YouVersion Logo
Search Icon

១ ពេត្រុស 4

4
ការ​រស់​នៅ​ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប
1ហេតុ​នេះ បើ​ព្រះ‌គ្រិស្ត​បាន​រង‌ទុក្ខ​លំបាក កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស បងប្អូន​ត្រូវ​ប្រកាន់​ចិត្ត​គំនិត​ដូច​ព្រះអង្គ​ដែរ ដ្បិត​អ្នក​ណា​ស៊ូ‌ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប*​ទៀត​ហើយ 2ដើម្បី​ឲ្យ​បាន​រស់​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​អំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។ 3ពី​ដើម បងប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ ​ចូល​ចិត្ត​នោះ យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។ 4ពួក​គេ​ងឿង‌ឆ្ងល់ ដោយ​ឃើញ​បងប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បងប្អូន។ 5អ្នក​ទាំង​នោះ​នឹង​ត្រូវ​ឆ្លើយ​រៀប​រាប់​ពី​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដែល​ប្រុង​ប្រៀប​នឹង​វិនិច្ឆ័យ​ទោស ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់។ 6ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​ព្រះអង្គ​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​តាម​របៀប​មនុស្ស​លោក ក្នុង​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ស្រប​តាម​ព្រះ‌ជា‌ម្ចាស់​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែរ ។
របៀប​រស់​នៅ​ក្នុង​ក្រុម​គ្រិស្ត‌បរិស័ទ
7អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​អធិស្ឋាន*​កើត។ 8 ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជានិច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លុប9ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។
10បងប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បងប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន ​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជា‌ម្ចាស់។ 11បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
ទុក្ខ​លំបាក​របស់​គ្រិស្ត‌បរិស័ទ
12បងប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បងប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។ 13ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បងប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត*។ បងប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះអង្គ​បង្ហាញ​សិរី‌រុងរឿង​របស់​ព្រះអង្គ។
14ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បងប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រិស្ត* នោះ​បងប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុងរឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​លើ​បងប្អូន។ 15ក្នុង​ចំណោម​បងប្អូន សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​រង‌ទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ឡូក‌ឡំ​ក្នុង​រឿងរ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។ 16ប៉ុន្តែ បើ​បងប្អូន​ណា​រង‌ទុក្ខ​លំបាក ក្នុង​នាម​ជា​គ្រិស្ត‌បរិស័ទ កុំ​អៀន​ខ្មាស​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ បងប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​នាម​នេះ។
17ពេល​កំណត់​ដែល​ព្រះ‌ជា‌ម្ចាស់​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​មុន​គេ។ ប្រសិន​បើ​ព្រះអង្គ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កម្រិត​ណា!។ 18 បើ​មនុស្ស​សុចរិត*​រួច​ជីវិត​ទាំង​ពិបាក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មនុស្ស​ទុច្ចរិត និង​មនុស្ស​បាប​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា!។ 19ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អាទិករ*​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy