អេសេគាល 17
17
ប្រស្នាអំពីដើមតាត្រៅ និងសត្វឥន្ទ្រី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរនិទានរឿងមួយចោទជាប្រស្នាដល់ពូជពង្សអ៊ីស្រាអែលទៅ! 3ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: មានសត្វឥន្ទ្រីមួយយ៉ាងធំ ផ្ទាំងស្លាបវាវែង ស្លាបវាក្រាស់ ហើយចម្រុះពណ៌។ ឥន្ទ្រីនោះហើរទៅដល់ភ្នំលីបង់ រួចកាច់ចុងតាត្រៅ។ 4ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរ ដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។ 5បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។ 6គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំងបាយជូរបែកមែកសាខា វារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី រីឯឫសស្ថិតនៅពីក្រោមវា។ ដើមទំពាំងបាយជូរនោះលូតលាស់ ចេញពន្លក បង្កើតមែកធាង។
7បន្ទាប់មក មានឥន្ទ្រីដ៏ធំមួយទៀតដែលមានផ្ទាំងស្លាបវែង និងមានស្លាបក្រាស់។ ទំពាំងបាយជូរលូតផុតពីដី ហើយបែរទាំងឫស ទាំងមែកទៅរកឥន្ទ្រីថ្មី ដើម្បីទទួលទឹកពីឥន្ទ្រីនោះ។ 8ទំពាំងបាយជូរដុះនៅលើដីមានជីជាតិល្អ មានទឹកបរិបូណ៌ ហើយបែកមែកសាខា បង្កើតផលផ្លែ ក្លាយទៅជាដើមទំពាំងបាយជូរដ៏ល្អប្រណីត»។
9 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «តើដើមទំពាំងបាយជូរនេះអាចចម្រើនលូតលាស់បានឬ? ឥន្ទ្រីទីមួយនឹងដកឫស ព្រមទាំងជម្រុះផ្លែរបស់វា ទុកឲ្យដើមវាក្រៀមស្ងួត ហើយស្លឹកដែលទើបនឹងដុះក៏ក្រៀមស្ងួតអស់ដែរ។ ដើម្បីដកឫសរបស់វា មិនចាំបាច់ប្រើកម្លាំងខ្លាំង ឬកងទ័ពច្រើនឡើយ។ 10ទោះបីទំពាំងបាយជូរនេះដុះយ៉ាងមាំក្ដី ក៏វាពុំអាចលូតលាស់បានដែរ។ ពេលមានខ្យល់បក់ពីទិសខាងកើត វាមុខជាក្រៀមស្ងួតមិនខាន គឺវានឹងក្រៀមនៅលើដីដែលវាដុះនោះ»។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 12 «ចូរសួរពូជបះបោរថា តើអ្នករាល់គ្នាយល់អត្ថន័យប្រស្នានេះឬទេ? ចូរប្រាប់ពួកគេថា ស្ដេចស្រុកបាប៊ីឡូនបានទៅក្រុងយេរូសាឡឹម ហើយចាប់ស្ដេចស្រុកយូដា និងពួកនាម៉ឺន នាំយកមកស្រុកបាប៊ីឡូន។ 13ស្ដេចស្រុកបាប៊ីឡូនជ្រើសរើសពូជស្ដេចស្រុកយូដាមួយរូបមក ហើយចងសម្ពន្ធមេត្រីជាមួយ ព្រមទាំងឲ្យពូជស្ដេចនោះធ្វើសច្ចាប្រណិធានផង។ ស្ដេចស្រុកបាប៊ីឡូនយកពួកមេដឹកនាំចេញពីស្រុក 14ដើម្បីឲ្យនគរនោះនៅទន់ខ្សោយ មិនអាចបះបោរ ហើយគោរពសម្ពន្ធមេត្រីយ៉ាងហ្មត់ចត់។ 