១ យ៉ូហាន 5:13-21
១ យ៉ូហាន 5:13-21 គខប
ខ្ញុំសរសេរសេចក្ដីនេះមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់ មានជីវិតអស់កល្បជានិច្ចហើយ។ ហេតុនេះហើយបានជាយើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ គឺថា ប្រសិនបើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះព្រះអង្គនឹងព្រះសណ្ដាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់យើង ទោះបីយើងទូលសូមអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសូមនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យទូលអង្វរទេ។ អំពើទុច្ចរិតទាំងប៉ុន្មានសុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្ដាលឲ្យស្លាប់ឡើយ។ យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ព្រះអង្គការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេឡើយ។ យើងដឹងថា យើងកើតមកពីព្រះជាម្ចាស់ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ព្រះអង្គប្រទានប្រាជ្ញាឲ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ កូនចៅអើយ ចូរចៀសឲ្យផុតពីការគោរពព្រះក្លែងក្លាយ។