អេភេសូ 4
4
ការរួបរួមរបស់គ្រិស្តបរិស័ទ
1ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ 2 ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់។ 3ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
4ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ 5ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ 6ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
7ព្រះអង្គបានផ្ដល់ព្រះគុណមកឲ្យយើងម្នាក់ៗតាមកម្រិតព្រះអំណោយទាន ដែលព្រះគ្រិស្តប្រទានមកយើង។ 8 ហេតុនេះហើយបានជាមានថ្លែងទុកថា
«ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់
ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ
ហើយព្រះអង្គប្រទានព្រះអំណោយទាន
ផ្សេងៗដល់មនុស្សលោក»។
9ពាក្យថា“យាងឡើងទៅ”នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះ ជាមុនសិន។ 10ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ* ដើម្បីបំពេញអ្វីៗទាំងអស់។ 11គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក* ឲ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ* អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន 12ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រិស្តឡើង 13រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រិស្តដែលបំពេញអ្វីៗទាំងអស់ ។ 14ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ 15ផ្ទុយទៅវិញ បើយើងប្រព្រឹត្តតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ យើងនឹងបានចម្រើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រិស្តជាសិរសា 16 គឺព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
ជីវិតចាស់ និងជីវិតថ្មី
17ដូច្នេះ ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្តតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។ 18គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្តរឹងរូសទៀតផង។ 19ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្តអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្តលោភលន់របស់គេ។
20រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រិស្តរបៀបនេះទេ។ 21ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន 22 បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។ 23ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង 24 ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
25 ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ 26 ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្តអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ 27កុំហុចឱកាសឲ្យមារ*មកល្បួងបងប្អូន។ 28អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្តទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។ 29កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកឲ្យអ្នកស្ដាប់ផងដែរ។ 30កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។
31សូមបងប្អូនកម្ចាត់ចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ 32 ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្តដែរ។
Currently Selected:
អេភេសូ 4: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.