាវ
នៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល
ហើយព្រះអម្ចាស់ធ្វើឲ្យក្បាលពួកគេ
ទៅជាត្រងោល។
18នៅគ្រានោះ ព្រះអម្ចាស់នឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះ គឺព្រះអង្គដកក្រវិល ភ្នួងសក់ បន្តោងខ្សែក 19ទុំហូ ខ្សែដៃ ស្បៃបាំងមុខ 20ស្នៀតសក់ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ដន្លាប់ 21ចិញ្ចៀន ក្រវិល ច្រមុះ 22សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប 23កញ្ចក់ ក្រណាត់ស្ដើង ឈ្នួតក្បាល និងស្បៃរុំខ្លួន។
24ពេលនោះ ក្លិនអសោចនឹងជំនួសក្លិនទឹកអប់
ច្រវាក់នឹងជំនួសខ្សែក្រវាត់
ក្បាលត្រងោលនឹងជំនួសសក់ក្រងយ៉ាងស្អាត
សម្លៀកបំពាក់កណ្ដាច់កណ្ដាចនឹងជំនួស
សម្លៀកបំពាក់ដ៏ល្អប្រណីត
សញ្ញាដែលគេដៅជាទាសករ
នឹងជំនួសសម្ផស្សដ៏ស្អាត។
25យេរូសាឡឹមអើយ ប្រុសៗរបស់អ្នក
នឹងត្រូវស្លាប់ដោយមុខដាវ
ទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នា
នឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។
26ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង
កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី
ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។
Currently Selected:
អេសាយ 3: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.