ហាកាយ 2
2
ព្រះវិហារថ្មី
1នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំពីរ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីហាកាយដូចតទៅ៖
2«ចូរប្រាប់សូរ៉ូបាបិល ជាកូនរបស់លោកសាលធាល ទេសាភិបាលរបស់អាណាខេត្តយូដា និងមហាបូជាចារ្យយេសួរ ជាកូនរបស់លោកយ៉ូសាដាក ព្រមទាំងប្រជាជនដែលនៅសេសសល់ថា
3 #
អរ. ៣.១២
ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់
តើនរណាធ្លាប់បានឃើញព្រះដំណាក់ដ៏រុងរឿង
កាលពីជំនាន់មុន?
ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះដំណាក់ថ្មី
មានភាពដូចម្ដេចដែរ?
អ្នករាល់គ្នាឃើញថា ព្រះដំណាក់ថ្មីនេះ
មិនល្អទាល់តែសោះ!
4ឥឡូវនេះ សូរ៉ូបាបិលអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
មហាបូជាចារ្យយេសួរ
ជាកូនរបស់លោកយ៉ូសាដាកអើយ
ចូរមានចិត្តក្លាហានឡើង!
ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ
ចូរមានចិត្តក្លាហានឡើង!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ចូរនាំគ្នាធ្វើការទៅ
ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
5 #
នក. ២៩.៤៥-៤៦
ព្រះវិញ្ញាណរបស់យើងស្ថិតនៅជាមួយ
អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល
អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប
ដូច្នេះ កុំខ្លាចអ្វីឡើយ!»។
6 #
ហប. ១២.២៦
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«បន្តិចទៀត យើងនឹងធ្វើឲ្យ
ផ្ទៃមេឃ និងផែនដី
ព្រមទាំងសមុទ្រ និងដីគោក កក្រើក។
7យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។
ទ្រព្យសម្បត្តិដ៏មានតម្លៃ
របស់ប្រជាជាតិទាំងអស់
នឹងហូរចូលមកក្នុងដំណាក់របស់យើង
ហើយយើងនឹងធ្វើឲ្យដំណាក់នេះ
បានថ្កុំថ្កើងរុងរឿង
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
8ប្រាក់ និងមាសជាកម្មសិទ្ធិរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
9សិរីរុងរឿងរបស់ដំណាក់ថ្មីនេះនឹងថ្កុំថ្កើង
ជាងសិរីរុងរឿងរបស់ដំណាក់
កាលពីជំនាន់មុនទៅទៀត។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
នៅកន្លែងនេះ យើងនឹងផ្ដល់ឲ្យអ្នករាល់គ្នា
បានប្រកបដោយសេចក្ដីសុខសាន្ត»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
ប្រជាជននៅមិនទាន់បរិសុទ្ធ
10នៅថ្ងៃទីម្ភៃបួន ខែទីប្រាំបួន ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីហាកាយដូចតទៅ:
11 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរសួរយោបល់ពួកបូជាចារ្យដូចតទៅ: 12“ប្រសិនបើក្នុងថ្នក់អាវរបស់នរណាម្នាក់ មានសាច់ដែលគេបានញែកជាសក្ការៈ ហើយបើអាវរបស់អ្នកនោះប៉ះនំបុ័ង បន្លែ ស្រា ប្រេង ឬអាហារណាមួយផ្សេងទៀត តើរបស់ទាំងនោះអាចចាត់ទុកជារបស់សក្ការៈបានឬទេ?”»។ ពួកបូជាចារ្យឆ្លើយថា«ទេ!»។ 13#ជគ. ១៩.១១-២២លោកហាកាយមានប្រសាសន៍ទៀតថា៖ «ប្រសិនបើនរណាម្នាក់ត្រូវសៅហ្មង ព្រោះតែប៉ះពាល់សាកសព ហើយពេលគាត់ប៉ះពាល់របស់ឯទៀតៗ តើរបស់នោះទៅជាសៅហ្មងដែរឬទេ?»។ ពួកបូជាចារ្យតបថា៖ «របស់ទាំងនោះនឹងទៅជាសៅហ្មងមែន»។
14លោកហាកាយក៏មានប្រសាសន៍ថា៖
ប្រជាជននេះក៏ដូច្នោះដែរ
យើងចាត់ទុកប្រជាជាតិនេះជាសៅហ្មង
ហើយអ្វីៗដែលពួកគេធ្វើ
និងអ្វីៗដែលគេយកមកថ្វាយយើងនៅទីនេះ
ក៏សៅហ្មងដែរ។
15ឥឡូវនេះ ចូរសង្កេតមើលអំពីហេតុការណ៍
ដែលកើតមានចាប់ពីពេលនេះតទៅខាងមុខ។
មុនពេលអ្នករាល់គ្នាយកថ្មមកដាក់ត្រួតលើគ្នា
ដើម្បីសង់ព្រះវិហាររបស់ព្រះអម្ចាស់
16អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង
នោះឃើញមានតែដប់ថាំងទេ។
អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ
ដើម្បីដួសយកស្រាហាសិបធុង
នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
17យើងបានធ្វើឲ្យដំណាំរបស់អ្នករាល់គ្នា
ខូចខាត ស្រូវអ្នករាល់គ្នាស្កក
មានក្រាស៊ី និងមានព្រឹលធ្លាក់មកបំផ្លាញអស់
ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនវិលមករក
យើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18ហេតុនេះ ចូរសង្កេតមើលហេតុការណ៍ដែល
កើតមានចាប់ពីឥឡូវនេះតទៅខាងមុខ។
ចាប់តាំងពីថ្ងៃទីម្ភៃបួនក្នុងខែទីប្រាំបួន
គឺចាប់ពីថ្ងៃដែលគេចាក់គ្រឹះសង់
ព្រះវិហាររបស់ព្រះអម្ចាស់។
ចូរសង្កេតមើលចុះ!
19នៅក្នុងជង្រុក គ្មាននៅសល់គ្រាប់ពូជទេ
សូម្បីតែចម្ការទំពាំងបាយជូរ
ដើមឧទុម្ពរ ដើមទទឹម និងដើមអូលីវ
ក៏មិនផ្ដល់ភោគផលអ្វីដែរ។
ប៉ុន្តែ ចាប់ពីថ្ងៃនេះទៅ
យើងនឹងឲ្យពរ
អ្នករាល់គ្នាបានចម្រុងចម្រើន។
ព្រះបន្ទូលសន្យាចំពោះលោកសូរ៉ូបាបិល
20នៅថ្ងៃទីម្ភៃបួនដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកហាកាយជាលើកទីពីរថា៖
21ចូរប្រាប់សូរ៉ូបាបិល ជាទេសាភិបាលរបស់
អាណាខេត្តយូដាថា:
យើងនឹងធ្វើឲ្យផ្ទៃមេឃ និងផែនដីកក្រើក
22យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ
យើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។
យើងនឹងរំលំរទេះចម្បាំង
ព្រមទាំងអស់អ្នកដែលបររទេះនោះ។
យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ
បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
23 ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖
«សូរ៉ូបាបិល ជាកូនរបស់សាលធាលអើយ
អ្នកជាអ្នកបម្រើរបស់យើង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
នៅថ្ងៃនោះ យើងនឹងតែងតាំងអ្នកឲ្យ
ធ្វើជាត្រារបស់យើងផ្ទាល់
ព្រោះយើងបានជ្រើសរើសអ្នកហើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
Currently Selected:
ហាកាយ 2: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.