YouVersion Logo
Search Icon

កិច្ចការ 19

19
លោក​ប៉ូល​នៅ​ក្រុង​អេភេសូ
1ពេល​ដែល​លោក​អប៉ូ‌ឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ។ លោក​បាន​ជួប​សិស្ស*​ខ្លះ ហើយ​សួរ​ថា៖ 2«កាល​បងប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បងប្អូន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ផង!»។ 3លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។ 4 លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជា‌ជន​ឲ្យ​ជឿ​លើ​ព្រះអង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ»។ 5ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ។ 6លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* និង​ថ្លែង​ព្រះ‌បន្ទូល​ផង។ 7អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់‌ពីរ​នាក់។
8លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។ 9ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស 10លោក​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ 11ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើន តាម​រយៈ​លោក​ប៉ូល 12គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។
កូន​របស់​លោក​ស្កេវ៉ា
13មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។ 14កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជា‌ចារ្យ*​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ 15វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះ‌យេស៊ូ ហើយ​ក៏​ដឹង​ថា លោក​ប៉ូល​ជា​នរណា​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ ឯង​ជា​នរណា?»។ 16អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។ 17មនុស្ស‌ម្នា​នៅ​ក្រុង​អេភេសូ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោត​ខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ។
18មាន​អ្នក​ជឿ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន 19ហើយ​ក៏​មាន​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាប‌ធ្មប់ បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិត‌គូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​ដួង*។ 20មក​ពី​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ចេស្ដា​ដូច្នេះ​ហើយ បាន​ជា​ព្រះ‌បន្ទូល​រីក​ចម្រើន និង​មាន​ប្រសិទ្ធ‌ភាព​កាន់​តែ​ខ្លាំង​ឡើងៗ។
ការ​បះ‌បោរ​នៅ​ក្រុង​អេភេសូ
21ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ព្រះ‌វិញ្ញាណ​ណែ‌នាំ​លោក​ប៉ូល​ឲ្យ​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។ 22លោក​បាន​ចាត់​សហការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេ‌ដូន​មុន រីឯ​លោក លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។
23នៅ​គ្រា​នោះ មាន​កើត​ការ​បះ‌បោរ​មួយ​យ៉ាង​ខ្លាំង ព្រោះ​តែ​មាគ៌ា​របស់​ព្រះ‌អម្ចាស់។ 24មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ ដេមេ‌ទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កម្រៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។ 25គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «បងប្អូន​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រស់​ស្រួល ក៏​ដោយ‌សារ​តែ​មុខ​របរ​នេះ 26ហើយ​បងប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះ‌បញ្ចូល​នាំ​មហា‌ជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង ដោយ​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។ 27ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។ 28កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។
29ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព ទាំង​អូស​ទាញ​លោក​កៃយុស និង​លោក​អើរី‌ស្ដាក ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។ 30លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជា‌ជន ប៉ុន្តែ ពួក​សិស្ស*​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​ទេ 31សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោ‌ស្រព​ដែរ។ 32នៅ​ពេល​នោះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូក‌ច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ថា​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ 33ពេល​នោះ ជន‌ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់​ឈ្មោះ អលេ‌ក្សាន‌ត្រុស ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេ‌ក្សាន‌ត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជា‌ជន។ 34ប៉ុន្តែ កាល​ប្រជា‌ជន​ឃើញ​ថា​គាត់​ជា​ជន‌ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះ‌នាង​ឌីអាន ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។
35នៅ​ទី​បំផុត លោក​លេខា‌ធិការ​ក្រុង​បាន​ឃាត់​បណ្ដា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពោល​ថា៖ «បងប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា​ក្រុង​អេភេសូ ជា​ក្រុង​របស់​ព្រះ‌នាង​ឌីអាន ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថាន‌សួគ៌​មក​នោះ!។ 36ត្រង់​នេះ គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បងប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។ 37បងប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មក ប៉ុន្តែ គេ​មិន​បាន​ប្លន់​ព្រះ‌វិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះ‌នាង​របស់​យើង​ទេ។ 38ប្រសិន​បើ​លោក​ដេមេ‌ទ្រាស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។ 39ប្រសិន​បើ​បងប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។ 40បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​ឡើយ»។ 41គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​ឲ្យ​បែក‌ខ្ញែក​គ្នា​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in