សាស្ដា 2
2
1ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះ មកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដី ក៏ឥតបានការដែរ។ 2ខ្ញុំគិតថា ការសើចសប្បាយជាការលេលា រីឯអំណររីករាយវិញ តើបានប្រយោជន៍អ្វី? 3ខ្ញុំបានសម្រេចចិត្តយកសុរាជាត្រីមុខ ហើយរស់នៅដូចមនុស្សលេលា ប៉ុន្តែ ព្រមជាមួយគ្នានោះ ចិត្តគំនិតរបស់ខ្ញុំនៅតែចង់ធ្វើជាម្ចាស់លើប្រាជ្ញារបស់ខ្ញុំ ដើម្បីឲ្យបានដឹងច្បាស់ថា អ្វីទៅជាការល្អ ដែលមនុស្សត្រូវប្រព្រឹត្ត ក្នុងជីវិតដ៏ខ្លីរបស់គេនៅលើផែនដីនេះ។
4 ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចម្ការទំពាំងបាយជូរទុកសម្រាប់ខ្លួនឯង 5ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។ 6ខ្ញុំបានជីកស្រះយកទឹកស្រោចស្រពព្រៃ ដែលមានកូនឈើដុះដេរដាស។ 7 ខ្ញុំបានទិញអ្នកបម្រើប្រុសស្រី ថែមពីលើអ្នកបម្រើដែលកើតនៅក្នុងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏មានហ្វូងគោ និងហ្វូងចៀមច្រើនជាងស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ 8 ខ្ញុំបានប្រមូលមាសប្រាក់ ព្រមទាំងទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ស្ដេច និងនគរនានា។ ខ្ញុំរកបានអ្នកចម្រៀងប្រុសស្រី និងអ្វីៗទាំងអស់ដែលមនុស្សប្រាថ្នាចង់បាន ហើយក៏មានស្ត្រីស្នំជាច្រើនផង។ 9 ខ្ញុំទទួលឋានៈដ៏ប្រសើរឧត្ដុង្គឧត្ដមលើសស្ដេចនានា ដែលសោយរាជ្យនៅក្រុងយេរូសាឡឹមមុនខ្ញុំ។ ប៉ុន្តែ ប្រាជ្ញាស្ថិតនៅជាមួយខ្ញុំដដែល។ 10អ្វីៗដែលខ្ញុំប្រាថ្នាចង់បាន ខ្ញុំទទួលទាំងអស់។ ខ្ញុំតែងតែបំពេញតាមបំណងសប្បាយគ្រប់យ៉ាងរបស់ខ្ញុំ ដ្បិតខ្ញុំសប្បាយរីករាយនឹងការងារទាំងប៉ុន្មានដែលខ្ញុំធ្វើ គឺការសប្បាយនេះហើយជាផលនៃការងាររបស់ខ្ញុំ។ 11បន្ទាប់មក ខ្ញុំពិចារណាមើលស្នាដៃទាំងប៉ុន្មានដែលខ្ញុំបានធ្វើ ព្រមទាំងការនឿយហត់របស់ខ្ញុំ ដើម្បីសម្រេចកិច្ចការទាំងនេះ ខ្ញុំយល់ឃើញថា អ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ កិច្ចការដែលធ្វើនៅលើផែនដី គ្មានប្រយោជន៍អ្វីឡើយ។
12ពេលនោះ ខ្ញុំបែរទៅពិចារណាមើលថា តើប្រាជ្ញា ភាពលេលា ឬការវង្វេងស្មារតី មានប្រយោជន៍អ្វី។ ខ្ញុំក៏ដណ្ដឹងសួរថា តើស្ដេចដែលគ្រងរាជ្យបន្តពីខ្ញុំ នឹងប្រព្រឹត្តអ្វីផ្សេងពីស្ដេចមុនៗដែរឬ? 13ខ្ញុំក៏យល់ឃើញដូចតទៅ: ប្រាជ្ញាមានតម្លៃជាងការវង្វេងស្មារតី ដូចពន្លឺមានតម្លៃជាងភាពងងឹត។ 14មនុស្សមានប្រាជ្ញាដឹងថា ខ្លួនកំពុងធ្វើដំណើរទៅទីណា រីឯមនុស្សល្ងីល្ងើដើរនៅក្នុងភាពងងឹត។ ប៉ុន្តែ ខ្ញុំយល់ថា ចុងបញ្ចប់របស់អ្នកទាំងពីរមិនខុសគ្នាទេ។ 