ទុតិយកថា 28
28
ព្រះពរ
1 «ប្រសិនបើអ្នកយកចិត្តទុកដាក់ស្ដាប់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដូចខ្ញុំបង្គាប់នៅថ្ងៃនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានទៅជាប្រជាជាតិមួយ ប្រសើរជាងប្រជាជាតិទាំងអស់នៅលើផែនដី។ 2ប្រសិនបើអ្នកស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះរបស់អ្នក ព្រះអង្គនឹងប្រទានពរគ្រប់យ៉ាងដល់អ្នក 3គឺព្រះអង្គប្រទានពរដល់អ្នក នៅតាមទីក្រុង ព្រះអង្គប្រទានពរដល់អ្នកនៅតាមស្រែចម្ការ។ 4ព្រះអង្គប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកកើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើនចំនួនឡើងជាច្រើនដែរ។ 5ព្រះអង្គប្រទានពរឲ្យអ្នកមានផ្លែឈើពេញល្អី ព្រមទាំងមានស្រូវពេញជង្រុក។
6ព្រះអង្គនឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
7 ព្រះអម្ចាស់នឹងធ្វើឲ្យបច្ចាមិត្តបាក់ទ័ព រត់នៅពីមុខអ្នក។ ពួកគេចេញមកវាយអ្នក ដោយដើរតាមផ្លូវតែមួយ តែពួកគេនឹងរត់នៅមុខអ្នក ទៅតាមផ្លូវប្រាំពីរ។
8 ព្រះអម្ចាស់ប្រទានពរឲ្យអ្នកមានស្រូវពេញជង្រុក ហើយអ្វីៗដែលអ្នកធ្វើ ព្រះអង្គប្រទានពរជានិច្ច។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងស្រុកដែលព្រះអង្គប្រទានឲ្យអ្នក។ 9ពេលណាអ្នកប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងធ្វើឲ្យអ្នកទៅជាប្រជារាស្ត្រដ៏វិសុទ្ធ* ដូចព្រះអង្គបានសន្យាជាមួយអ្នក។ 10ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងឃើញថា ព្រះអម្ចាស់បានជ្រើសរើសអ្នកជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ហើយពួកគេនឹងកោតខ្លាចអ្នក។ 11ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានឲ្យអ្នកបានចម្រុងចម្រើន ដោយធ្វើឲ្យពូជពង្សរបស់អ្នក និងហ្វូងសត្វរបស់អ្នកកើនចំនួនច្រើនឡើង ហើយក៏ធ្វើឲ្យអ្នកទទួលភោគផលជាច្រើន នៅលើទឹកដីដែលព្រះអង្គបានសន្យាដល់បុព្វបុរស* ថាប្រទានឲ្យអ្នកដែរ។ 12ព្រះអម្ចាស់នឹងបើកផ្ទៃមេឃ បង្អុរភ្លៀងចុះមកស្រោចស្រពទឹកដីរបស់អ្នក តាមរដូវកាល ដើម្បីប្រទានពរដល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ។ អ្នកនឹងឲ្យទ្រព្យដល់ប្រជាជាតិជាច្រើនខ្ចី តែអ្នកមិនខ្ចីពីគេឡើយ។ 13ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងធ្វើឲ្យអ្នកបានថ្កុំថ្កើងជាងគេ គឺមិនមែនអន់ជាងគេទេ អ្នកនឹងទទួលកិត្តិយសខ្ពង់ខ្ពស់ជានិច្ច គឺមិនចុះឱនថយឡើយ។ ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ហើយកាន់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ 14មិនត្រូវងាកទៅឆ្វេង ទៅស្ដាំ ឆ្ងាយពីបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ហើយបែរទៅជំពាក់ចិត្ត និងគោរពថ្វាយបង្គំព្រះឯទៀតៗឡើយ»
