YouVersion Logo
Search Icon

អេសេគាល 15

15
អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង​អុស​ដែល​គេ​ដុត
1 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ 2«កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយជូរ ជា​អុស​ល្អ​ជាង​អុស​ឯ​ទៀតៗ​ឬ? តើ​មែក​ទំពាំង‌បាយជូរ​ល្អ​ជាង​មែក​ឈើ​ឯ​ទៀតៗ​ឬ? 3តើ​គេ​អាច​យក​ដើម​ទំពាំង‌បាយជូរ​នេះ​ទៅ​ឆ្លាក់​ធ្វើ​វត្ថុ​អ្វី​មួយ ឬ​ក៏​យក​ទៅ​ប្រើ​សម្រាប់​ព្យួរ​អ្វី​មួយ​បាន​ឬ? 4គេ​ប្រើ​អុស​នេះ​បាន​ត្រឹម​តែ​ដុត​ប៉ុណ្ណោះ។ ពេល​ណា​ភ្លើង​ឆេះ​កន្ទុយ​អុស​ទាំង​សង​ខាង និង​ឆេះ​ផ្នែក​កណ្ដាល​អស់​ហើយ តើ​គេ​អាច​យក​ទៅ​ប្រើ​ការ​អ្វី​បាន​ទៀត? 5កាល​វា​នៅ​ទាំង​មូល គេ​យក​ទៅ​ប្រើ​ការ​អ្វី​មិន​បាន​ផង ចុះ​ទម្រាំ​បើ​ត្រូវ​ភ្លើង​ឆេះ​អស់ នោះ​វា​រឹង‌រឹត​តែ​លែង​បាន​ការ!»។
6ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «គេ​យក​អុស​ទំពាំង‌បាយជូរ​ពី​ចំណោម​ឈើ​ឯ​ទៀតៗ​នៅ​ក្នុង​ព្រៃ​ទៅ​ដុត​យ៉ាង​ណា យើង​ក៏​ដាក់​ទោស​អ្នក​ក្រុង​យេរូ‌សាឡឹម​យ៉ាង​នោះ​ដែរ។ 7យើង​នឹង​ដាក់​ទោស​ពួក​គេ ទោះ​បី​ពួក​គេ​ខំ​ប្រឹង​រត់​ចេញ​ពី​ភ្លើង​ក្ដី ក៏​ភ្លើង​នៅ​តែ​ឆេះ​បំផ្លាញ​ពួក​គេ​មិន​ខាន។ ពេល​ឃើញ​យើង​ដាក់​ទោស​ពួក​គេ នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន! 8យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​ពួក​គេ​បាន​នាំ​គ្នា​ក្បត់​យើង»-នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in