ហូសេ 10
10
ការវិនាសរបស់អាណាចក្រអ៊ីស្រាអែល
1ពីដើម ប្រជាជនអ៊ីស្រាអែល
ប្រៀបដូចជាចម្ការទំពាំងបាយជូរ
ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។
ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា
ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ
ក៏កើនឡើងច្រើនយ៉ាងនោះដែរ។
ស្រុករបស់គេកាន់តែល្អយ៉ាងណា
គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ
កាន់តែល្អឡើងៗយ៉ាងនោះដែរ។
2ដោយពួកគេមានចិត្តមិនស្មោះ
ពួកគេត្រូវតែទទួលទោស
គឺព្រះអម្ចាស់នឹងផ្ដួលរំលំអាសនៈរបស់ពួកគេ
ព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។
3ឥឡូវនេះ ពួកគេនិយាយគ្នាថា:
«យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន
គោរពកោតខ្លាចព្រះអម្ចាស់។
(ប៉ុន្តែ ប្រសិនបើយើងមានស្ដេច
តើស្ដេចអាចជួយយើងបានឬទេ?)»។
4ពួកគេពោលពាក្យឥតបានការ
និយាយស្បថបំពាន
ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។
ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង
ពន្លកតិណជាតិមានជាតិពុល
ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
5អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត
ព្រោះតែរូបគោញីដែលគេគោរព
នៅបេត-អាវេន
ប្រជាជន និងពួកបូជាចារ្យដែលគោរពបូជា
រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។
ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ
ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ
ពីចំណោមពួកគេ។
6គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី
ថ្វាយព្រះចៅអធិរាជ។
អេប្រាអ៊ីមនឹងត្រូវអាម៉ាស់
អ៊ីស្រាអែលនឹងត្រូវបាក់មុខ
ព្រោះតែនយោបាយរបស់ខ្លួន ។
7អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច
កម្ទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក ។
8 ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន
ជាកន្លែងដែលប្រជាជនអ៊ីស្រាអែល
ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។
រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។
ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា:
ចូរជួយលាក់យើងខ្ញុំផង!
ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា:
ចូររលំសង្កត់លើយើងខ្ញុំមក!។
9 ចាប់តាំងពីគ្រានៅគីបៀរ អ៊ីស្រាអែលចេះតែ
ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។
ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបៀរ
សម្រាប់ដាក់ទោសជនពាល!
10យើងនឹងធ្វើទោសពួកគេ តាមចិត្តយើង
ជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេ
ដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុស
ទាំងពីរដែលពួកគេបានប្រព្រឹត្ត។
11អេប្រាអ៊ីមប្រៀបបាននឹងគោញី
ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ
ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ
យើងទឹមអេប្រាអ៊ីម
យូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។
12 ចំណែកឯអ្នករាល់គ្នាវិញ
ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត
អ្នករាល់គ្នានឹងច្រូតបានភក្ដីភាពយ៉ាងបរិបូណ៌!
ចូរកាប់គាស់ដីចម្ការថ្មី!
ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយ
គឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមក
ចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។
13អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់
នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត
ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។
អ្នកបានពឹងផ្អែកលើរទេះចម្បាំង
និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។
14ហេតុនេះ សម្រែកបរាជ័យលេចឮ
ក្នុងកងទ័ពរបស់អ្នក
ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក
នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ាន
បានបំផ្លាញក្រុងបេត-អើបេល
នៅថ្ងៃធ្វើសឹកសង្គ្រាម
គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
15នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ
ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។
នៅពេលថ្ងៃរះ ស្ដេចស្រុកអ៊ីស្រាអែលនឹងត្រូវ
វិនាសសូន្យ។
Currently Selected:
ហូសេ 10: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.