បណ្ដាសា
15«ប្រសិនបើអ្នកមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ប្រសិនបើអ្នកមិនកាន់ ឬប្រតិបត្តិតាមបទបញ្ជា និងច្បាប់ទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះទេ នោះអ្នកនឹងទទួលបណ្ដាសាដូចតទៅ:
16អ្នកនឹងត្រូវបណ្ដាសានៅតាមទីក្រុង ហើយអ្នកនឹងត្រូវបណ្ដាសានៅតាមស្រុកស្រែ។ 17អ្នកនឹងត្រូវបណ្ដាសា ដោយគ្មានផ្លែឈើនៅក្នុងល្អី គ្មានស្រូវនៅក្នុងជង្រុក។ 18អ្នកនឹងត្រូវបណ្ដាសាដោយគ្មានកូនចៅ ដីរបស់អ្នកមិនបង្កើតភោគផល ហ្វូងគោ និងហ្វូងចៀមរបស់អ្នក ក៏មិនកើនចំនួនដែរ។ 19អ្នកនឹងទទួលបណ្ដាសាក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។
20 ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកជួបប្រទះទុក្ខវេទនា ភាពអាសន្ន និងភយន្តរាយ ហើយអ្វីៗដែលអ្នកធ្វើនឹងត្រូវខូចបង់ រហូតទាល់តែអ្នកវិនាសសូន្យ ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយបោះបង់ចោលព្រះអង្គ។
21 ព្រះអម្ចាស់នឹងធ្វើឲ្យអាសន្នរោគកើតមានចំពោះអ្នក រហូតដល់អ្នកវិនាសសូន្យបាត់ពីទឹកដីដែលអ្នកចូលទៅកាន់កាប់។ 22ព្រះអម្ចាស់នឹងប្រហារអ្នកដោយជំងឺរាតត្បាត ជំងឺគ្រុនក្ដៅ គ្រុនរលាក គ្រុនសន្ធំ ព្រមទាំងមានកើតការរាំងស្ងួត ស្រូវរបស់អ្នកនឹងស្កក ហើយមានក្រាស៊ី។ ទុក្ខវេទនាទាំងនេះនឹងកើតមានដល់អ្នក រហូតទាល់តែអ្នកវិនាស។ 23មេឃដែលនៅពីលើអ្នកនឹងក្ដៅដូចជាលង្ហិន ហើយដីដែលនៅពីក្រោមអ្នកនឹងរឹងដូចដែក។ 24ព្រះអម្ចាស់នឹងធ្វើឲ្យធូលីដី ព្រមទាំងផេះធ្លាក់ពីលើមេឃ មកលើស្រុករបស់អ្នកជំនួសភ្លៀង រហូតទាល់តែអ្នកវិនាស។
25 ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកបាក់ទ័ព រត់នៅមុខខ្មាំងសត្រូវ។ អ្នកចេញទៅវាយពួកគេ ដោយដើរតាមផ្លូវតែមួយ តែអ្នកនឹងរត់នៅមុខពួកគេ តាមផ្លូវប្រាំពីរ។ នគរទាំងប៉ុន្មាននៅលើផែនដីឮដំណឹងនេះ គេនឹងនាំគ្នាព្រឺខ្លាច។ 26សាកសពរបស់អ្នកនឹងក្លាយទៅជាចំណីរបស់ត្មាត និងសត្វព្រៃ ហើយគ្មាននរណាមកដេញពួកវាឡើយ។
27 ព្រះអម្ចាស់នឹងប្រហារអ្នកដោយគ្រោះកាច ដូចព្រះអង្គធ្លាប់ប្រហារជនជាតិអេស៊ីបដែរ ។ ព្រះអង្គនឹងប្រហារអ្នកដោយរោគឫសដូងបាត កើតបូស កើតរមាស់ ដែលពុំអាចមើលជាឡើយ។ 28ព្រះអម្ចាស់ប្រហារអ្នកឲ្យវង្វេងស្មារតី វិកលចរិត និងមើលអ្វីលែងឃើញ។ 29អ្នកនឹងដើររាវនៅពេលថ្ងៃត្រង់ ដូចមនុស្សខ្វាក់ដើរស្ទាបៗ ក្នុងភាពអន្ធការ។ អ្នកពុំអាចសម្រេចតាមគម្រោងការដែលអ្នករៀបចំឡើយ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយគ្មាននរណាមកជួយអ្នកទេ។
