ហូសេ 1
1
1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអូសៀស ព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល។
អាពាហ៍ពិពាហ៍របស់លោកហូសេ
2ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងតាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ:
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់ មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។
3លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្ដេចយេហ៊ូវ ព្រោះតែស្ដេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្ដេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ 5ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយេសរាល»។
6នាងកូមើរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ 7ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។
8ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ 9ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។
ថ្ងៃដែលអ៊ីស្រាអែលបានរុងរឿងឡើងវិញ
10 ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល
នឹងកើនចំនួនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។
នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា:
“អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង”
នៅទីនោះនឹងមានគេពោលថា:
“អ្នករាល់គ្នាជាបុត្ររបស់
ព្រះដ៏មានព្រះជន្មគង់នៅ”។
11ពេលនោះ កូនចៅយូដា
និងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ
ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ
ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ ។
“ទិវាយេសរាល”
ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់!
Currently Selected:
ហូសេ 1: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.