២ សាំយូអែល 1
1
រាជ្យរបស់ព្រះបាទដាវីឌ
លោកដាវីឌទទួលដំណឹងអំពីការសោយទិវង្គតរបស់ព្រះបាទសូល
1កាលព្រះបាទសូលសោយទិវង្គត ផុតទៅ លោកដាវីឌដែលបានវាយឈ្នះជនជាតិអាម៉ាឡេក ក៏វិលត្រឡប់មកក្រុងស៊ីគឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។ 2នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយរោយដីលើក្បាល ។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយបង្គំ។ 3លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រាអែល»។ 4លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។ 5លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសូល និងសម្ដេចយ៉ូណាថានសុគត?»។ 6 យុវបុរសរៀបរាប់ថា៖ «ពេលកើតហេតុការណ៍នោះ ខ្ញុំបាទក៏ស្ថិតនៅលើភ្នំគីលបោដែរ។ ខ្ញុំបាទបានឃើញព្រះបាទសូលច្រត់នៅលើលំពែងរបស់ស្ដេច ហើយមានរទេះចម្បាំង និងទ័ពសេះរបស់សត្រូវដេញតាមយ៉ាងប្រកិត។ 7ព្រះរាជាងាកមកទតឃើញខ្ញុំបាទ ហើយត្រាស់ហៅខ្ញុំបាទ។ ខ្ញុំបាទឆ្លើយថា “ព្រះករុណាថ្លៃវិសេស!”។ 8ព្រះរាជាមានរាជឱង្ការសួរខ្ញុំថា “អ្នកជានរណា?” ខ្ញុំបាទទូលថា “ទូលបង្គំជាជនជាតិអាម៉ាឡេក”។ 9ពេលនោះ ព្រះរាជាបង្គាប់មកខ្ញុំបាទថា “ចូរមកជិតយើង សម្លាប់យើងទៅ! ទោះបីយើងនៅដឹងខ្លួនក្ដី ក៏យើងកាន់តែល្វើយទៅៗ”។ 10ខ្ញុំបាទចូលទៅជិត ហើយធ្វើគុតព្រះរាជាទៅ ដ្បិតខ្ញុំបាទដឹងច្បាស់ថា ដោយស្ដេចបរាជ័យដូច្នេះ ទ្រង់មិនអាចរស់តទៅទៀតបានឡើយ។ ខ្ញុំបាទដោះយកមកុដ និងខ្សែដៃរបស់ស្ដេច ដែលខ្ញុំបាទសូមយកមកជូនលោកម្ចាស់នៅទីនេះ»។
11លោកដាវីឌទាញសម្លៀកបំពាក់របស់លោកមកហែក ហើយអស់អ្នកដែលនៅជាមួយលោកក៏ធ្វើដូចលោកដែរ។ 12ពួកគេកាន់ទុក្ខ យំសោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំឭកដល់ព្រះបាទសូល សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងពូជពង្សអ៊ីស្រាអែល ដែលបានបាត់បង់ជីវិតនៅលើសមរភូមិ។
13បន្ទាប់មក លោកដាវីឌមានប្រសាសន៍ទៅកាន់យុវបុរសដែលនាំដំណឹងមកជម្រាបលោកនោះថា៖ «អ្នកជានរណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាកូនរបស់ជនជាតិអាម៉ាឡេកម្នាក់ ដែលរស់នៅក្នុងស្រុកនេះ»។ 14លោកដាវីឌមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃធ្វើគុតស្ដេច ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេក?»។ 15លោកដាវីឌហៅក្មេងបម្រើម្នាក់របស់លោកមក រួចបញ្ជាថា៖ «ចូរមកជិត ហើយសម្លាប់អ្នកនេះចោលទៅ!»។ អ្នកបម្រើនោះក៏សម្លាប់ជនជាតិអាម៉ាឡេក។ 16លោកដាវីឌពោលថា៖ «អ្នកស្លាប់ ព្រោះតែកំហុសរបស់អ្នកទេ ពាក្យសម្ដីរបស់អ្នកបាននាំទោសមកលើខ្លួនឯង ព្រោះអ្នកពោលថា អ្នកបានធ្វើគុតស្ដេចដែលព្រះអម្ចាស់ចាក់ប្រេងអភិសេក»។
ទំនួញរបស់លោកដាវីឌ
17លោកដាវីឌបានលើកទំនុកមួយបទ ដើម្បីរំឭកដល់ព្រះបាទសូល និងសម្ដេចយ៉ូណាថានជាបុត្រ។ 18 លោកបានបញ្ជាឲ្យគេបង្រៀនទំនុកនេះដល់អ្នកស្រុកយូដា គឺ«ទំនុកធ្នូ» ដែលមានកត់ត្រាទុកក្នុងក្រាំង «ជនសុចរិត» ។
19អ៊ីស្រាអែលអើយ!