15ប៉ុន្តែ ស្ដេចយូដាបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន ដោយចាត់អ្នកនាំសារទៅស្រុកអេស៊ីប សុំជំនួយទ័ពសេះ និងពលទាហានយ៉ាងច្រើន។ តើស្ដេចធ្វើដូច្នេះអាចសម្រេចគម្រោងការ និងរំដោះខ្លួនបានឬទេ? ស្ដេចនោះផ្ដាច់សម្ពន្ធមេត្រី ហើយពិតជាពុំអាចរំដោះខ្លួនបានឡើយ! 16យើងជាព្រះដ៏មានជីវិតគង់នៅ! -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - ស្ដេចនោះមុខជាស្លាប់នៅក្នុងស្រុក នៅក្បែរស្ដេចដែលបានតែងតាំងខ្លួនឲ្យគ្រងរាជ្យ និងនៅកណ្ដាលក្រុងបាប៊ីឡូន ព្រោះស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រីទៀតផង។ 17ពេលកងទ័ពបាប៊ីឡូនសង់ប៉ម និងលើកទួលឡើង ដើម្បីប្រល័យជីវិតប្រជាជនដ៏ច្រើនកុះករ ទោះបីស្ដេចផារ៉ោនមានទ័ពជាច្រើន និងខ្លាំងពូកែយ៉ាងណាក្ដី ក៏ពុំអាចជួយស្ដេចនោះបានដែរ។ 18ស្ដេចនោះបានក្បត់ពាក្យសច្ចាប្រណិធាន និងផ្ដាច់សម្ពន្ធមេត្រី គឺស្ដេចបានព្រមព្រៀងជាមួយគេ ហើយបែរជាប្រព្រឹត្តអំពើទាំងនេះទៅវិញ ដូច្នេះ ស្ដេចពុំអាចរំដោះខ្លួនបានឡើយ!»។
19ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានជីវិតគង់នៅ! ស្ដេចស្រុកអ៊ីស្រាអែលក្បត់នឹងពាក្យសច្ចាប្រណិធាន ដែលគេបានស្បថជាមួយយើង ហើយក៏ផ្ដាច់សម្ពន្ធមេត្រីដែលគេបានចងជាមួយយើងដែរ។ យើងនឹងដាក់ទោសគេ តាមពាក្យដែលគេស្បថ។ 20យើងនឹងបោះសំណាញ់ទៅលើស្ដេច ហើយស្ដេចនោះនឹងជាប់ក្នុងសំណាញ់របស់យើង។ យើងនឹងនាំគេទៅស្រុកបាប៊ីឡូន ហើយនៅទីនោះ យើងនឹងកាត់ទោសគេ ព្រោះគេបានក្បត់យើង។ 21ទាហានដ៏ចំណានរបស់គេនឹងស្លាប់ដោយមុខដាវ រីឯអ្នកដែលរួចពីស្លាប់ នឹងត្រូវខ្ចាត់ខ្ចាយរត់ទៅគ្រប់ទិសទី។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា នេះពិតជាពាក្យរបស់យើង ដែលជាព្រះអម្ចាស់មែន»។
ព្រះបន្ទូលសន្យា
22 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងកាច់ពន្លកមួយពីចុងតាត្រៅ យកមកដាំនៅលើភ្នំដ៏ខ្ពស់សន្លឹម។ 23យើងនឹងដាំពន្លកនោះនៅលើភ្នំដ៏ខ្ពស់ក្នុងស្រុកអ៊ីស្រាអែល ពន្លកនោះនឹងបែកមែកសាខា បង្កើតផ្លែផ្កា ក្លាយទៅជាដើមតាត្រៅដ៏ល្អប្រណីត។ បក្សាបក្សីគ្រប់ប្រភេទនឹងនាំគ្នាមកធ្វើសំបុកអាស្រ័យនៅ តាមមែកតាត្រៅនោះ។ 24ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។
Currently Selected:
អេសេគាល 17: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.