YouVersion Logo
Search Icon

លោកុប្បត្តិ 22

22
លោក​អប្រាហាំ​សុខ​ចិត្ត​បូជា​កូន​ថ្វាយ​ព្រះ‌អម្ចាស់
1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌ជាម្ចាស់​ក៏​ល្បង‌ល​មើល​ចិត្ត​របស់​លោក​អប្រាហាំ គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ថា៖ «អប្រាហាំ!»។ លោក​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់»។ 2 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​អ៊ីសាក​កូន​របស់​អ្នក​មក គឺ​កូន​ប្រុស​តែ​មួយ​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទៅ​ស្រុក​ម៉ូរី‌យ៉ា​ទៅ។ នៅ​ទី​នោះ ចូរ​យក​វា​ធ្វើ​យញ្ញ‌បូជា​នៅ​លើ​ភ្នំ​មួយ ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក»។
3លោក​អប្រាហាំ​ក្រោក​ពី​ព្រលឹម ចង​កែប​លា ហើយ​យក​អ្នក​បម្រើ​ក្មេងៗ​ពីរ​នាក់ ព្រម​ទាំង​អ៊ីសាក​ជា​កូន​មក​ជា​មួយ។ លោក​ក៏​បាន​ពុះ​អុស​សម្រាប់​យក​ទៅ​ដុត​តង្វាយ​ដែរ រួច​ហើយ​លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រាប់​លោក។ 4លុះ​ដល់​ថ្ងៃ​ទី​បី លោក​អប្រាហាំ​ងើប​មុខ​ឡើង ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ។ 5លោក​មាន​ប្រសាសន៍​ទៅ​ក្មេង​បម្រើ​ទាំង​ពីរ​របស់​លោក​ថា៖ «ចាំ​នៅ​ទី​នេះ​ជា​មួយ​សត្វ​លា​សិន ខ្ញុំ និង​កូន​ខ្ញុំ​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​លើ​ភ្នំ​នោះ រួច​ហើយ​យើង​នឹង​ត្រឡប់​មក​វិញ»។ 6លោក​អប្រាហាំ​យក​អុស​សម្រាប់​ធ្វើ​យញ្ញ‌បូជា​មក​ឲ្យ​អ៊ីសាក​ជា​កូន​លី រីឯ​លោក​វិញ លោក​កាន់​ភ្លើង និង​កាំបិត ហើយ​ទាំង​ឪពុក​ទាំង​កូន​ដើរ​ទៅ​ជា​មួយ​គ្នា។ 7ពេល​នោះ អ៊ីសាក​ហៅ​លោក​អប្រាហាំ​ជា​ឪពុក​ថា៖ «ពុក!»។ លោក​ឆ្លើយ​ថា៖ «មាន​ការ​អី​កូន!»។ អ៊ីសាក​ពោល​ថា៖ «យើង​មាន​ភ្លើង មាន​អុស​ហើយ ចុះ​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា​នៅ​ឯ​ណា?»។ 8លោក​អប្រាហាំ​ឆ្លើយ​ថា៖ «កូន​អើយ ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ផ្គត់‌ផ្គង់​ចៀម​សម្រាប់​ធ្វើ​យញ្ញ‌បូជា»។ បន្ទាប់​មក ទាំង​ឪពុក​ទាំង​កូន​ក៏​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា។
9 លុះ​មក​ដល់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ប្រាប់ លោក​អប្រាហាំ​សង់​អាសនៈ​មួយ ហើយ​យក​អុស​មក​គរ​ពី​លើ រួច​លោក​ចង​អ៊ីសាក ជា​កូន យក​ទៅ​ដាក់​ពី​លើ​គំនរ​អុស​នៅ​លើ​អាសនៈ​នោះ។ 10បន្ទាប់​មក លោក​អប្រាហាំ​ទាញ​កាំបិត​បម្រុង​នឹង​អារ-ក​កូន​ធ្វើ​យញ្ញ‌បូជា។ 11ពេល​នោះ ស្រាប់​តែ​ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​ពី​លើ​មេឃ​មក​ថា៖ «អប្រាហាំ អប្រាហាំ​អើយ!»។ លោក​តប​ថា៖ «ក្រាប​ទូល!»។ 12ទេវតា​ពោល​ថា៖ «កុំ​ប្រហារ​ជីវិត​កូន​ឡើយ កុំ​ធ្វើ​អ្វី​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ យើង​ដឹង​ថា​អ្នក​ពិត​ជា​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​មែន គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន ដែល​អ្នក​មាន​តែ​មួយ​នេះ​មក​យើង​ឡើយ»។ 13លោក​អប្រាហាំ​ងើប​មុខ​ឡើង ក្រឡេក​ទៅ​ខាង​ក្រោយ ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ឈើ។ លោក​អប្រាហាំ​ក៏​ទៅ​យក​ចៀម​នោះ​មក ហើយ​ធ្វើ​យញ្ញ‌បូជា​ជំនួស​កូន​ប្រុស​របស់​លោក។ 14លោក​អប្រាហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌អម្ចាស់​ផ្គត់‌ផ្គង់» ។ ហេតុ​នេះ​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ​គេ​តែង​ពោល​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ» ។
15ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖ 16 «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សុំ​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា 17 យើង​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដ៏​ច្រើន​បរិបូណ៌​យ៉ាង​នោះ​ដែរ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ផ្កាយ​នៅ​លើ​មេឃ និង​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពូជ‌ពង្ស​អ្នក​នឹង​គ្រប់‌គ្រង​លើ​នគរ​របស់​ពួក​ខ្មាំង​សត្រូវ។ 18 ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្ដាប់​បង្គាប់​យើង»។
19លោក​អប្រាហាំ​វិល​ទៅ​រក​ពួក​ក្មេង​បម្រើ​វិញ ហើយ​ក៏​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ក្រុង​បៀរ‌សេបា។ លោក​អប្រាហាំ​ស្នាក់​អាស្រ័យ​នៅ​ក្រុង​បៀរ‌សេបា​នោះ​ទៅ។
20ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​លោក​អប្រាហាំ​ថា៖ «នាង​មីលកា​ក៏​បាន​បង្កើត​កូន​ប្រុស​ជា​ច្រើន​ជូន​លោក​ណាឃរ ជា​ប្អូន​របស់​លោក​ដែរ គឺ​មាន 21អ៊ូស​ជា​កូន​ច្បង ប៊ូស​ជា​ប្អូន កេមូ‌អែល​ដែល​ត្រូវ​ជា​ឪពុក​របស់​អើរ៉ាម 22កេសេដ ហាសូ ពីលដាស យីដឡាប និង​បេធូ‌អែល។ 23លោក​បេធូ‌អែល​ត្រូវ​ជា​ឪពុក​របស់​នាង​រេបិកា។ អ្នក​ទាំង​ប្រាំ​បី​នេះ​ជា​កូន​ដែល​នាង​មីលកា​បាន​បង្កើត​ជូន​លោក​ណាឃរ ប្អូន​របស់​លោក​អប្រាហាំ។» 24រីឯ​ប្រពន្ធ​ទី​ពីរ​របស់​លោក​ណាឃរ ឈ្មោះ​នាង​រេយូ‌ម៉ា ក៏​មាន​កូន​ដែរ គឺ​ធេបា កាហាំ ថាហាស និង​ម៉ាកា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in