ហេតុអ្វីបានជាវីរជនរបស់អ្នក
ត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ?
ហេតុអ្វីបានជាវីរបុរសដ៏អង់អាច
ត្រូវបាត់បង់ជីវិតដូច្នេះ?
20មិនត្រូវប្រកាសដំណឹងនេះនៅក្រុងកាថឡើយ
ហើយក៏មិនត្រូវផ្សព្វផ្សាយដំណឹងនេះ
នៅតាមផ្លូវក្នុងក្រុងអាសកាឡូនដែរ
ក្រែងលោកូនស្រីរបស់ជនជាតិភីលីស្ទីន
នាំគ្នាអរសប្បាយ
ក្រែងលោកូនស្រីនៃសាសន៍ដទៃ នាំគ្នាត្រេកអរ។
21ជួរភ្នំគីលបោអើយ!
សូមកុំឲ្យមានទឹកសន្សើម
ឬភ្លៀងធ្លាក់មកលើអ្នកឡើយ
ហើយក៏កុំឲ្យមានចម្ការដែលផ្ដល់
ភោគផលទៀតដែរ។
ដ្បិតនៅទីនេះហើយដែលសត្រូវបាន
បន្ទាបបន្ថោកខែលរបស់វីរបុរសដ៏អង់អាច
ហើយខែលរបស់ព្រះបាទសូល
ក៏លែងបានលាបប្រេងតទៅទៀតដែរ។
22ធ្នូរបស់សម្ដេចយ៉ូណាថានឥតរេថយឡើយ
ហើយដាវរបស់ព្រះបាទសូល
ក៏មិនស៊កចូលស្រោមវិញដែរ
ដរាបណាមិនបានបង្ហូរឈាមសត្រូវ និងសម្លាប់
ទាហានដ៏ខ្លាំងពូកែរបស់ពួកគេទេនោះ។
23ព្រះបាទសូល និងសម្ដេចយ៉ូណាថាន
ជាមនុស្សគួរឲ្យស្រឡាញ់
និងគោរពរាប់អាន
ពេលរស់ គឺរស់ជាមួយគ្នា
ហើយពេលសោយទិវង្គត
ក៏សោយទិវង្គតជាមួយគ្នាដែរ។
ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី
ហើយខ្លាំងដូចសត្វសិង្ហ។
24ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ!
ចូរយំស្រណោះព្រះបាទសូលទៅ
ព្រោះទ្រង់តែងប្រទានឲ្យពួកនាង
មានសម្លៀកបំពាក់ដ៏រុងរឿងត្រចះត្រចង់
ព្រមទាំងមានរំយោលមាសទៀតផង។
25ហេតុអ្វីបានជាវីរបុរសដ៏អង់អាចត្រូវស្លាប់
ក្នុងពេលប្រយុទ្ធដូច្នេះ?
ហេតុអ្វីបានជាសម្ដេចយ៉ូណាថាន
ត្រូវខ្មាំងចាក់ទម្លុះនៅលើកំពូលភ្នំដូច្នេះ?
26បងយ៉ូណាថានជាទីស្រឡាញ់បំផុតអើយ
ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា
ដោយសារបាត់បង់រូបបង
សេចក្ដីស្រឡាញ់របស់បងវិសេសបំផុត
គឺប្រសើរលើសសេចក្ដីស្រឡាញ់
របស់ស្រីៗទៅទៀត។
27ហេតុអ្វីបានជាវីរបុរសដ៏អង់អាច
ត្រូវស្លាប់ដូច្នេះ?
ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ
ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
Currently Selected:
២ សាំយូអែល 1: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.