YouVersion Logo
Search Icon

និក្ខមនំ 22

22
ច្បាប់​ស្ដី​អំពី​ចោរ
1ប្រសិន​បើ​អ្នក​ណា​លួច​គោ ឬ​ចៀម យក​ទៅ​សម្លាប់ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​មួយ​ជា​ប្រាំ និង​ចៀម​មួយ​ជា​បួន​ទៅ​ឲ្យ​ម្ចាស់​សត្វ​វិញ។
2ប្រសិន​បើ​គេ​សម្លាប់​ចោរ​ដែល​គេ​ទាន់​កំពុង​តែ​លួច នៅ​ពេល​យប់ អ្នក​សម្លាប់​ចោរ​នោះ​មិន​ត្រូវ​មាន​ទោស​ឡើយ។ 3ប៉ុន្តែ បើ​ហេតុ‌ការណ៍​នេះ​កើត​ឡើង​នៅ​ពេល​ថ្ងៃ អ្នក​សម្លាប់​ចោរ​នឹង​ត្រូវ​មាន​ទោស។ ត្រូវ​ពិន័យ​ចោរ តែ​បើ​ចោរ​នោះ​គ្មាន​អ្វី​បង់​ទេ ត្រូវ​លក់​គេ​ជា​ទាសករ។ 4ប្រសិន​បើ​គេ​រក​ឃើញ​គោ លា ឬ​ចៀម​នៅ​រស់​ក្នុង​ដៃ​ចោរ ចោរ​ត្រូវ​តែ​សង​សត្វ​នោះ​វិញ​មួយ​ជា​ពីរ។
ច្បាប់​ការពារ​កម្មសិទ្ធិ
5ប្រសិន​បើ​អ្នក​ណា​បណ្ដោយ​ឲ្យ​ហ្វូង​សត្វ​របស់​ខ្លួន ទៅ​ស៊ី​បំផ្លាញ​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​ដទៃ អ្នក​នោះ​ត្រូវ​យក​ភោគ‌ផល​ដ៏​ល្អ​បំផុត​ពី​ស្រែ និង​ពី​ចម្ការ​ទំពាំង‌បាយជូរ​របស់​ខ្លួន​ទៅ​សង​គេ​វិញ។
6ប្រសិន​បើ​អ្នក​ណា​ដុត​គុម្ព​បន្លា ធ្វើ​ឲ្យ​ភ្លើង​រាល​ទៅ​ឆេះ​កណ្ដាប់​ស្រូវ ឬ​ឆេះ​ស្រូវ​ទុំ ឬ​មិន​ទាន់​ទុំ​ក្ដី អ្នក​នោះ​ត្រូវ​តែ​បង់​ជំងឺ​ចិត្ត​ទៅ​ឲ្យ​ម្ចាស់​ស្រែ។
7បើ​អ្នក​ណា​ផ្ញើ​ប្រាក់ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត​ឲ្យ​អ្នក​ដទៃ​ថែ‌រក្សា ហើយ​មាន​ចោរ​លួច​របស់​ទាំង​នោះ​ពី​ផ្ទះ​អ្នក​ថែ‌រក្សា ប្រសិន​បើ​គេ​ចាប់​ចោរ​បាន ចោរ​នោះ​ត្រូវ​សង​របស់​គេ​មួយ​ជា​ពីរ។ 8ប្រសិន​បើ​ចាប់​ចោរ​មិន​បាន​ទេ នោះ​ត្រូវ​នាំ​ម្ចាស់​ផ្ទះ​ទៅ​ស្បថ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ថា គាត់​មិន​បាន​បន្លំ​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ឡើយ។
9បើ​នរណា​ម្នាក់​បាត់​គោ លា កូន​ចៀម អាវ​ធំ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត ហើយ​មាន​ម្នាក់​ទៀត​ប្រកាន់​ថា​ជា​របស់​ខ្លួន ក្នុង​ករណី​ដណ្ដើម​កម្មសិទ្ធិ​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ អ្នក​ដែល​ព្រះអង្គ​ប្រកាស​ថា​មាន​កំហុស ត្រូវ​សង​ទៅ​ម្ចាស់​របស់​មួយ​ជា​ពីរ។
10បើ​អ្នក​ណា​ម្នាក់​យក​លា គោ កូន​ចៀម ឬ​សត្វ​ដទៃ​ទៀត ទៅ​ផ្ញើ​អ្នក​ដទៃ​មើល​ឲ្យ រួច​សត្វ​នោះ​ងាប់ ឬ​របួស ឬ​ត្រូវ​គេ​លួច​យក​ទៅ ដោយ​គ្មាន​នរណា​ឃើញ 11ទាំង​អ្នក​ផ្ញើ​សត្វ ទាំង​អ្នក​ទទួល​បញ្ញើ ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ទទួល​បញ្ញើ​ត្រូវ​ស្បថ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ប៉ះ‌ពាល់​សត្វ​របស់​គេ​ឡើយ។ ម្ចាស់​សត្វ​ត្រូវ​តែ​ទទួល​យក​ពាក្យ​សម្បថ​នេះ រីឯ​អ្នក​ទទួល​បញ្ញើ​ក៏​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ដែរ។ 12ផ្ទុយ​ទៅ​វិញ បើ​មាន​ចោរ​លួច​សត្វ​នោះ​នៅ​ផ្ទះ​របស់​អ្នក​ទទួល​បញ្ញើ គាត់​ត្រូវ​តែ​សង​ជំងឺ​ចិត្ត​ទៅ​ម្ចាស់​សត្វ។ 13ប្រសិន​បើ​សត្វ​នោះ​ងាប់​ដោយ‌សារ​សត្វ​ព្រៃ​ហែក​ស៊ី អ្នក​ទទួល​បញ្ញើ​ត្រូវ​យក​ចំណែក ដែល​នៅ​សល់​មក​ធ្វើ​ជា​ភស្ដុតាង ហើយ​គាត់​មិន​ត្រូវ​សង​ជំងឺ​ចិត្ត​ទេ។