30ពេលអ្នកមានគូដណ្ដឹង បុរសម្នាក់ទៀតនឹងរំលោភនាង។ ពេលអ្នកសង់ផ្ទះ អ្នកនឹងមិនបានរស់នៅក្នុងផ្ទះនោះទេ ពេលអ្នកដាំទំពាំងបាយជូរ អ្នកនឹងមិនបានបរិភោគផលឡើយ។ 31គេនឹងសម្លាប់គោរបស់អ្នក នៅចំពោះមុខអ្នក តែអ្នកមិនបានសាច់បរិភោគឡើយ។ គេរឹបអូសយកលារបស់អ្នក នៅចំពោះមុខអ្នក ហើយវានឹងមិនវិលមកវិញទេ។ គេនឹងប្រគល់ហ្វូងចៀមរបស់អ្នកទៅឲ្យខ្មាំងសត្រូវរបស់អ្នក ហើយគ្មាននរណាមកជួយអ្នកឡើយ។ 32គេនឹងលក់កូនប្រុសកូនស្រីរបស់អ្នកទៅឲ្យសាសន៍ដទៃ នៅចំពោះមុខអ្នក រៀងរាល់ថ្ងៃ អ្នកទន្ទឹងរង់ចាំពួកគេវិលត្រឡប់មកវិញ រហូតដល់ផ្សាភ្នែក តែពុំបានសម្រេចដូចប្រាថ្នាឡើយ។ 33ជាតិសាសន៍ដែលអ្នកពុំស្គាល់នឹងបរិភោគដំណាំ ដែលដុះចេញពីដីរបស់អ្នក គឺភោគផលទាំងប៉ុន្មានដែលអ្នកប្រឹងប្រែងធ្វើ។ រៀងរាល់ថ្ងៃ អ្នកនឹងត្រូវគេជិះជាន់សង្កត់សង្កិន។ 34ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក មុខជាធ្វើឲ្យអ្នកវង្វេងស្មារតី។
35 ព្រះអម្ចាស់នឹងប្រហារអ្នកឲ្យកើតដំបៅរីកនៅក្បាលជង្គង់ និងនៅជើងដែលអ្នកពុំអាចមើលជាបានឡើយ។ ព្រះអង្គនឹងប្រហារអ្នកចាប់ពីក្បាលរហូតដល់ចុងជើង។ 36ព្រះអម្ចាស់នឹងឲ្យគេកៀរអ្នក ព្រមទាំងស្ដេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។
37ជាតិសាសន៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់នាំអ្នកទៅនៅស្រុកគេនោះ នឹងនាំគ្នាភ្ញាក់ផ្អើល ហើយយករឿងរបស់អ្នកទៅនិទានប្រាប់គ្នា ព្រមទាំងប្រមាថមាក់ងាយអ្នករាល់គ្នាទៀតផង។
38អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។ 39អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។ 40អ្នកដាំអូលីវពាសពេញស្រុក តែអ្នកនឹងពុំបានគាបផ្លែយកប្រេងទេ ដ្បិតផ្លែអូលីវរបស់អ្នកនឹងជ្រុះអស់។ 41អ្នកមានកូនប្រុសកូនស្រី តែពួកគេនឹងមិននៅជាមួយអ្នកឡើយ ព្រោះពួកគេនឹងត្រូវខ្មាំងចាប់ទៅជាឈ្លើយ។ 42ដើមឈើ និងដំណាំទាំងប៉ុន្មានរបស់អ្នកមុខជាត្រូវចង្រិតស៊ីបង្ហិន។
43ជនបរទេសដែលរស់នៅជាមួយអ្នកនឹងមានអំណាចកាន់តែខ្លាំងឡើងៗលើអ្នក ហើយអ្នកចុះឱនថយកាន់តែខ្សោយទៅៗ។ 44គេនឹងឲ្យទ្រព្យអ្នកខ្ចី គឺមិនមែនអ្នកទេដែលឲ្យគេខ្ចី។ គេនឹងថ្កុំថ្កើងបំផុត រីឯអ្នកវិញអ្នកអន់ជាងគេបំផុត។
45បណ្ដាសាទាំងនេះនឹងកើតមានដល់អ្នក ហើយស្ថិតនៅជាប់ជាមួយអ្នកជានិច្ច រហូតទាល់តែអ្នកវិនាស ព្រោះអ្នកពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អ្នកពុំបានកាន់តាមបទបញ្ជា និងក្រឹត្យច្បាប់ដែលព្រះអង្គប្រទានមកអ្នកឡើយ។ 46បណ្ដាសាទាំងនេះជាទីសម្គាល់ និងជាឫទ្ធិបាដិហារិយ៍ សម្រាប់អ្នក ព្រមទាំងពូជពង្សរបស់អ្នករហូតតទៅ។
47នៅពេលសម្បូណ៌សប្បាយ ប្រសិនបើអ្នកពុំគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយអំណរ និងដោយស្មោះអស់ពីចិត្តទេ 48នោះអ្នកនឹងបម្រើខ្មាំងសត្រូវ ដែលព្រះអម្ចាស់ចាត់ឲ្យមកប្រហារអ្នក។ អ្នកនឹងស្រេកឃ្លាន ខ្លួនទទេ ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គដាក់នឹមដែកលើអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ 49ព្រះអម្ចាស់នឹងនាំប្រជាជាតិមួយពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដី មកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្ដាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។ 50ពួកគេមានទឹកមុខសាហាវ ពួកគេមិនគោរពចាស់ទុំ ហើយក៏គ្មានចិត្តមេត្តាចំពោះកូនក្មេងដែរ។ 51ពួកគេនឹងបរិភោគសត្វ ព្រមទាំងភោគផលដែលកើតពីដីរបស់អ្នក រហូតទាល់តែអ្នកហិនហោចអស់។ ពួកគេមិនទុកស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង កូនគោ កូនចៀមឲ្យនៅសល់សម្រាប់អ្នកឡើយ រួចហើយពួកគេនឹងធ្វើឲ្យអ្នកវិនាសសូន្យ។ 52ពួកគេនឹងឡោមព័ទ្ធទីក្រុងទាំងឡាយដែលអ្នករស់នៅ ពួកគេនឹងរំលំកំពែងក្រុងដ៏ខ្ពស់ ហើយមាំនៅក្នុងស្រុករបស់អ្នក គឺកំពែងដែលជាទីទុកចិត្តរបស់អ្នក។ ពួកគេនឹងឡោមព័ទ្ធអ្នកគ្រប់ទីកន្លែង នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ 53ក្នុងពេលខ្មាំងសត្រូវឡោមព័ទ្ធ អ្នកនឹងរងទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ស៊ីសាច់កូនរបស់ខ្លួន គឺកូនប្រុសកូនស្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ 54ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធ្លាប់តែស្លូតបូតជាងគេ ហើយមានចិត្តមេត្តា បែរជាសម្លក់សម្លឹងបងប្អូន ប្រពន្ធជាទីស្រឡាញ់ និងកូនរបស់ខ្លួនដែលនៅសេសសល់ 55ដោយខ្លាចគេដណ្ដើមសាច់កូនដែលខ្លួនទុកបរិភោគ ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាជាខ្លាំង គ្មានអ្វីបរិភោគទេ។ 56 ក្នុងចំណោមអ្នករាល់គ្នា ស្ត្រីដែលធ្លាប់តែស្លូតបូត ហើយមានចិត្តមេត្តា សូម្បីតែដីក៏មិនហ៊ានយកជើងជាន់ផងនោះ បែរជាសម្លក់សម្លឹងប្ដីជាទីស្រឡាញ់ និងកូនប្រុសកូនស្រីរបស់ខ្លួន 57ដ្បិតពេលខ្មាំងសត្រូវឡោមព័ទ្ធទីក្រុងទាំងប៉ុន្មានរបស់អ្នក អ្នករងទុក្ខវេទនាយ៉ាងខ្លាំង ហើយដោយខ្វះខាតពេក នាងមានបំណងយកទារកដែលទើបនឹងចេញពីផ្ទៃរបស់ខ្លួន ទៅធ្វើម្ហូបបរិភោគស្ងាត់ៗតែម្នាក់ឯង។
