YouVersion Logo
Search Icon

២ កូរិនថូស 13

13
ការ​រំឭក​ដាស់‌តឿន និង​ការ​សួរ​សុខ​ទុក្ខ​របស់​លោក​ប៉ូល
1 នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បងប្អូន។ ត្រូវ​សម្រួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់2កាល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន​ជា​លើក​ទី​ពីរ ខ្ញុំ​បាន​និយាយ​សេចក្ដី​នេះ​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សូម​ជម្រាប​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន និង​សូម​ជម្រាប​អ្នក​ឯ​ទៀតៗ​ទាំង​អស់ ឲ្យ​បាន​ដឹង​ជា​មុន​ថា បើ​ខ្ញុំ​វិល​មក​រក​បងប្អូន​វិញ​នោះ ខ្ញុំ​នឹង​មិន​ប្រណី​អ្នក​ណា​ម្នាក់​ឡើយ 3ដ្បិត​បងប្អូន​ចង់​បាន​ភស្ដុតាង​ថា ព្រះ‌គ្រិស្ត​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ខ្ញុំ។ ព្រះអង្គ​មិន​ទន់​ខ្សោយ​ចំពោះ​បងប្អូន​ទេ គឺ​ព្រះអង្គ​បង្ហាញ​ឫទ្ធា‌នុភាព​នៅ​កណ្ដាល​ចំណោម​បងប្អូន​វិញ។ 4ព្រះអង្គ​ត្រូវ​គេ​ឆ្កាង ដោយ​ព្រះអង្គ​មាន​ភាព​ទន់​ខ្សោយ ប៉ុន្តែ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​ព្រះអង្គ​មែន ប៉ុន្តែ ដោយ​យល់​ដល់​បងប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​ព្រះអង្គ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។
5សូម​បងប្អូន​ល្បង​មើល​ខ្លួន​ឯង​ទៅ តើ​បងប្អូន​នៅ​តែ​មាន​ជំនឿ​មែន​ឬ​យ៉ាង​ណា សូម​បងប្អូន​ពិនិត្យ‌ពិច័យ​ខ្លួន​ឯង​មើល​ទៅ​ចុះ! បងប្អូន​មិន​ទទួល​ស្គាល់​ទេ​ឬ ថា​ព្រះ‌យេស៊ូ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន! ឬ​មួយ​មាន​តែ​បងប្អូន​ឃើញ​ថា ព្រះអង្គ​មិន​គង់​នៅ​ជា​មួយ! 6ខ្ញុំ​សង្ឃឹម​ថា បងប្អូន​ពិត​ជា​ដឹង​ថា ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង​មែន ។ 7យើង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​បងប្អូន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​ព្រះអង្គ​គង់​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ‌ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​ព្រះអង្គ​គង់​ជា​មួយ​ក៏​ដោយ 8ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។ 9យើង​សប្បាយ​ចិត្ត នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បងប្អូន​មាន​កម្លាំង។ យើង​អធិស្ឋាន​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បងប្អូន​បាន​គ្រប់​លក្ខណៈ។ 10ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បងប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បងប្អូន តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ ព្រះអង្គ​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។
11នៅ​ទី​បញ្ចប់ បងប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឲ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ត​គ្នា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​គ្នា នោះ​ព្រះ‌ជាម្ចាស់​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ‌សាន្ត មុខ​ជា​គង់​ជា​មួយ​បងប្អូន​មិន​ខាន។
12ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធ‌ស្នាល​ផង ។ បងប្អូន​ដ៏វិសុទ្ធ*​ទាំង​អស់​ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។
13សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ និង​ការ​រួម​រស់​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ២ កូរិនថូស 13