YouVersion Logo
Search Icon

២ របាក្សត្រ 1

1
រាជ្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន
ព្រះ‌បាទ​សាឡូម៉ូន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល ស្ដេច​ទូល​សូម​ប្រាជ្ញា​ពី​ព្រះ‌ជាម្ចាស់
( ពង្សាវតារក្សត្រ ៣.១-១៥)
1ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ស្ដេច គង់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។
2ព្រះ‌បាទ​សាឡូម៉ូន​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ពួក​មេ​កង មេ​ក្រុម ចៅ‌ក្រម អ្នក​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​មេ​ក្រុម​គ្រួសារ។ 3ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទៅ​កាន់​កន្លែង​សក្ការៈ​ទួល​ខ្ពស់​នៅ​គីបៀន ដ្បិត​ព្រះ‌ពន្លា​ជួប​ព្រះ‌ជាម្ចាស់ ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ បាន​សង់​នៅ​វាល​រហោ‌ស្ថាន ស្ថិត​នៅ​ទី​នោះ។ 4 រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌បាទ​ដាវីឌ​ដង្ហែ​ពី​ក្រុង​គាយ៉ាត់-‌យារីម មក​តម្កល់​នៅ​កន្លែង​ដែល​ស្ដេច​ត្រៀម​ទុក ក្នុង​ពន្លា​នៅ​ក្រុង​យេរូ‌សាឡឹម។ 5 អាសនៈ​លង្ហិន​ដែល​លោក​បេតសា‌លាល ជា​កូន​របស់​លោក​យូរី និង​ជា​ចៅ​របស់​លោក​ហើរ បាន​ធ្វើ ក៏​ស្ថិត​នៅ​មុខ​ព្រះ‌ពន្លា​នៅ​គីបៀន​ដែរ។ នៅ​ទី​នោះ ព្រះ‌បាទ​សាឡូម៉ូន និង​អង្គ​ប្រជុំ​ទាំង​មូល នាំ​គ្នា​ទូល​សួរ​ព្រះ‌អម្ចាស់6ព្រះ‌បាទ​សាឡូម៉ូន​ឡើង​ទៅ​កាន់​អាសនៈ​លង្ហិន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ពន្លា​ជួប​ជា​មួយ​ព្រះអង្គ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំនួន​មួយ​ពាន់។
7នៅ​យប់​នោះ ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ព្រះ‌បាទ​សាឡូម៉ូន​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ»។ 8ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌ជាម្ចាស់​វិញ​ថា៖ «ព្រះអង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ជា​បិតា​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឲ្យ​ទូលបង្គំ​ឡើង​គ្រង​រាជ្យ​ត​ពី​បិតា​ទៀត។ 9 បពិត្រ​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ ព្រះអង្គ​សម្រេច​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ​ហើយ ដ្បិត​ព្រះអង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​គ្រង​រាជ្យ​លើ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ដូច​ធូលី។ 10សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​ឲ្យ​ទូលបង្គំ​ចេះ​ដឹក​នាំ​ប្រជា‌រាស្ត្រ​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​របស់​ព្រះអង្គ​បាន?»។ 11ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «អ្នក​មិន​បាន​ទូល​សូម​ឲ្យ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង ឬ​ឲ្យ​បច្ចា‌មិត្ត​របស់​អ្នក​ត្រូវ​ស្លាប់ ហើយ​ក៏​មិន​បាន​ទូល​សូម​ឲ្យ​មាន​អាយុ​វែង​ដែរ តែ​អ្នក​ទូល​សូម​ឲ្យ​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ។ ដោយ​អ្នក​មាន​បំណង​ដូច្នេះ 12យើង​ឲ្យ​អ្នក​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង។ លើស​ពី​នេះ យើង​ក៏​ផ្ដល់​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ ភាព​ថ្កុំ‌ថ្កើង​រុងរឿង គ្មាន​ស្ដេច​ណា​ម្នាក់​អាច​ប្រៀប​ស្មើ​នឹង​អ្នក​បាន​ឡើយ ទោះ​បី​ពី​មុន​ក្ដី ឬ​ទៅ​អនាគត​ក្ដី»។
13ព្រះ‌បាទ​សាឡូម៉ូន​យាង​ពី​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ នៅ​គីបៀន គឺ​ត្រង់​ពន្លា​ជួប​ព្រះ‌អម្ចាស់ វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។
អំណាច និង​រាជ្យ​ទ្រព្យ​របស់​ព្រះ‌បាទ​សាឡូម៉ូន
( ពង្សាវតារក្សត្រ ១០.២៦-២៩, ២ របាក្សត្រ ៩.២៥-២៨)
14 ព្រះ‌បាទ​សាឡូម៉ូន​ប្រមូល​រទេះ​ចម្បាំង និង​ពល​ទ័ព​សេះ​ទាំង​អស់​មក ឃើញ​មាន​រទេះ​ចម្បាំង​ចំនួន​មួយ​ពាន់​បួន​រយ និង​ពល​ទ័ព​សេះ​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។ ស្ដេច​ទុក​មួយ​ចំនួន​ឲ្យ​នៅ​ជា​មួយ​ស្ដេច ក្នុង​ក្រុង​យេរូ‌សាឡឹម និង​មួយ​ចំនួន​ទៀត​ឲ្យ​ទៅ​នៅ​តាម​ក្រុង​នានា ដែល​ស្ដេច​បម្រុង​សម្រាប់​ទ័ព​ទាំង​នោះ។ 15ព្រះ‌រាជា​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​មាន​ប្រាក់ មាស សម្បូណ៌​ដូច​ដុំ​ថ្ម និង​មាន​ឈើ​តាត្រៅ​សម្បូណ៌ ដូច​ដើម​រាំង​ដែល​ដុះ​នៅ​តាម​វាល​ទំនាប។ 16 ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។ 17ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ថ្វាយ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្ដេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ២ របាក្សត្រ 1