YouVersion Logo
Search Icon

ទុតិយកថា 19

19
ច្បាប់​ស្ដី​អំពី​ក្រុង​ជម្រក
1«ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក ពេល​ណា​អ្នក​ដណ្ដើម​ទឹក​ដី​បាន​ពី​ពួក​គេ ហើយ​រស់​នៅ​ក្នុង​ក្រុង និង​ផ្ទះ​របស់​ពួក​គេ​ហើយ 2អ្នក​ត្រូវ​ញែក​ក្រុង​បី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​កាន់​កាប់។ 3ត្រូវ​បែង​ចែក​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​នោះ ជា​បី​តំបន់ ហើយ​រៀបចំ​ឲ្យ​មាន​ផ្លូវ​ក្នុង​តំបន់​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​សម្លាប់​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ក្រុង​ទាំង​បី។
4អ្នក​ដែល​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន គឺ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា និង​គ្មាន​គំនិត​ស្អប់​ជា​មុន។ ឧទាហរណ៍ បើ​មាន​បុរស​ម្នាក់​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ជា​មួយ​បុរស​ម្នាក់​ទៀត 5ពេល​គាត់​លើក​ពូថៅ​កាប់​ដើម​ឈើ ស្រាប់​តែ​ផ្លែ​ពូថៅ​របូត​ចេញ​ពី​ដង ទៅ​ប៉ះ​គូ‌កន​របស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់។ ពេល​នោះ គាត់​អាច​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ ដើម្បី​រក្សា​អាយុ​ជីវិត​របស់​ខ្លួន។ 6ធ្វើ​ដូច្នេះ ដោយ​ផ្លូវ​ឆ្ងាយ នោះ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ហើយ​កំពុង​តែ​ខឹង​ជា​ខ្លាំង ពុំ​អាច​ដេញ​តាម​គាត់​ទាន់ និង​សម្លាប់​គាត់​ឡើយ ដ្បិត​បុរស​នេះ​មិន​ត្រូវ​មាន​ទោស​ដល់​ស្លាប់​ទេ ព្រោះ​គាត់​ពុំ​បាន​សម្លាប់​គេ​ដោយ​ចិត្ត​ស្អប់។ 7ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ឲ្យ​ញែក​ក្រុង​បី​ទុក​ដាច់​ឡែក​ពី​គេ។ 8ប្រសិន​បើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​ឲ្យ​អ្នក ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ហើយ​ប្រសិន​បើ​ព្រះអង្គ​ប្រគល់​ស្រុក​ទាំង​មូល​មក​អ្នក ជា​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក 9អ្នក​ត្រូវ​បន្ថែម​ក្រុង​បី​ទៀត​ពី​លើ​ក្រុង​បី​នោះ។ ប៉ុន្តែ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។ 10ធ្វើ​ដូច្នេះ នឹង​គ្មាន​ការ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់ នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក ទុក​ជា​កេរ‌មត៌ក​ឡើយ ហើយ​អ្នក​ក៏​នឹង​គ្មាន​ទោស​ដែរ។
11ប៉ុន្តែ ប្រសិន​បើ​នរណា​ម្នាក់​មាន​ចិត្ត​ស្អប់​អ្នក​ដទៃ ហើយ​ប្រើ​កល​ល្បិច ចាំ​ស្ទាក់​វាយ​ប្រហារ​គេ​រហូត​ដល់​ស្លាប់ ទោះ​បី​ជន​នោះ​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ​ក៏​ដោយ 12ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ក្រុង​ដែល​ជន​នោះ​រស់​នៅ ត្រូវ​ចាត់​គេ​ឲ្យ​ទៅ​ចាប់​ជន​នោះ​មក​វិញ ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ដើម្បី​ឲ្យ​ជន​នោះ​ទទួល​ទោស​ដល់​ស្លាប់។ 13កុំ​អាណិត​មនុស្ស​បែប​នេះ​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​ជន​ដែល​បង្ហូរ​ឈាម​មនុស្ស​ស្លូត​ត្រង់​ឲ្យ​អស់​ពី​ទឹក​ដី​អ៊ីស្រា‌អែល ហើយ​អ្នក​នឹង​មាន​សុភមង្គល»។
ច្បាប់​ស្ដី​អំពី​ការ​បង្ខិត​បង្គោល​របង
14 «ពេល​ណា​អ្នក​ចូល​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​ទុក​ជា​កេរ‌មត៌ក​ហើយ មិន​ត្រូវ​បង្ខិត​បង្គោល​របង​ចូល​ទៅ​ក្នុង​ដី​របស់​អ្នក​ជិត​ខាង ជា​របង​ដាំ​ដោយ​អ្នក​ដែល​ទៅ​ដល់​មុន​គេ​នោះ​ឡើយ»។
សាក្សី​ក្លែង‌ក្លាយ
15 «ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​ពុំ​អាច​ដាក់​ទោស​នរណា​ដែល​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ បទ​ល្មើស ឬ​អំពើ​បាប​ណា​មួយ​នោះ​ឡើយ។ កាល​ណា​មាន​សាក្សី​ពីរ ឬ​បី​នាក់ ទើប​សំណុំ​រឿង​នោះ​អាច​យក​ជា​ការ​បាន។
16ពេល​សាក្សី​ក្លែង‌ក្លាយ​ម្នាក់​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ 17អ្នក​ទាំង​ពីរ​ដែល​មាន​ទំនាស់​នឹង​គ្នា ត្រូវ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ* និង​ចៅ‌ក្រម​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ។ 18ចៅ‌ក្រម​ត្រូវ​សាក​សួរ​ឲ្យ​បាន​ល្អិត‌ល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ​និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បងប្អូន​របស់​ខ្លួន 19នោះ​ត្រូវ​ដាក់​ទោស​គាត់​ដូច​គាត់​បាន​គ្រោង​ទុក សម្រាប់​ដាក់​ទោស​ជន​ជាប់​ចោទ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ 20អ្នក​ឯ​ទៀតៗ​ឮ​ដំណឹង​នេះ​គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ នៅ​ក្នុង​ចំណោម​អ្នក​ទៀត​ឡើយ។ 21 កុំ​អាណិត​អាសូរ​អ្នក​មាន​ទោស​ឲ្យ​សោះ។ អ្នក​ណា​សម្លាប់​គេ ត្រូវ​សម្លាប់​អ្នក​នោះ​វិញ អ្នក​ណា​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​អ្នក​នោះ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ធ្មេញ​មួយ អ្នក​ណា​វាយ​គេ​បាក់​ដៃ​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ដៃ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​បាក់​ជើង​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ជើង​ម្ខាង​វិញ​ដែរ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in