14ប្រសិន​បើ​អ្នក​ណា​ខ្ចី​សត្វ​ពាហនៈ​ពី​អ្នក​ជិត​ខាង​ខ្លួន ហើយ​សត្វ​នោះ​ត្រូវ​របួស ឬ​ងាប់ ពេល​ម្ចាស់​មិន​នៅ អ្នក​នោះ​ត្រូវ​តែ​សង​ជំងឺ​ចិត្ត។ ប៉ុន្តែ បើ​ម្ចាស់​នៅ​ជា​មួយ​ដែរ នោះ​អ្នក​ខ្ចី​មិន​ត្រូវ​សង​អ្វី​ទេ។ 15ប្រសិន​បើ​គាត់​ជួល​សត្វ​នោះ​មក គាត់​ត្រូវ​តែ​បង់​ថ្លៃ​ឈ្នួល។
ច្បាប់​សីលធម៌​ផ្សេងៗ
16 បើ​អ្នក​ណា​ល្បួង​ស្ត្រី​ក្រមុំ​ដែល​មិន​ទាន់​មាន​គូ​ដណ្ដឹង ហើយ​រួមរ័ក​ជា​មួយ​នាង អ្នក​នោះ​ត្រូវ​បង់​បណ្ណា​ការ រួច​យក​នាង​ធ្វើ​ជា​ភរិយា។ 17ប្រសិន​បើ​ឪពុក​នាង​ប្រកែក​ដាច់​ខាត​មិន​ព្រម​លើក​នាង​ឲ្យ​ទេ អ្នក​នោះ​ត្រូវ​បង់​ប្រាក់​តាម​តម្លៃ​បណ្ណា​ការ​សម្រាប់​ស្ត្រី​ក្រមុំ។
18 មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​អាប‌ធ្មប់​នៅ​រស់​ឡើយ។
19 អ្នក​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​តែ​ទទួល​ទោស​ដល់​ជីវិត។
20 អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់ ត្រូវ​តែ​សម្លាប់​ចោល។
21 មិន​ត្រូវ​ជិះ‌ជាន់ ឬ​សង្កត់‌សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។
22មិន​ត្រូវ​ធ្វើ​បាប​ស្ត្រី​មេម៉ាយ ឬ​ក្មេង​កំព្រា​ឡើយ។ 23ប្រសិន​បើ​អ្នក​ធ្វើ​បាប​ពួក​គេ ហើយ​ពួក​គេ​ស្រែក​ហៅ​យើង យើង​ប្រាកដ​ជា​ស្ដាប់​សម្រែក​របស់​ពួក​គេ។ 24យើង​នឹង​ខឹង​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ប្រពន្ធ​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​កូន​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ក្មេង​កំព្រា។
25 ប្រសិន​បើ​អ្នក​ឲ្យ​ជន​ទុគ៌ត​ណា​ម្នាក់ ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង​ខ្ចី​ប្រាក់ មិន​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​ដូច​ជា​អ្នក​ចង​ការ​ប្រាក់​ឡើយ គឺ​កុំ​ទារ​ការ​ប្រាក់​ពី​គេ​ជា​ដាច់​ខាត។
26 ប្រសិន​បើ​អ្នក​រាល់​គ្នា​ទទួល​អាវ​ធំ​ដែល​អ្នក​ដទៃ​យក​មក​បញ្ចាំ ត្រូវ​ប្រគល់​ទៅ​គេ​វិញ​មុន​ពេល​ថ្ងៃ​លិច 27ដ្បិត​អ្នក​នោះ​គ្មាន​អ្វី​ផ្សេង​ទៀត​ដណ្ដប់​ទេ បើ​គ្នា​គ្មាន​អាវ​ធំ តើ​បាន​អ្វី​ដណ្ដប់​នៅ​ពេល​ដេក? ប្រសិន​បើ​គេ​ស្រែក​រក​យើង យើង​នឹង​ស្ដាប់​ពាក្យ​គេ ដ្បិត​យើង​មាន​ចិត្ត​អាណិត​មេត្តា។
28 មិន​ត្រូវ​ជេរ​ប្រមាថ​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មិន​ត្រូវ​ប្រទេច‌ផ្ដាសា​អ្នក​ដឹក​នាំ​ប្រជា‌ជន​របស់​អ្នក​ដែរ។
29ត្រូវ​យក​ភោគ‌ផល​ដំបូង​នៃ​ស្រែ​ចម្ការ​របស់​អ្នក​មក​ឲ្យ​យើង កុំ​បី​អាក់‌ខាន​ឡើយ។ ត្រូវ​ញែក​កូន​ប្រុស​ច្បង​របស់​អ្នក​ទុក​សម្រាប់​យើង។ 30រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម ក៏​ត្រូវ​ញែក​ទុក​ឲ្យ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​ឲ្យ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​ឲ្យ​យើង។
31 យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​ដ៏វិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy