YouVersion Logo
Search Icon

១ យ៉ូហាន 2

2
ព្រះ‌គ្រិស្ត​ជា​ទី​ពឹង​របស់​យើង
1ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការពារ មួយ​ព្រះអង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ​គ្រិស្ត​ដ៏​សុចរិត។ 2ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។
បទ‌បញ្ជា​ថ្មីៈ ត្រូវ​ស្រឡាញ់​គ្នា​ជា​បងប្អូន
3ប្រសិន​បើ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់ ព្រះអង្គ​មែន។ 4អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ» តែ​មិន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។ 5រីឯ​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះអង្គ​ដោយ​សេចក្ដី​នេះ 6គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះអង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះ‌អម្ចាស់​ធ្លាប់​រស់​ដែរ។
7 កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​បទ‌បញ្ជា*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​បទ‌បញ្ជា​ចាស់ ជា​បទ‌បញ្ជា​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ បទ‌បញ្ជា*​ចាស់​នេះ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។ 8យ៉ាង​ណា‌មិញ បទ‌បញ្ជា​ថ្មី​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ពិត​ជា​ថ្មី​ក្នុង​អង្គ​ព្រះ‌គ្រិស្ត* និង​ក្នុង​អ្នក​រាល់​គ្នា ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។
9អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ 10អ្នក​ណា​ស្រឡាញ់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។ 11រីឯ​អ្នក​ណា​ស្អប់​បងប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។
12ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា ព្រះ‌ជា‌ម្ចាស់​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ។ 13ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។
14ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌បិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។
15កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ 16អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ត​លោភ‌លន់​របស់​មនុស្ស ចិត្ត​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​ព្រះ‌បិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។ 17លោកីយ៍​នេះ​កំពុង​តែ​រសាត់​បាត់​ទៅ ហើយ​ចិត្ត​លោភ‌លន់​របស់​មនុស្ស​លោក​ក៏​កំពុង​តែ​រសាត់​បាត់​ទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ នឹង​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​អស់‌កល្ប​ជានិច្ច។
អ្នក​ប្រឆាំង​ព្រះ‌គ្រិស្ត
18ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ​ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះ‌គ្រិស្ត​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។ 19អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។
20រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ​ដ៏វិសុទ្ធ*​បាន​ចាក់​ប្រេង ​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ 21ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។ 22តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូ ថា​ជា​ព្រះ‌គ្រិស្ត*​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់ ទាំង​ព្រះ‌បិតា ទាំង​ព្រះ‌បុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត។ 23អ្នក​ណា​មិន​ទទួល​ស្គាល់​ព្រះ‌បុត្រា អ្នក​នោះ​ក៏​គ្មាន​ព្រះ‌បិតា​គង់​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ‌បុត្រា ទើប​មាន​ព្រះ‌បិតា​គង់​ជា​មួយ។
24ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌បុត្រា និង​ព្រះ‌បិតា​ដែរ។ 25រីឯ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ព្រះអង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​មក​យើង។ 26ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ស្ដី​អំពី​ពួក​អ្នក ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ 27ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ព្រះអង្គ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​ព្រះ‌វិញ្ញាណ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ព្រះអង្គ​មិន​កុហក​ទេ ព្រះអង្គ​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌គ្រិស្ត*​ដូច​ព្រះ‌វិញ្ញាណ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។
28ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌យេស៊ូ​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះអង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឡើយ។ 29អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះអង្គ​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​ព្រះអង្គ​ទាំង​អស់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in