និក្ខមនំ 38
38
អាសនៈថ្វាយយញ្ញបូជា និងអាងសម្រាប់ធ្វើពិធីជម្រះកាយ
1លោកធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ 2លោកធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ 3លោកក៏បានធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ 4លោកធ្វើប្រទាសលង្ហិនមួយ ដាក់នៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ 5លោកសិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សម្រាប់ស៊កឈើស្នែង។ 6លោកធ្វើឈើស្នែងពីឈើនាងនួន ដោយស្រោបលង្ហិនផង។ 7លោកស៊កឈើស្នែងសម្រាប់សែងនោះទៅក្នុងកង ដែលស្ថិតនៅតាមជ្រុងអាសនៈ។ អាសនៈនេះធ្វើអំពីក្ដារ ហើយមានប្រហោងក្នុង។
8លោកធ្វើអាងអំពីលង្ហិន និងកំណល់អាងនោះពីលង្ហិន ដោយប្រើកញ្ចក់របស់ក្រុមស្ត្រីដែលជួបជុំគ្នា នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
ទីលាន
9លោកធ្វើទីលានដោយមានរនាំងធ្វើពីអំបោះធ្មៃបាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ។ 10រនាំងនោះភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។ 11នៅប៉ែកខាងជើង រនាំងមានបណ្ដោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។ 12នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់ រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់។ 13នៅប៉ែកខាងកើត រនាំងមានប្រវែងហាសិបហត្ថ។ 14នៅច្រកចូលរនាំងម្ខាង មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ 15ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ 16រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ 17ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន តម្ពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ 18វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្ដោយម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។ 19បង្គោលទាំងបួនរបស់វាំងនន និងជើងទ្រទាំងបួន ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។ 20ចម្រឹងទាំងប៉ុន្មានរបស់ព្រះពន្លា និងចម្រឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។
សម្ភារៈដែលប្រើប្រាស់សម្រាប់សង់ព្រះពន្លា
21ពួកលេវីបានកត់ត្រាទុកតាមបញ្ជារបស់លោកម៉ូសេនូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះក្រោមការណែនាំរបស់លោកអ៊ីថាម៉ា ជាកូនរបស់លោកបូជាចារ្យអើរ៉ុន។ 22លោកបេតសាលាលដែលជាកូនរបស់លោកយូរី និងជាចៅលោកហ៊ើរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ 23លោកអូហូលីអាប់ ជាកូនលោកអហ៊ីសាម៉ាក់ នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកដែរ គឺលោកអូហូលីអាប់ជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីអំបោះធ្មៃ។
24មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់ ១ ០០២គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 25 រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់ ៣ ៤៤៧ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 26 ប្រាក់នេះបានទទួលពីប្រជាជនចំនួន ៦០៣ ៥៥០នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 27គេប្រើសាច់ប្រាក់ ៣ ៤២៧គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលព្រះពន្លា និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង ៣៤គីឡូក្រាម។ 28រីឯសាច់ប្រាក់ ២០គីឡូក្រាមទៀត គេយកទៅធ្វើតម្ពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។ 29លង្ហិនដែលប្រជាជនយកមកថ្វាយមានទម្ងន់ ២ ៤២៦គីឡូក្រាម។ 30គេយកលង្ហិននេះទៅប្រើសម្រាប់ធ្វើជើងទ្របង្គោល រនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ 31រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចម្រឹងដែលគេបោះជុំវិញព្រះពន្លា និងចម្រឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។
Currently Selected:
និក្ខមនំ 38: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.