15ខ្ញុំនឹកក្នុងចិត្តថា: ចុងបញ្ចប់របស់ខ្ញុំក៏ដូចជាចុងបញ្ចប់របស់មនុស្សលេលាដែរ។ ដូច្នេះ បើខ្ញុំមានប្រាជ្ញាច្រើន តើបានប្រយោជន៍អ្វី? ខ្ញុំនឹកក្នុងចិត្តថា ត្រង់នេះក៏ឥតបានការដែរ 16អ្នកប្រាជ្ញមិនខុសប្លែកពីមនុស្សលេលាទេ ដ្បិតគ្មាននរណានឹកនាដល់គេ រហូតអស់កល្បជានិច្ចឡើយ។ ពេលវេលាចេះតែកន្លងផុតទៅ ហើយមនុស្សក៏ភ្លេចអ្វីៗទាំងអស់ដែរ។ អ្នកប្រាជ្ញនឹងស្លាប់ដូចមនុស្សលេលា។ 17ហេតុនេះហើយបានជាខ្ញុំមិនចូលចិត្តជីវិតទេ ហើយខ្ញុំយល់ឃើញថា អ្វីៗដែលមនុស្សធ្វើនៅលើផែនដីសុទ្ធតែអាក្រក់ ព្រោះអ្វីៗទាំងអស់សុទ្ធតែឥតបានការ ដូចដេញចាប់ខ្យល់។ 18ខ្ញុំមិនចូលចិត្តការនឿយហត់ទាំងប៉ុន្មាន ដែលខ្ញុំខំធ្វើនៅលើផែនដីឡើយ ដ្បិតខ្ញុំត្រូវទុកទាំងអស់សម្រាប់ស្ដេច ដែលគ្រងរាជ្យបន្តពីខ្ញុំ។ 19មួយវិញទៀត គ្មាននរណាដឹងថា ស្ដេចថ្មីនោះជាមនុស្សមានប្រាជ្ញា ឬមនុស្សលេលាទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ស្ដេចនោះនឹងគ្រប់គ្រងលើស្នាដៃទាំងប៉ុន្មានដែលខ្ញុំខំប្រឹងប្រែងធ្វើ ដោយប្រាជ្ញារបស់ខ្ញុំ នៅលើផែនដី។ ត្រង់នេះក៏ឥតបានការដែរ។ 20គិតដូច្នេះ ខ្ញុំក៏បាក់ទឹកចិត្តចំពោះការខំប្រឹងប្រែងទាំងប៉ុន្មាន ដែលខ្ញុំធ្វើនៅលើផែនដីនេះ។ 21មនុស្សម្នាក់ខំប្រឹងធ្វើការយ៉ាងនឿយហត់ ដោយប្រើប្រាជ្ញា ចំណេះ និងការស្ទាត់ជំនាញតែបែរជាទុកអ្វីៗដែលខ្លួនធ្វើឲ្យមនុស្សម្នាក់ទៀត ដែលពុំបានខំប្រឹងប្រែងទាល់តែសោះ។ ត្រង់នេះក៏ឥតបានការ ហើយជាការមួយដ៏អាក្រក់បំផុត។ 22អ្នកដែលខំប្រឹងប្រែង ខ្វល់ខ្វាយធ្វើការនៅលើផែនដី ដើម្បីសម្រេចតាមគោលបំណងរបស់ខ្លួនបែបនេះ តើបានប្រយោជន៍អ្វី? 23 ដ្បិតរៀងរាល់ថ្ងៃ មានតែទុក្ខកង្វល់ និងទុក្ខព្រួយ សូម្បីតែពេលយប់ ចិត្តរបស់គេក៏មិនស្ងប់។ ត្រង់នេះក៏ឥតបានការដែរ។
24 ដូច្នេះ សម្រាប់មនុស្ស គ្មានអ្វីប្រសើរជាងការស៊ីផឹក ព្រមទាំងគិតតែពីសប្បាយនឹងកិច្ចការដែលខ្លួនខំប្រឹងធ្វើនោះឡើយ។ ប៉ុន្តែ ត្រង់នេះទៀត ខ្ញុំឃើញថា ព្រះជាម្ចាស់ទេតើដែលប្រទានឲ្យ។ 25ប្រសិនបើព្រះជាម្ចាស់មិនប្រោសប្រទានទេនោះ គ្មាននរណាម្នាក់អាចបរិភោគ ឬសប្បាយចិត្តបានឡើយ 26 ដ្បិតព្រះជាម្ចាស់ប្រទានប្រាជ្ញា ការចេះដឹង និងអំណរ ដល់អ្នកដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯមនុស្សបាបវិញ ព្រះអង្គប្រទានឲ្យគេខ្វល់ខ្វាយ គិតតែពីប្រមូលទ្រព្យសម្បត្តិ ប្រគល់ឲ្យអស់អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
Currently Selected:
សាស្ដា 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.