១ ពង្សាវតារក្សត្រ 21
21
ចម្ការទំពាំងបាយជូររបស់លោកណាបោត
1ក្រោយព្រឹត្តិការណ៍ទាំងនោះមក មានហេតុការណ៍មួយទៀតកើតឡើង។ នៅក្រុងយេសរាល មានបុរសម្នាក់ឈ្មោះណាបោត គាត់មានចម្ការទំពាំងបាយជូរមួយ នៅជិតរាជវាំងព្រះបាទអហាប់ ជាស្ដេចនៅក្រុងសាម៉ារី។ 2ថ្ងៃមួយ ព្រះបាទអហាប់មានរាជឱង្ការទៅកាន់លោកណាបោតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់បានប្រាក់វិញ យើងនឹងបង់ឲ្យតាមតម្លៃចម្ការ»។ 3លោកណាបោតទូលព្រះបាទអហាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ ថាទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ»។ 4ព្រះបាទអហាប់យាងចូលទៅក្នុងវាំងវិញ ទាំងមួម៉ៅ និងក្រេវក្រោធ ព្រោះតែពាក្យសម្ដីដែលលោកណាបោត ជាអ្នកស្រុកយេសរាល ទូលថា “ទូលបង្គំគ្មានសិទ្ធិប្រគល់ដីដែលជាកេរមត៌កពីដូនតានេះ ថ្វាយព្រះករុណាបានទេ”។ ស្ដេចផ្ទំលើព្រះទែន បែរព្រះភ័ក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ 5ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី យាងមកគាល់ស្ដេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ 6ស្ដេចមានរាជឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបោតជាអ្នកស្រុកយេសរាលថា “ចូរលក់ចម្ការទំពាំងបាយជូររបស់អ្នកមកឲ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ”។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំ ថ្វាយព្រះករុណាទេ!”»។ 7ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី ទូលថា៖ «តើព្រះករុណាមិនមែនជាស្ដេចលើស្រុកអ៊ីស្រាអែលទេឬ! សូមតើនឡើង សោយព្រះស្ងោយ ហើយរីករាយក្នុងព្រះហឫទ័យចុះ ចាំខ្ញុំម្ចាស់ទៅយកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាលមកថ្វាយ»។
8ម្ចាស់ក្សត្រិយ៍យេសិបិលសរសេររាជសារក្នុងនាមព្រះបាទអហាប់ ព្រមទាំងយកត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឲ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលនៅក្រុងជាមួយលោកណាបោត។ 9ក្នុងរាជសារទាំងនោះ ម្ចាស់ក្សត្រិយ៍យេសិបិលបានសរសេរថា៖ «ចូរប្រកាសឲ្យប្រជាជនធ្វើពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។ 10ត្រូវឲ្យមនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខគាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា“លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!”។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។
11ពួកព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ ដែលរស់នៅក្នុងក្រុងជាមួយលោកណាបោត ធ្វើតាមសេចក្ដីដែលម្ចាស់ក្សត្រិយ៍យេសិបិលបានបញ្ជាក្នុងរាជសារ។ 12ពួកគេប្រកាសពិធីតមអាហារ ហើយឲ្យលោកណាបោតអង្គុយនៅកន្លែងគណៈអធិបតី។ 13មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបោត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបោតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះ គេនាំលោកណាបោតចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។ 14គេចាត់មនុស្សឲ្យទៅទូលម្ចាស់ក្សត្រិយ៍យេសិបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយ»។ 15កាលម្ចាស់ក្សត្រិយ៍យេសិបិលជ្រាបថា គេបានយកដុំថ្មគប់សម្លាប់លោកណាបោតហើយនោះ ម្ចាស់ក្សត្រិយ៍ក៏ទូលព្រះបាទអហាប់ថា៖ «សូមតើនឡើង យាងទៅចាប់យកចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិតណាបោតស្លាប់បាត់បង់ជីវិតហើយ»។ 16កាលព្រះបាទអហាប់ជ្រាបថា លោកណាបោតស្លាប់ហើយ ទ្រង់ក៏តើនឡើង យាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
ព្រះអម្ចាស់ដាក់ទោសព្រះបាទអហាប់ និងម្ចាស់ក្សត្រិយ៍យេសិបិល
17ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖ 18«ចូរក្រោកឡើង ទៅជួបអហាប់ ជាស្ដេចអ៊ីស្រាអែល នៅក្រុងសាម៉ារី។ ឥឡូវនេះ អហាប់ស្ថិតនៅក្នុងចម្ការទំពាំងបាយជូររបស់ណាបោត ដែលខ្លួនទើបចាប់យកបាន។ 19 ត្រូវប្រាប់អហាប់ដូចតទៅ: “ព្រះអម្ចាស់មានព្រះបន្ទូលថា ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេដូច្នេះ?” អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា “ឆ្កែបានលិទ្ធឈាមរបស់ណាបោតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកផ្ទាល់នៅកន្លែងនោះដែរ”»។
20ព្រះបាទអហាប់មានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! តើលោកមកជួបយើងទៀតហើយឬ?»។ លោកអេលីយ៉ាទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់។ 21ព្រះអម្ចាស់មានព្រះបន្ទូលថា: “យើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកងារ ទាំងអ្នកជា ឲ្យអស់ពីស្រុកអ៊ីស្រាអែល។ 22យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
23 ព្រះអម្ចាស់មានព្រះបន្ទូលអំពីម្ចាស់ក្សត្រិយ៍យេសិបិលថា “ឆ្កែនឹងហែកស៊ីយេសិបិល នៅជើងកំពែងក្រុងយេសរាល។ 24កូនចៅរបស់អហាប់ដែលស្លាប់នៅក្នុងទីក្រុងនឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាលនឹងត្រូវត្មាតចឹកស៊ីដែរ”» ។
25មិនដែលមាននរណាដូចព្រះបាទអហាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី។ 26ស្ដេចបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ដោយគោរពថ្វាយបង្គំព្រះក្លែងក្លាយ ដូចជនជាតិអាម៉ូរី ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខប្រជាជនអ៊ីស្រាអែល។
27កាលព្រះបាទអហាប់ឮព្រះបន្ទូលទាំងនោះហើយ ទ្រង់ហែកព្រះពស្ដ្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្ដេចស្លៀកបាវដែរ ហើយយាងយឺតៗ។ 28ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេលីយ៉ា ជាអ្នកភូមិធេសប៊ីថា៖ 29«អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ក្រោយ»។
Currently Selected:
១ ពង្សាវតារក្សត្រ 21: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.
Free Reading Plans and Devotionals related to ១ ពង្សាវតារក្សត្រ 21

Jesus in All of 1 Kings - A Video Devotional

1 Kings Explained Part 2 | All the King’s Horses

Through the Bible: 1 Kings