58ប្រសិនបើអ្នកមិនកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងប៉ុន្មាននៅក្នុងក្រឹត្យវិន័យ ដែលមានចែងទុកក្នុងគម្ពីរនេះ ប្រសិនបើអ្នកមិនកោតខ្លាចព្រះនាមដ៏រុងរឿង គួរឲ្យស្ញែងខ្លាចរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នកទេ 59ព្រះអម្ចាស់នឹងប្រហារអ្នក ព្រមទាំងពូជពង្សរបស់អ្នក ដោយសម្តែងការអស្ចារ្យ ធ្វើឲ្យកើតដំបៅ និងជំងឺដ៏ធ្ងន់ៗ ដែលពុំអាចមើលជា។ 60ព្រះអង្គនឹងធ្វើឲ្យជំងឺរាតត្បាតផ្សេងៗ ដែលធ្លាប់កើតចំពោះជនជាតិអេស៊ីប ហើយធ្លាប់ធ្វើឲ្យអ្នកញញើតនោះ កើតចំពោះអ្នកដែរ។ ជំងឺទាំងនោះនឹងនៅជាប់ជាមួយអ្នក។ 61ព្រះអម្ចាស់ធ្វើឲ្យជំងឺ និងគ្រោះកាចគ្រប់យ៉ាង ដែលគ្មានចែងទុកក្នុងគម្ពីរនៃវិន័យនេះ កើតមានចំពោះអ្នក រហូតទាល់តែអ្នកវិនាសសូន្យ។ 62អ្នករាល់គ្នាដែលមានចំនួនយ៉ាងច្រើនដូចផ្កាយនៅលើមេឃ នឹងក្លាយទៅជាជាតិសាសន៍មួយដ៏តូច ព្រោះអ្នករាល់គ្នាពុំបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក។ 63ព្រះអម្ចាស់សព្វព្រះហឫទ័យប្រទានពរឲ្យអ្នករាល់គ្នាកើនចំនួនច្រើនឡើងយ៉ាងណា ព្រះអង្គក៏មានព្រះហឫទ័យរីករាយនឹងកម្ទេចអ្នករាល់គ្នា ហើយប្រហារអ្នករាល់គ្នាឲ្យវិនាសយ៉ាងនោះដែរ។ ព្រះអង្គនឹងដកអ្នករាល់គ្នាចេញពីស្រុក ដែលអ្នករាល់គ្នាចូលទៅកាន់កាប់។
64 ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នកទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ចាប់ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់ គឺព្រះធ្វើពីឈើ និងពីថ្ម។ 65ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នកនឹងមិនបានសុខសាន្ត ហើយក៏មិនមែនជាកន្លែងដែលអ្នកសម្រាកដែរ។ ព្រះអម្ចាស់នឹងធ្វើឲ្យចិត្តអ្នកពុំបានស្ងប់ ឲ្យភ្នែករបស់អ្នកស្រវាំង ហើយឲ្យចិត្តគំនិតរបស់អ្នកឈឺចាប់។ 66ជីវិតរបស់អ្នកប្រៀបបាននឹងអំបោះមួយសរសៃ អ្នកភ័យខ្លាចទាំងយប់ទាំងថ្ងៃ ហើយជីវិតគ្មានន័យអ្វីសម្រាប់អ្នកទៀតឡើយ។ 67ហេតុការណ៍ដែលអ្នកឃើញផ្ទាល់នឹងភ្នែក បណ្ដាលឲ្យអ្នកភ័យខ្លាច។ នៅពេលព្រឹក អ្នកនឹងពោលថា “សូមឲ្យល្ងាចឆាប់មកដល់!” នៅពេលល្ងាចអ្នកនឹងពោលថា “សូមឲ្យព្រឹកឆាប់មកដល់!”។ 68ព្រះអម្ចាស់នឹងនាំអ្នកទៅស្រុកអេស៊ីបវិញ តាមនាវា។ អ្នកនឹងវិលត្រឡប់ទៅស្រុក ដែលខ្ញុំបានប្រាប់អ្នកថា អ្នកនឹងមិនបានឃើញទៀតឡើយ! នៅទីនោះ អ្នករាល់គ្នានឹងលក់ខ្លួនធ្វើជាទាសាទាសីរបស់ខ្មាំងសត្រូវ តែគ្មាននរណាចង់ទិញអ្នករាល់គ្នាទេ!»។
សុន្ទរកថាចុងក្រោយរបស់លោកម៉ូសេ
សម្ពន្ធមេត្រីនៅស្រុកម៉ូអាប់
69ក្រៅពីសម្ពន្ធមេត្រី*ដែលព្រះអម្ចាស់ចងជាមួយជនជាតិអ៊ីស្រាអែលនៅភ្នំហោរែប ព្រះអង្គបានបង្គាប់ឲ្យលោកម៉ូសេចងសម្ពន្ធមេត្រីមួយទៀតជាមួយពួកគេនៅស្រុកម៉ូអាប់ ដែលមានសេចក្ដីដូចខាងក្រោមនេះ។
Currently Selected:
ទុតិយកថា 28: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.