YouVersion Logo
Search Icon

កូឡូស 4

4
1 បងប្អូន​ដែល​ជា​ម្ចាស់​អើយ ត្រូវ​ប្រព្រឹត្ត​អំពើ​ណា​ដែល​សុចរិត និង​យុត្តិធម៌​ដល់​អ្នក​បម្រើ​របស់​ខ្លួន ដោយ​ដឹង​ថា បងប្អូន​ផ្ទាល់​ក៏​មាន​ម្ចាស់​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ*​ដែរ។
ពាក្យ​ដាស់‌តឿន និង​ពាក្យ​សួរ​សុខ​ទុក្ខ​ផ្សេងៗ
2ចូរ​ព្យាយាម​អធិស្ឋាន* ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​អធិស្ឋាន​នេះ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ផង។ 3ចូរ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​យើង​ដែរ ដើម្បី​ព្រះអង្គ​បើក​ទ្វារ​ចំហ​ឲ្យ​យើង​មាន​ឱកាស​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រិស្ត ដ្បិត​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គម្រោង‌ការ​នេះ​ឯង។ 4សូម​ទូល‌អង្វរ​ព្រះអង្គ ឲ្យ​ខ្ញុំ​អាច​បក‌ស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។
5 ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ត‌បរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។ 6សូម​បងប្អូន​និយាយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​ជានិច្ច មាន​ខ្លឹមសារ​ ដើម្បី​ឲ្យ​បងប្អូន​អាច​ឆ្លើយ​ទៅ​ម្នាក់ៗ​ដោយ​សមរម្យ។
7 លោក​ទីឃី‌កុស ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ និង​ជា​សហការី​របស់​ខ្ញុំ​ក្នុង​កិច្ចការ​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បងប្អូន​ឲ្យ​បាន​ជ្រាប​សព្វ​គ្រប់​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។ 8ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​រក​បងប្អូន ក្នុង​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​បងប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បងប្អូន​ទៀត​ផង។ 9 ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​ជា​មួយ​លោក​អូនេ‌ស៊ីម ជា​បងប្អូន​ដ៏​ស្មោះ​ត្រង់ និង​ដ៏​ជា​ទី​ស្រឡាញ់ ជា​អ្នក​ដែល​នៅ​ស្រុក​ជា​មួយ​បងប្អូន។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​បងប្អូន​ឲ្យ​ជ្រាប​អំពី​សភាព‌ការណ៍​នៅ​ទី​នេះ។
10 លោក​អើរី‌ស្ដាក ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់‌ញាតិ​នឹង​លោក​បារណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ (បងប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បងប្អូន​ទទួល​ដោយ​រាក់‌ទាក់​ផង)។ 11រីឯ​លោក​យេស៊ូ​ហៅ​យូស្ទូស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ផង​ដែរ។ ក្នុង​ចំណោម​ជន‌ជាតិ​យូដា មាន​តែ​បងប្អូន​បី​នាក់​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​សម្រាប់​ព្រះ‌រាជ្យ*​ព្រះ‌ជា‌ម្ចាស់​ជា​មួយ​ខ្ញុំ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ទៀត​ផង។ 12 លោក​អេប៉ា‌ប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បងប្អូន ក៏​សូម​ជម្រាប‌សួរ​មក​បងប្អូន​ដែរ។ គាត់​ជា​អ្នក​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ ហើយ​គាត់​តែងតែ​តយុទ្ធ​សម្រាប់​បងប្អូន ដោយ​អធិស្ឋាន* ឥត​ឈប់​ឈរ ដើម្បី​ឲ្យ​បងប្អូន​មាន​ជំហរ​រឹង‌ប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ត​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ គ្រប់​ចំពូក​ទាំង​អស់។ 13ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​យ៉ាង​ខ្លាំង​សម្រាប់​បងប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ា‌ប៉ូល។ 14 លោក​គ្រូ​ពេទ្យ​លូកា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​លោក​ដេម៉ាស ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។
15សូម​ជម្រាប​សួរ​បងប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុម‌ជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។
16ពេល​ណា​បងប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃ‌លក​យ៉ាង​ណា​ឲ្យ​ក្រុម‌ជំនុំ​នៅ​ស្រុក​ឡៅឌី‌សេ​អាន​ផង ហើយ​បងប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌី‌សេ​ដែរ។ 17 សូម​ជម្រាប​លោក​អើ‌ឃីព​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខងារ​ដែល​លោក​បាន​ទទួល​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​បំពេញ​កិច្ចការ​នេះ​ឲ្យ​ល្អ។
18ពាក្យ​ជម្រាប​សួរ​នេះ ខ្ញុំ ប៉ូល សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​បងប្អូន​កុំ​ភ្លេច​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ!។

Currently Selected:

កូឡូស 4: គខប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in