YouVersion Logo
Search Icon

១ សាំយូអែល 15

15
ព្រះ‌បាទ​សូល​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក
1 លោក​សាំយូ‌អែល​ទូល​ព្រះ‌បាទ​សូល​ថា៖ «ព្រះ‌អម្ចាស់​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ព្រះ‌សណ្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។ 2 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា“យើង​ចង់​ដាក់​ទោស​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​បាន​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​រារាំង​ផ្លូវ​ជន‌ជាតិ​អ៊ីស្រា‌អែល កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ 3ឥឡូវ​នេះ ចូរ​ទៅ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​ចុះ។ ត្រូវ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ត្រូវ​សម្លាប់​ចោល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​កូន​ក្មេង ទាំង​ទារក ទាំង​គោ ទាំង​ចៀម ទាំង​អូដ្ឋ និង​លា​ផង”»។
4ព្រះ‌បាទ​សូល​ក៏​កេណ្ឌ​ទ័ព ហើយ​យាង​ចេញ​មក​ត្រួត​ពល​នៅ​ថេ‌លែម មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​២០០ ០០០​នាក់ ព្រម​ទាំង​មាន​ទាហាន ១០ ០០០​នាក់ ពី​កុល‌សម្ព័ន្ធ​យូដា​ថែម​ទៀត​ផង។ 5កាល​ព្រះ‌បាទ​សូល​យាង​ទៅ​ដល់​ក្រុង​របស់​ជន‌ជាតិ​អាម៉ា‌ឡេក ទ្រង់​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។ 6បន្ទាប់​មក ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​ជន‌ជាតិ​កែន​ថា៖ «ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ពួក​អាម៉ា‌ឡេក ហើយ​រត់​ចេញ​ពី​ចំណោម​ពួក​គេ​ទៅ ក្រែង​លោ​យើង​សម្លាប់​អ្នក​រាល់​គ្នា​ជា​មួយ​ពួក​គេ​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ចិត្ត​សប្បុរស កាល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។ ដូច្នេះ ជន‌ជាតិ​កែន​ចាក​ចេញ​ពី​ចំណោម​ជន‌ជាតិ​អាម៉ា‌ឡេក។ 7ព្រះ‌បាទ​សូល​វាយ​ពួក​អាម៉ា‌ឡេក ចាប់​ពី​ហាវី‌ឡា រហូត​ដល់​ស៊ើរ ដែល​នៅ​ខាង​កើត​ស្រុក​អេស៊ីប។ 8ស្ដេច​ចាប់​បាន​ព្រះ‌បាទ​អកាក់ ជា​ស្ដេច​របស់​ពួក​អាម៉ា‌ឡេក ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជា‌ជន​ទាំង​អស់​ដោយ​មុខ​ដាវ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ 9តែ​ព្រះ‌បាទ​សូល និង​កង‌ទ័ព​បាន​ទុក​ជីវិត​ឲ្យ​ស្ដេច​អកាក់ ព្រម​ទាំង​សត្វ​ដ៏​ល្អៗ​ជាង​គេ មាន​គោ ចៀម សត្វ​ធាត់ៗ កូន​ចៀម និង​អ្វីៗ​ដែល​ល្អ​បំផុត ពួក​គេ​មិន​ព្រម​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌ជាម្ចាស់​ទេ។ ពួក​គេ​បំផ្លាញ​តែ​អ្វីៗ​ដែល​គ្មាន​តម្លៃ និង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។
ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្ដេច​សូល
10ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា 11«យើង​សោក​ស្ដាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​ទេ»។ លោក​សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ពេញ​មួយ​យប់។ 12លោក​សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះ‌បាទ​សូល តែ​គេ​ជម្រាប​លោក​ថា ព្រះ‌បាទ​សូល​យាង​ទៅ​កើមែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្ដេច​ផ្ទាល់ រួច​ហើយ​ស្ដេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។ 13កាល​លោក​សាំយូ‌អែល​ជួប​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ»។ 14លោក​សាំយូ‌អែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ឮ​សម្រែក​ចៀម និង​គោ​ដូច្នេះ?»។ 15ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ា‌ឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់​អស់​ហើយ»។ 16លោក​សាំយូ‌អែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូលបង្គំ​សូម​ទូល​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូលបង្គំ​កាល​ពី​យប់‌មិញ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។ 17លោក​សាំយូ‌អែល​ទូល​ថា៖ «ទោះ​បី​ព្រះ‌ករុណា​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់‌ទាប​ក្ដី ក៏​ព្រះ‌ករុណា​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ។ 18ព្រះ‌អម្ចាស់​ចាត់​ព្រះ‌ករុណា​ឲ្យ​ទៅ​ច្បាំង ដោយ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សាប‌សូន្យ​ទៅ”។ 19ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​មិន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់? ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​យក​ជយ‌ភណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ទៀត​ដូច្នេះ?»។ 20ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​គោរព​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​ហើយ ខ្ញុំ​បាន​ចេញ​ទៅ​ច្បាំង​នៅ​ស្រុក​ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​ទៅ។ ខ្ញុំ​ចាប់​បាន​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក មក​ជា​ឈ្លើយ ហើយ​ខ្ញុំ​ក៏​ប្រហារ​ជីវិត​ជន‌ជាតិ​អាម៉ា‌ឡេក​ទាំង​អស់​ថ្វាយ​ព្រះអង្គ​ដែរ។ 21ពួក​ពល​ទាហាន​រើស​យក​ជយ‌ភណ្ឌ មាន​គោ និង​ចៀម​ដ៏​ល្អ​ជាង​គេ​ពី​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ដើម្បី​ធ្វើ​ជា​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​នៅ​គីល‌កាល់»។ 22លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។ 23រីឯ​ការ​បះ‌បោរ​អាក្រក់​ដូច​ការ​រក​គ្រូ​ទាយ ហើយ​ចិត្ត​រឹង‌រូស​ក៏​អាក្រក់​ដូច​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ​ដែរ។ ព្រះ‌ករុណា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដូច្នេះ ព្រះអង្គ​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​ទៀត​ហើយ»។
24ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​សាំយូ‌អែល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​ខ្ញុំ​ក៏​បាន​ធ្វើ​ខុស​នឹង​ពាក្យ​របស់​លោក​ដែរ ដ្បិត​ខ្ញុំ​ខ្លាច​ពល​ទាហាន ហើយ​ធ្វើ​តាម​ពួក​គេ។ 25ឥឡូវ​នេះ ខ្ញុំ​អង្វរ​លោក សូម​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​នេះ​ផង។ សូម​លោក​ត្រឡប់​មក​ជា​មួយ​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់»។ 26លោក​សាំយូ‌អែល​ទូល​តប​ព្រះ‌បាទ​សូល​ថា៖ «ទូលបង្គំ​មិន​វិល​ទៅ​ជា​មួយ​ព្រះ‌ករុណា​វិញ​ទេ ដ្បិត​ព្រះ‌ករុណា​បាន​បោះ​បង់​ចោល​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​ក៏​បោះ​បង់​ចោល​ព្រះ‌ករុណា លែង​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ដែរ»។
27 កាល​លោក​សាំយូ‌អែល​បែរ​ខ្នង​ចេញ​ទៅ ព្រះ‌បាទ​សូល​ចាប់​ទាញ​ជាយ​អាវ​ធំ​របស់​លោក ធ្វើ​ឲ្យ​រហែក។ 28លោក​សាំយូ‌អែល​ទូល​ស្ដេច​ថា៖ «ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ដក​ហូត​រាជ​ចេញ​ពី​ព្រះ‌ករុណា លែង​ឲ្យ​គ្រង​រាជ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ហើយ ព្រះអង្គ​ប្រគល់​រាជ​សម្បត្តិ​នេះ​ឲ្យ​បុរស​ម្នាក់​ទៀត ដែល​ល្អ​ជាង​ព្រះ‌ករុណា។ 29ព្រះ‌អម្ចាស់ ដែល​ជា​សិរី‌រុងរឿង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មិន​ចេះ​កុហក មិន​ក្រឡាស់​ពាក្យ​សម្ដី ហើយ​មិន​ចេះ​ស្ដាយ​ក្រោយ​ដូច​មនុស្ស​លោក​ទេ»។ 30ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រា‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក»។ 31លោក​សាំយូ‌អែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះ‌បាទ​សូល ហើយ​ព្រះ‌បាទ​សូល​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់32លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​មក»។ ស្ដេច​អកាក់​ចូល​មក​ជិត​លោក​សាំយូ‌អែល ដោយ​ទឹក​មុខ​ស្រស់‌បស់ ព្រោះ​នឹក​ស្មាន​ថា «បាន​រួច​ពី​ស្លាប់»។ 33លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «ដាវ​របស់​ឯង​បាន​ធ្វើ​ឲ្យ​ម្ដាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្ដាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក លោក​សាំយូ‌អែល​ប្រហារ​ជីវិត​ស្ដេច​អកាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​គីល‌កាល់។
34លោក​សាំយូ‌អែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ព្រះ‌បាទ​សូល​ក៏​វិល​ទៅ​ដំណាក់​នៅ​គីបៀរ​ដែរ។ 35លោក​សាំយូ‌អែល​លែង​ទៅ​ជួប​ព្រះ‌បាទ​សូល​ទៀត​រហូត​ដល់​ថ្ងៃ​ស្លាប់។ លោក​សាំយូ‌អែល​យំ​សោក​ស្ដាយ​ព្រះ‌បាទ​សូល ដ្បិត​ព្រះ‌អម្ចាស់​ខក​ព្រះ‌ហឫទ័យ ដោយ​បាន​តែង‌តាំង​ព្រះ‌បាទ​សូល ឲ្យ​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in